CAMBO REPORT

Popup Advertising5 seconds

SD Card ទំហំផ្ទុក 1TB បាន​ដាក់​ចេញ​លក់​លើ​ទីផ្សារ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើសិនជាប្រិយមិត្តអ្នកអាន ជាអ្នកចូលចិត្តថតរូប ក្នុងគម្រិតគុណភាពខ្ពស់ ក៏ប៉ុន្ដែមានការធុញទ្រាន់ ក្នុងការផ្លាស់ប្ដូរ SD Card ឬក៏​នៅពេលដែលលោតសញ្ញាថា Memory ពេញម្ដងៗ ដោយពេលនេះ មានក្រុមហ៊ុនមួយមកពីសហរដ្ឋអាមេរិក មានឈ្មោះថា Lexar ទើប​តែបានដាក់លក់ SD Card ថ្មីរបស់ខ្លួនទៅលើទីផ្សារ ដែលមានទំហំផ្ទុកដល់ទៅ 1TB ឯណោះ។ ពិតមែនហើយ នាពេល​ឥឡូវ​នេះ អ្នកអាចជាវ SD Card ទំហំផ្ទុកដល់ទៅ 1TB ដូច្នេះវាអាចធ្វើឲ្យអ្នកថតរូបជំនាញ កាន់តែមានភាពងាយស្រួល មួយ​កម្រិត​ទៀត​ផង​ដែរ។

ក្រុមហ៊ុន Lexar បានដាក់ឈ្មោះឲ្យ SD Card ទំហំផ្ទុក 1TB នេះថា The Professional 633x SDXC UHS-I ហើយវាត្រូវបាន​ដាក់​បង្ហាញ នៅក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2019 នេះ ដោយទំហំប៉ុននឹង គឺអាចឲ្យអ្នកគ្រប់គ្រាន់ ក្នុងការផ្ទុកវីដេអូបានដល់ទៅ 500 ម៉ោង​ឯណោះ។ ក្រុមហ៊ុន Lexar ក៏បានបង្ហាញប្រាប់ថា SD Card ថ្មីនេះ គឺបង្កើតឡើងជាពិសេស សម្រាប់កាមេរ៉ាប្រភេទ DSLRs, ម៉ាស៊ីនថតវីដេអូ HD ឬក៏កាមេរ៉ា 3D ជាដើម ដោយវាមានសមត្ថភាពចាប់យកវីដេអូបានពីកម្រិត 1080p Full-HD, 3D និងដល់ទៅ​កម្រិត 4K នៅក្នុងល្បឿនបញ្ជូន(Transfer Speed) រហូតដល់ 95MB ក្នុងមួយវិនាទី។

 

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកដំបូងនោះឡើយ ដែលមានក្រុមហ៊ុនដាក់បង្ហាញ SD Card ទំហំផ្ទុក 1TB ដូចនេះ ដោយ​កាល​ពីប៉ុន្មានឆ្នាំមុន ក្រុមហ៊ុន SanDisk ដែលជាក្រុមហ៊ុនមានឈ្មោះល្បីល្បាញ ពីការផលិត Flash និង Memory Card ក៏បានដាក់បង្ហាញ SD Card ដែលមានទំហំផ្ទុក 1TB មួយដែរ ក៏ប៉ុន្ដែជាគ្រាន់តែជា វត្ថុសាកល្បងប៉ុណ្ណោះ (Prototype) ហើយមិន​បាន​ឃើញ​ចេញលក់ លើទីផ្សារនោះឡើយ។ ចំណែកឯ SD Card ទំហំផ្ទុក 1TB  របស់ក្រុមហ៊ុន Lexar នេះ គឺមានកំណត់តម្លៃ​ត្រឹម $500 ដុល្លារអាមេរិក ដែលតម្លៃនេះគឺស្ថិតនៅក្នុងកម្រិតខ្ពស់មួយដែរ ដូច្នេះអាចធ្វើឲ្យអ្នកទាំងអស់គ្នាពិបាក ក្នុងការសម្រេច​ចិត្ត​ទិញ​បន្ដិច។

សរុបមក SD Card ដែលមានទំហំផ្ទុកដល់ទៅ 1TB នេះ គឺប្រាកដជាមិនមែនសម្រាប់ អ្នកប្រើប្រាស់ទូទៅនោះឡើយ ក៏ប៉ុន្ដែបើសិន​ជា​អ្នក គឺជាអ្នកថតរូបភាព ឬវីដេអូជំនាញ ហើយចូលចិត្តថតក្នុងកម្រិត 4K ច្រើន ដូច្នេះ SD Card មួយនេះ នឹងសាកសម​សម្រាប់​អ្នក​ផង​ដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ