CAMBO REPORT

Popup Advertising5 seconds

Razer បញ្ចេញ Monitor សម្រាប់​​លេង​ហ្គេម​ដំបូង​គេ​រ​បស់​ខ្លួន ដែលបំពាក់​មក​ជាមួយ​មុខងារ​ពិសេស​ជាច្រើន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឆ្នាំ 2019 ក្រុមហ៊ុន Razer បានឈានជើងមួយកម្រិតទៀតហើយចូលក្នុងទីផ្សារកុំព្យូទ័រ ដោយក្រៅពីផលិតម៉ាស៊ីន Laptop លក់ និងផលិតផលនានាសម្រាប់ Gamers រួច ក្រុមហ៊ុន Razer បានសម្រេចចិត្តផលិតម៉ូនីទ័រលក់មួយទៀត ដែលវាត្រូវបាន​ប្រកាស​ចេញ​ជា​ផ្លូវការក្នុងព្រឹត្តិការណ៍ CES ឆ្នាំ 2019 នេះក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។ Gaming Monitor នេះមានឈ្មោះ​ហៅ​ជាផ្លូវ​ការថា Raptor បង្កើតឡើងយ៉ាងពិសេសសម្រាប់ការលេងហ្គេម ហើយវាក៏អាចប្រើការទៅការងារការិយាល័យបានផងដែរ ដោយអមមកជាមួយភ្លើង RGB បញ្ចេញពណ៌ស្រស់នៅជើងទម្រខាងក្រោម ដូចក្នុងរូបភាពបង្ហាញ។

Razer Raptor ប្រើប្រាស់អេក្រង់ IPS Panel សម្រាប់បង្ហាញរូបភាពក្នុងទំហំ 27 អ៊ីញ (Widescreen) មានល្បឿន Refresh Rate @144Hz និង Responds Time 1ms ធ្វើឲ្យការលេងហ្គេមនៅលើអេក្រង់នេះបានរលូនល្អ ពិសេសសម្រាប់​អ្នក​លេង​ហ្គេម​មាន​ល្បឿន fps ខ្ពស់ ម្យ៉ាងវាក៏មានមុខងារ FreeSync ដែរ ដែលកាត់បន្ថយនូវបញ្ហា Tearing បានប្រសើរសម្រាប់ម្ចាស់ក្រាហ្វិចកាត AMD។ Raptor មានសមត្ថភាពបង្ហាញរូបភាពក្នុងកម្រិត 2K ឬ 2560 x 1440p មានកម្រិតពន្លឺជះបាន 420nit ដែលមិនសូវជាល្អ​ប៉ុន្មាន​នោះទេសម្រាប់អ្នកលេងហ្គេម នៅទីតាំងដែលមានពន្លឺជះខ្លាំង តែបើលេងនៅក្នុងបន្ទប់ងងឹត ឬមានពន្លឺល្មមនោះ ម៉ូនីទ័រនេះ​នឹង​ក្លាយជាឧបករណ៍បញ្ចេញភ្លើងពណ៌កប់ស៊េរីរបស់អ្នក ដែលអាចកំណត់ពណ៌តាមកម្មវិធី Razer Synapse តាមការស្រលាញ់​របស់អ្នក។

Raptor ត្រូវបានបង្កើតឡើងសម្រាប់ភាពងាយស្រួល បង់អេក្រង់ទៅក្រោយបាន 178 ឌឺក្រេ និងលើកកម្ពស់បានក្នុងកម្រិតមុំ 90 ឌឺក្រេ ផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងរន្ធ I/O ពិសេស Razer បានភ្ជាប់មករួចជាស្រេចនូវខ្សែ (Cable) ពណ៌​បៃតង ដែលត្រូវបានកែច្នៃដោយខ្លួនឯងភ្ជាប់ទៅនឹងតួម៉ាស៊ីនរបស់ម៉ូនីទ័រ ដែលរត់បង្កប់ ធ្វើឲ្យទីតាំងប្រើប្រាស់មិនរញ៉េរញ៉ៃច្រើន ថែមទាំងមានភាពទាក់ទាញម្យ៉ាង ដែលយើងមិនធ្លាប់បានឃើញនៅលើ Gaming Monitor ដទៃផ្សេងៗទៀត។ សម្រាប់រន្ធ I/O រួមមានដូចជា៖

 

•    HDMI 2.0 x 1

•    DisplayPort 1.4 x 1

•    USB ប្រភេទ C x 1 (ដើរតួជារន្ធអគ្គីសនី)

•    USB ប្រភេទ A ជា USB 3.1 x 2

 

 

សម្រាប់ការមកដល់ក្នុងទីផ្សារនៃ Razer Raptor នៅមិនទាន់ប្រកាសឲ្យដឹងជាផ្លូវការនៅឡើយទេ ដោយក្រុមហ៊ុនគ្រាន់តែ​ប្រាប់​ឲ្យ​ដឹង​ថា វានឹងចេញមុខក្នុងទីផ្សារក្នុងឆ្នាំ 2019 នេះតែម្ដង ដោយតម្លៃក្នុងទីផ្សារអន្តរជាតិគឺ USD 699.99 ដែលអ្នកនឹងទទួលបាន​ម៉ូនីទ័រមួយ និងខ្សែមួយឈុតមកជាមួយ។ ដូច្នេះតើប្រិយមិត្តគិតយ៉ាងណាដែរសម្រាប់ Gaming Monitor ទំហំ 27 អ៊ីញ ល្បឿន 144Hz 1ms កម្រិត 2K មានតម្លៃ USD 700 មួយនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Razer Tag: កុំព្យូទ័រ