CAMBO REPORT

Popup Advertising5 seconds

មុខងារ G-Sync នឹង​អាច​ប្រើ​ជាមួយ​ម៉ូនីទ័រ FreeSync បាន​ហើយ​ប្រិយមិត្ត nVIDIA!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អ្នកលេងហ្គេមប្រាកដជាស្គាល់អំពីមុខងារទាំងពីរនេះ ច្បាស់ដូចថ្ងៃអញ្ចឹង ដោយ nVIDIA មានមុខងារ G-Sync ចំនែក AMD មានមុខងារ FreeSync សុទ្ធសឹងជាមុខងារក្រាហ្វិច ដែលរួមចំនែកយ៉ាងធំ សម្រាប់ការលេងហ្គេម ពិសេសហ្គេម ដែលមានសកម្មភាពលឿនៗ ដូចជាហ្គេមបាញ់គ្នាជាដើម ។ល។ មុខងារទាំងពីរនេះ ដើរតួដូចគ្នា ក្នុងការកាត់បន្ថយបញ្ហា Tearing នៅពេលលេងហ្គេម តែវាប្រើប្រាស់បច្ចេកវិទ្យាផ្ទុយពីគ្នា ជាហេតុធ្វើឲ្យមុខងារ FreeSync មានតម្លៃធូរថ្លៃជាង G-Sync របស់ nVIDIA ដោយក្នុងទីផ្សារជាក់ស្ដែង Gaming Monitor ដែលប្រើប្រាស់មុខងារ FreeSync គឺមានតម្លៃធូរថ្លៃជាង Gaming Monitor ដែលមានមុខងារ G-Sync។ ដូច្នេះហើយម្ចាស់ក្រាហ្វិចកាត nVIDIA គឺត្រូវចំនាយប្រាក់ច្រើនបន្តិច រីឯអ្នកប្រើក្រាហ្វិចកាត AMD អាចសល់លុយខ្លះ ទុកទិញហ្គេម Online លេង។

មកដល់ឆ្នាំ 2019 នេះ គឺជារឿងធំ ជារឿងមួយដែល Gamer ទន្ទឹមរង់ចាំជាយូរ ហើយក៏ជាពេលដែលត្រូវរីកមុខ ដូចគ្រាប់ជីដែរ ព្រោះថា nVIDIA បានកំពុងធ្វើការ លើគម្រោងនាំយកក្រាហ្វិចកាត nVIDIA អាចយកទៅប្រើប្រាស់ ជាមួយនឹងម៉ូនីទ័រ ដែលមានមុខងារ FreeSync បានជាផ្លូវការ ដោយពុំចាំបាច់មានផ្នែករឹង បន្ទាប់បន្សំនោះឡើយ។ យោងតាមការប្រកាសរបស់ CEO របស់ nVIDIA លោក Jensen Huang បានលើកឡើង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ nVIDIA នាព្រឹត្តិការណ៍ CES 2019 ថា៖

 

“យើងបានធ្វើតេស្ដម៉ូនីទ័រ ដែលមានមុខងារ FreeSync ជាង 400 គ្រឿង ហើយក្នុងនោះមានចំនួន 12 គ្រឿង បានទទួលជោគជ័យ ហើយយើងនឹងបន្ត ធ្វើតេស្ដលើម៉ូនីទ័រហ្គេម ជាច្រើនផ្សេងទៀត បើពួកវាជោគជ័យ យើងនឹងផ្ដល់ការទទួលស្គាល់ជូន ហើយផ្នែក Software របស់យើង នឹងជម្រុញបន្ថែមកាន់តែប្រសើរឡើង ឲ្យអតិថិជនរបស់ nVIDIA ទាំងអស់ រីករាយក្នុងការប្រើប្រាស់លេងហ្គេម ដូចទៅនឹងពួកគេបានទិញ ម៉ូនីទ័រហ្គេម ដែលមានមុខងារ G-Sync ស្រាប់អញ្ចឹង”។

 

 

ដូច្នេះការនាំមុខងារ G-Sync ឲ្យប្រើនៅលើម៉ូនីទ័រ ដែលមាន FreeSync ឬនិយាយ ឲ្យងាយស្រួលយល់នោះ គឺក្រាហ្វិចកាតរបស់ nVIDIA នឹងអាចរត់មុខងារ FreeSync បាន គឺនៅមានកម្រិត នៅឡើយទេ ដោយបច្ចុប្បន្ននេះ មានតែម៉ូនីទ័រស៊េរីថ្មីចំនួន 12 ម៉ូឌែលប៉ុណ្ណោះ រួមមានដូចជា៖

 

• Acer XFA240

• Acer XZ321Q

• Acer XG27HU

• Acer XV273K

• ASUS MG278Q

• ASUS XG258

• ASUS XG248

• ASUS VG278Q

• ASUS VG258Q

• AOC G2590FX

• AOC Agon AG241QG4

• BenQ XL2740

ទាំង 12 ម៉ូឌែលខាងលើនេះ អាចរត់ជាមួយក្រាហ្វិចកាតរបស់ nVIDIA បាន តាមរយៈឌុយ DispalyPort 1.4 ដោយតម្រូវឲ្យមាន Driver ជំនាន់ថ្មី ដោយក្រុមហ៊ុន nVIDIA នឹងបញ្ចេញកំណែ Update ធំមួយនេះនៅថ្ងៃទី 15 ខែមករាឆ្នាំ ២០១៩ ខាងមុខនេះហើយ ក្នុងការនាំយកនូវមុខងារនេះ ទៅកាន់ Gamer ទូទាំងពិភពលោក។ សម្រាប់ប្រិយមិត្ត ដែលមានម៉ូនីទ័រមាន FreeSync ហើយចង់ដឹងថា អាចប្រើជាមួយក្រាហ្វិចកាតរបស់ nVIDIA បានឬក៏អត់នោះ គឺត្រូវរង់ចាំមើលការ ធ្វើតេស្ដជាក់ស្ដែងជាមុនសិន តែភាគរយគឺតិចបំផុត ព្រោះតេស្ដ 400 ម៉ូឌែល ចាប់បានតែ 12 ប៉ុណ្ណោះ តែក៏សង្ឃឹមថាក្រុមការងារ nVIDIA នឹងមានវិធីសាស្ត្រថ្មី ដើម្បីកែប្រែបន្ថែម ដើម្បីអនុញ្ញាតឲ្យក្រាហ្វិច nVIDIA រត់នៅលើម៉ូនីទ័រ FreeSync បានកាន់តែ ច្រើនឡើង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩
ប្រភព: nVIDIA Tag: កុំព្យូទ័រ