CAMBO REPORT

Popup Advertising5 seconds

Samsung បញ្ចេញ​ឈីប Exynos Auto V9 ថ្មី សម្រាប់​ប្រើ​ជា​ខួរ​ក្បាល​គ្រប់​គ្រង​​ព័ត៌មាន​​កំសាន្ត​រ​បស់​​រថយន្ត Audi

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញនេះក្រុមហ៊ុនយក្ស Samsung បានប្រកាសចេញជាផ្លូវការនូវបន្ទះឈីបជំនាន់ដំបូងគេរបស់ខ្លួន ជាខួរក្បាលថ្មី ដែល​មិន​មែនសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន ឬថេប្លេតនោះទេ តែវាគឺជាកិច្ចសហការណ៍រវាងក្រុមហ៊ុនផលិតរថយន្ត Audi ក្នុង​ការ​នាំ​យក​ឈីបវ័យឆ្លាតថ្មីនេះ ដើម្បីយកទៅប្រើប្រាស់ ក្នុងការគ្រប់គ្រងព័ត៌មានកំសាន្តក្នុងរថយន្តម៉ាក Audi ជំនាន់ថ្មីៗ ដែលត្រៀម​នឹង​កើត​មាន​ឡើង​ឆាប់ៗខាងមុខនេះតែម្ដង។

បើយោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថា Exynos Auto V9 គឺជាខួរក្បាលល្បឿនលឿនជំនាន់ថ្មី មានទំហំ 8 ណាណូម៉ែត្រ​​ប៉ុណ្ណោះ ដោយមាន CPU 8 Cores បង្កើតឡើងតាម ARM Cortex-A76 មានល្បឿនសរុប 2.1GHz សម្រាប់​វិស្ស័យ​រថយន្ត ដែលជា​តម្រូវ​ការនៃទីផ្សារថយន្តសម័យថ្មី ធ្វើឲ្យការប្រើប្រាស់កាន់តែទំនើបជាងមុនថែមមួយកម្រិតទៀត។ ជាក់ស្ដែង​បើ​យោង​តាមការអះអាងរបស់ Samsung បានឲ្យដឹងថា Exynos Auto V9 ត្រូវបាន​បង្កើតឡើង​សម្រាប់​គ្រប់គ្រង​ទាំង​ស្រុង​ទៅ​លើ​ប្រព័ន្ធ​ព័ត៌មាន​កំសាន្តទំនើបៗ និងចុង​ក្រោយ​គេបង្អស់ ដែលវាមានសមត្ថភាពក្នុងការបង្ហាញនូវ Contents នៅ​លើអេក្រង់​បាន​ច្រើន​ផ្នែក ពិសេសទទួលបានបទពិសោធន៍​ប្រើប្រាស់​រហ័ស និងមានសុវត្ថិភាព អាចធ្វើការងារច្រើនមុខក្នុងពេលតែមួយ ជាមួយនឹងការ​បង្ហាញ​ក្រាហ្វិចបានតាមតម្រូវការ ដោយប្រើប្រាស់ GPU Mali G76។

មិនតែប៉ុណ្ណោះ Exynos Auto V9 អាចធ្វើការគ្រប់គ្រងអេក្រង់បាន 6 ក្នុងពេលតែមួយ មានន័យថាវាអាចបង្ហាញរូបភាព ឬវីដេអូ ទៅ​កាន់​​អេក្រង់​ជាច្រើន ដែលមានតម្លើងនៅក្នុងរថយន្ត ក៏ដូចជាគ្រប់គ្រងទៅលើកាមេរ៉ាបានដល់ទៅ 12 គ្រាប់ សម្រាប់បង្ហាញ ឬមើលទៅ​លើ​សុវត្ថិភាព​​​មុខក្រោយ សងខាងជាដើម ។ល។ ដោយនិយាយឲ្យខ្លីទៅ វាគឺជាខួរក្បាលម៉ាស៊ីនគ្រប់គ្រងផ្នែកព័ត៌មាន​នៃ​រថយន្ត​ទាំង​មូល​ ដែល​នឹង​ជម្រុញបន្ថែមទៅដល់ការវិវឌ្ឍន៍ខ្លួននៃរថយន្តទំនើបៗ ឲ្យមានប្រព័ន្ធបញ្ជាកាន់តែប្រសើរជាងមុន និងជាដៃគូប្រកួត​ប្រជែង​ធំ​មួយជាមួយ​ក្រុមហ៊ុន​ផលិត​ឈីប ប្រហាក់ប្រហែល ហើយបើឈីបនេះទទួលបានជោគជ័យ Samsung នឹង​បន្ត​ផ្គត់​ផ្គង់​ទៅ​ដល់​ក្រុមហ៊ុន​​ផ្សេងៗ​​ទៀត​ជា​ច្រើន តែសម្រាប់ក្ដារដំបូងមួយនេះគឺសម្រាប់តែ Audi សិនតែប៉ុណ្ណោះ ដោយរថយន្តដំបូងគេ ដែលនឹង​ប្រើប្រាស់ Exynos Auto V9 អាច​នឹង​បង្ហាញខ្លួននៅចុងឆ្នាំ 2020 ឬដើមឆ្នាំ 2021 ខាងមុខ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩
ប្រភព: SamMobile Tag: យានយន្ត