CAMBO REPORT

Popup Advertising5 seconds

យាន​អាវកាស​ចិន Chang'e 4 បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ និង​មុន​ដំបូង​គេ​បង្អស់ លើ​ផ្ទៃ​មួយ​ចំហៀង​ទៀត​នៃ​ព្រះច័ន្ទ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទីបំផុត នៅវេលាម៉ោង 10:26 នាទី នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីភ្នាក់ងារអាវកាសជាតិចិន បានបញ្ជាយានអាវកាស ឆាងអឺ 4 (Chang'e 4) ទៅធ្វើការចុះចត ដោយជោគជ័យហើយ នៅលើផ្ទៃមួយ ចំហៀងទៀត (Dark side ឬ Far side) នៃព្រះច័ន្ទ ដែលពុំធ្លាប់មានយាន ឬមនុស្សបានចុះទៅស្រាវជ្រាវ ទៅដល់នោះឡើយ។ វាត្រូវបានចាត់ទុកថា ជាជោគជ័យធំមួយនៃ វិស័យអាវកាសចិន សម្រាប់ការបើកទំព័រ នៅក្នុងឆ្នាំថ្មី 2019 នេះ។ 

សម្រាប់ការបញ្ជូនយានអាវកាស Chang'e 4 ដែលបានរួមមកជាមួយយាន Lander មួយគ្រឿង (ជាយាននៅមួយកន្លែង) និងយាន Rover មួយគ្រឿង (ជាយានមានកង់អាចចល័តបាន ចេញពីយាន Lander)។ ចំពោះការមកដល់នេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្វើការសិក្សា ស្រាវជ្រាវពីសមាសធាតុរ៉ែ និងសណ្ឋានផ្ទៃដី នៃឋានព្រះច័ន្ទ នៅលើតំបន់ ដែលពុំធ្លាប់មានការរុករក ពីមុនមក ហើយវាក៏នឹងជាជំហ៊ាន នៃគន្លឹះយ៉ាងសំខាន់ ដើម្បីឆ្ពោះទៅរកការ បកស្រាយអាថ៌កំបាំងផ្សេងៗ នៅក្នុងតំបន់នោះ។ បើងាកត្រលប់ថយក្រោយបន្តិចវិញ មុននឹងទទួលបានការចុះចត ដោយជោគជ័យនេះ គឺថាយាន Chang'e 4 នេះ ត្រូវបានបញ្ជូនចេញ ពីផែនដីកាលពីជិត 1 ខែមុន នៅថ្ងៃទី 08 ខែធ្នូ ឆ្នាំ 2018 ហើយវាបានទៅដល់ គន្លងគោចរជុំវិញព្រះច័ន្ទ កាលពីអំឡុងជាង 1 សប្តាហ៍មុន។

សូមបញ្ជាក់ថា ប្រទេសចិនមានមហិច្ឆតា ដើម្បីធ្វើការស្រាវជ្រាវ ទ្រង់ទ្រាយធំលើព្រះច័ន្ទ និងបង្កើតស្ថានីយ៍ផ្ទាល់ខ្លួន នៅលើនោះផងដែរ ខណៈសហរដ្ឋអាមេរិក ក៏កំពុងបោះជំហ៊ានធំ ក្នុងស្រាវជ្រាវបន្ថែមនៅឋានព្រះច័ន្ទដូចគ្នា ដើម្បីធ្វើជាឈ្នាន់ បោះពួយទៅភពអង្គារ។ យ៉ាងណា សម្រាប់យើងដែលរស់នៅក្នុងភពផែនដី តែមួយដូចគ្នានេះ ក៏ចូលរូមសាទរផងដែរ សម្រាប់ការខិតខំព្យាយាម រហូតទទួលបានភាពជោគជ័យ ក្នុងប្រវត្តិសាស្រ្តមួយនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៩
ប្រភព: CNet Tag: វិទ្យាសាស្ត្រ