CAMBO REPORT

Popup Advertising5 seconds

កម្មវិធី Messenger កំពុង​សាក​ល្បង​មុខងារ Dark Mode ជាលើក​ដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីប៉ុន្មានខែមុន ហ្វេសប៊ុកបានដាក់សាកល្បង កែប្រែការរចនាបថ កម្មវិធី Messenger របស់ខ្លួនទៅឲ្យអ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​តូច​។ នាពេលថ្មីៗនេះ ក៏មានអ្នកប្រើប្រាស់មួយចំនួន ទទួលបានមុខងារ Dark Mode ដែលធ្វើឲ្យ UI ទាំងមូលប្ដូរពណ៌ទៅជា ពណ៌​ខ្មៅ ដើម្បីតម្រូវចិត្តអ្នកប្រើប្រាស់ ហើយថែមទាំងអាចជួយសន្សំថ្ម ស្មាតហ្វូនប្រើប្រាស់ដោយអេក្រង់ OLED ផងដែរ។

បើយោងទៅតាម អ្នកជំនាញផ្នែកខាង កម្មវិធីបណ្ដាញសង្គម ល្បីឈ្មោះ Jane Manchun Wong បានបង្ហោះក្នុងគណនី Twitter ឲ្យដឹងថា ហ្វេសប៊ុកកំពុងតែ ចាប់ផ្ដើមដាក់សាកល្បង មុខងារ Dark Mode ក៏ប៉ុន្ដែមានតែនៅក្នុង ប្រទេសមួយចំនួនប៉ុណ្ណោះ ហើយ​​នៅមិនទាន់ធ្វើការ បានពេញលេញនោះទេ។ សម្រាប់នាពេលនេះ យើងមិនទាន់ដឹងថាប្រទេសណាខ្លះ ដែលនឹងទទួលបាន ការ​អាប់ដេត​ថ្មីនេះឡើយ ដោយគ្រាន់តែប្រហែលជា ក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះ។ បើសិនជាមិត្តអ្នកអាន បានទទួលអាប់ដេតថ្មីនេះ អ្នកទាំង​អស់​​អាចសាកល្បង ចូលបើកមុខងារ Dark Mode នៅក្នុងផ្នែក “Me” ហើយកន្លែងសម្រាប់ បិទបើក មុខងារ Dark Mode នឹង​បង្ហាញ​ចេញ​មកសម្រាប់អ្នកផងដែរ។ ចំណែកឯ ផលប្រយោជន៍ និងមូលហេតុដែលកម្មវិធីថ្មីៗ តែតែងដាក់បន្ថែមមុខងារ Dark Mode នោះគឺមកពី នៅពេលផ្ទៃខាងក្រោយ មានពណ៌ខ្មៅ ភ្នែករបស់អ្នកប្រើប្រាស់ទាំងអស់ មិនព្យាយាមមើលអេក្រង់ខ្លាំង បើ​ប្រៀបធៀប​ទៅនឹងផ្ទៃពណ៌ស ហើយបើសិនជាស្មាតហ្វូនរបស់អ្នក បំពាក់ដោយអេក្រង់ OLED ដូច្នេះមុខងារនេះ ក៏អាចជួយ​សន្សំថ្ម​បាន​បន្ដិច​ថែមទៀតផង។

សរុបមក មុខងារ Dark Mode ក្នុងកម្មវិធី Messenger កំពុងស្ថិតក្នុង ដំណាក់កាលកាលសាកល្បង ពីក្រុមការងាររបស់ ហ្វេសប៊ុក ហើយនាពេលអនាគត មុខងារនេះ នឹងមាននៅលើអ្នកប្រើប្រាស់ Messenger ទាំងអស់គ្នា ក៏ប៉ុន្ដែមិនទាន់មាន អ្នកបានដឹង​ថា​ពេល​ណា ឲ្យប្រាកដនៅឡើយនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម