CAMBO REPORT

Popup Advertising5 seconds

ចំណុចទាំង 9 ដែល​ធ្វើ​ឲ្យ​ជំនួយ​ការ Google Assistant ពិត​ជា​មាន​សារៈប្រយោជន៍!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អ្នកទាំងអស់គ្នា ប្រាកដជាស្គាល់ ជំនួយការឌីជីថល របស់ក្រុមហ៊ុន Google ដែលហៅថា Google Assistant ដែល​វា​អាច​ធ្វើ​ការ​បាន ដូច​ទៅ​នឹង Siri របស់ក្រុមហ៊ុន Apple និង Alexa របស់ក្រុមហ៊ុន Amazon ដែរ។ ទោះបីជាអ្នកទាំងអស់គ្នា មិនសូវបាន​ប្រើប្រាស់ ឬមិនដែរបានសាកល្បងប្រើ Google Assistant នោះទេ ជំនួយការឌីជីថល របស់ក្រុមហ៊ុន Google មួយនេះ មានភាព​ឆ្លាតវៃ និងអ្នកជួយអ្នកបាន ក្នុងស្ថានភាពមួយចំនួន ដូច្នេះខាងក្រោមនេះ ជាគឺជាមុខងារទាំង 9 ដែលអាចបញ្ជា ឬប្រើ Google Assistant ឲ្យធ្វើបាន។

 

***អ្វីៗ ដែល Google Assistant អាចធ្វើបាន ដែលអ្នកប្រហែលជាមិនដឹងពីមុនមក៖

 

1. រកផ្លូវទៅផ្ទះរបស់អ្នក (ហើយពិនិត្យមើលស្ថានភាពចរាចរណ៍)

 

ដោយជាដំបូង អ្នកត្រូវកំណត់ទីតាំងណាមួយ ដែលជាផ្ទះរបស់អ្នក ក្នុងកម្មវិធី Google Map បន្ទាប់មក គ្រាន់តែអ្នកនិយាយថា “Get me home”  ដូច្នេះ Google Assistant នឹងប្រើប្រាស់ Google Maps ដើម្បីកំណត់គោលដៅចាប់ពីកន្លែង ដែលអ្នកកំពុងស្ថិតនៅ ទៅដល់ផ្លូវផ្ទះរបស់អ្នកតែម្ដង (ហើយ Google Assistant ក៏អាចប្រាប់អ្នកផងដែរ ថាផ្លូវណាដែលកំពុងស្ទះចរាចរណ៍ផងដែរ)។

 

2. បន្ថែមបញ្ជីទិញទំនិញរបស់អ្នក ដោយប្រើប្រាស់សម្លេង

 

ចំណុចនេះ តម្រូវឲ្យអ្នកនិយាយជាភាសាអង់គ្លេស ពីព្រោះ Google Assistant នៅមិនទាន់អាច ទទួលបានភាសាខ្មែរយើងនៅ​ឡើយ​ទេ។ ឧទាហរណ៍៖ បើសិនជាអ្នកនិយាយថា “Add Red Bull to my shopping list” ដូច្នេះទឹក Red Bull ត្រូវបានដាក់បន្ថែម ក្នុងបញ្ជីទិញទំនិញរបស់អ្នកតែម្ដង។

 

3. ស្តាប់អំពីពត៌មានថ្មីៗ

 

នៅពេលដែលអ្នកនិយាយថា “Play the news” ពេលនោះ Google Assistant នឹងអានពត៌មានថ្មីៗជូនអ្នកទាំងអស់គ្នា ក៏ប៉ុន្ដែ ដូច​ជា​ចំណុចពី 2 អញ្ចឹងដែរ ដោយសម្រាប់ពត៌មានទាំងនោះ គឺពត៌មានជាភាសាអង់គ្លេស ដោយភាសាខ្មែរនៅមិន​ទាន់អាចប្រើប្រាស់​ជាមួយ Google Assistant បាននៅឡើយ។

 

4. គ្រប់គ្រងឧបករណ៍ផ្ទះរបស់អ្នក (Smart Home)

 

អ្នកទាំងអស់គ្នា អាចភ្ជាប់ឧបរកណ៍វៃឆ្លាត ដូចជា អំពូលពន្លឺ ទៅកាន់ Google Assistant ដោយចុចរូបតំណាងម៉ឺនុយនៅខាងលើ ជ្រុងខាងស្តាំ ហើយជ្រើសរើសពាក្យ Setting ហើយបន្ទាប់មក អ្នកក៏អាចបញ្ជា បិទបើកអំពូលពន្លឺ ដោយគ្រាន់តែ និយាយប្រាប់ Google Assistant តែប៉ុណ្ណោះ។

 

5. បម្លែងលុយ, ការរង្វាស់ និងមុខងារច្រើនទៀត

 

ចាប់ពីការបម្លែងក្រដាសប្រាក់ខ្មែរ ទៅក្រដាសប្រាក់ដុល្លារ ឬ ប្ដូរចំនួនគីឡូមែត្រ ទៅជាម៉ែត្រ ឬក៏គីឡូក្រាម ទៅជាក្រាម អ្នកអាចធ្វើ​បាន​ដោយគ្រាន់តែសួរ Google Assistant បាន ដោយប្រើប្រាស់ភាសាអង់គ្លេស។ លើសពីនេះ អ្នកក៏អាចឲ្យជំនួយការឌីជីថលនេះ បកប្រែភាសា ណាមួយ ដែលអ្នកពេញចិត្តផងដែរ។ ឧទាហរណ៍៖ “What’s the Swedish word for ‘hello’?” ហើយជំនួយការនឹងឆ្លើយតបភ្លាមៗ ជាមួយនឹងចម្លើយដែលត្រឹមត្រូវថា: "Hej!"។

 

6. ដាក់ឲ្យ Google Assistant និយាយទូរសព្ទជំនួសអ្នក!

 

មុខងារមួយនេះ មានតែនៅលើស្មាតហ្វូន Pixel 3 & Pixel 3 XL ប៉ុណ្ណោះ ហើយអ្នកអាចឲ្យជំនួយការ Google Assistant និយាយការហៅរបស់អ្នក ក្នុងការការសន្ទនា ជាភាសាអង់គ្លេសបានផងដែរ។

 

7. មុខងារសម្រាប់ទំនាក់ទំនងជាមួយកម្មវិធី Netflix

 

បើសិនជាអ្នក ជាសមាជិករបស់ Netflix ដូច្នេះអ្នកក៏អាចប្រើប្រាស់ Google Assistant ដើម្បីស្វែងរកភាពយន្ដ ឬបញ្ជា​ឲ្យ​បង្ហាញ​ខ្សែភាពយន្ដ​ណាមួយ ដែលអ្នកចង់ទស្សនា។ ឧទាហរណ៍៖ គ្រាន់តែអ្នកនិយាយថា “Play Mowgli: Legend of the Jungle on Netflix” ដូច្នេះខ្សែភាពយន្ដមួយនេះ នឹងចាប់ផ្ដើមលេងនៅក្នុងកម្មវិធី Netflix ផងដែរ។

 

8. ពិនិត្យមើលការណាត់ជួបនិងអ៊ីមែល (Appointments និង Emails)

 

Google Assistant គឺជាជំនួយការឌីជីថលរបស់ Google ដូច្នេះកម្មវិធី Google ដទៃទៀតក៏អាចដំណើរការជាមួយគ្នាបានដែរ ដូចជា​អ្នកអាចបញ្ជា ឲ្យបើកអ៊ីមែល ដោយនិយាយថា “Open my mail” និងពិនិត្យមើលការណាត់ជួបរបស់អ្នក ក្នុងកម្មវិធីប្រតិទិន លើសពីនេះ អ្នកក៏អាចបន្ថែម កំណត់ចំណាំផ្សេង ទៅកាន់កម្មវិធី Keep ថែមទៀតផង។

 

9. និយាយលេងជាមួយ Google Assistant

 

ប្រាកដណាស់ អ្នកទាំងអស់គ្នា ក៏អាចនិយាយលេងជាមួយ ជំនួយការឌីជីថលបានដែរ ដោយអាចប្រាប់អ្នកអំពីរឿងកំប្លែង ហើយ​ក៏​អាច​រកអ្វីៗ ដែលកំប្លែងៗសម្រាប់អ្នកមើល ក្នុងកម្មវិធី YouTube ផងដែរ (ចំណាំថាអ្នកត្រូវតែនិយាយជាភាសាអង់គ្លេស ក្នុងទំនាក់​ទំនង​ជាមួយ Google Assistant)។

សរុបមក Google Assistant មានចំណុចសំខាន់ៗច្រើន ក្នុងការជួយអ្នកទាំងអស់គ្នា ក្នុងស្ថានភាពណាមួយ បើសិនជាអ្នកមិនចង់​និយាយ អ្នកក៏អាចសរេសរបានដែរ ដោយចុចទៅលើសញ្ញាក្ដារចុច នៅផ្នែកខាងក្រោម ប៉ុន្ដែសម្រាប់នាពេលបច្ចុប្បន្ននេះ ជំនួយការ​ឌីជីថល​មួយនេះ នៅមិនទាន់ចេះភាសាខ្មែរនៅឡើយ ដូច្នេះសម្ឃឹមថា Google នឹងដាក់ភាសាខ្មែរចូលបន្ថែម នៅក្នុងកំណែអាប់ដេត ពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: ចំណេះដឹងទូទៅ