CAMBO REPORT

Popup Advertising5 seconds

AMD ត្រៀមប្រកាស​ចេញ​ផលិត​ជំនាន់​ថ្មីៗ នៅ​ដើម​ខែមករា ខាងមុខនេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ទីផ្សារ CPU របស់ AMD នៅក្នុងទីផ្សារស្រុកខ្មែរយើងបច្ចុប្បន្នឃើញថា នៅតែបន្តមានលក់នូវ Ryzen ជំនាន់ទី 1 និងទី 2 ដដែល ខណៈ​ពេល​ទីផ្សារ​នៅតែបន្តមានតម្រូវការ ព្រោះថាវានៅមានកម្លាំងខ្លាំង សម្រាប់បំពេញការងារ និងមានតម្លៃធូរថ្លៃជាង CPU របស់​ក្រុមហ៊ុន Intel ទៀតផង។ បន្ថែមលើសពីនេះទៅទៀត AMD ក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកនូវផលិតផលជំនាន់​ថ្មីចូលកាន់​ទីផ្សារ​ឆាប់ៗ​ខាងមុខ ហើយក៏នឹងត្រៀមប្រកាសជាផ្លូវការនូវ CPU ត្រកូល Ryzen ជំនាន់ទី 3 ថ្មី នៅខែមករា ដើមឆ្នាំ 2019 ខាង​មុខ​ទៀតផង។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា AMD នឹងប្រារព្ធព្រឹត្តិការណ៍ Keynote របស់ខ្លួននៅឯកម្មវិធី CES 2019 ដោយត្រៀមប្រកាសចេញខួរក្បាលត្រកូល Ryzen តែវាជា 3000 Series ជាជំនាន់ទី 3 នឹងបន្តប្រើប្រាស់ Socket AM4 ដដែល តែវារត់លឿនជាង និងមាន Core ច្រើនជាង ដើម្បីប្រកួតប្រជែងទីផ្សារជាមួយនឹង CPU ជំនាន់ទី 9 ពីក្រុមហ៊ុន Intel។ មិន​តែ​ប៉ុណ្ណោះ AMD ក៏អាចនឹងបញ្ចេញ APU ជំនាន់ថ្មីផងដែរ ដែលជាប្រភេទឈីប CPU បំពាក់មករួចជាស្រេច ជាមួយនឹងក្រាហ្វិច VEGA ជំនាន់ថ្មី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់លេងហ្គេម ឬធ្វើការលើការងារក្រាហ្វិចស្រាលៗបានមួយចំនួន។ ចំនែកឯ GPU វិញ ក៏ត្រៀមនឹងបញ្ចេញនូវក្រាហ្វិចកាតសម្រាប់ទីផ្សារអ្នកប្រើប្រាស់ ជាមួយឈ្មោះថ្មី ទំហំឈីបថ្មីត្រឹម 7nm ជាដៃគូប្រជែងជាមួយនឹង RTX 20 Series របស់ក្រុមហ៊ុន nVIDIA បើទោះបីជាការរំពឹងទុកនៃកម្លាំងក្រាហ្វិចកាតនោះអាចនឹងមិនអាវស៊ីដាច់ nVIDIA ក្ដី តែ​តម្លៃ​អាចនឹងធ្វើឲ្យអ្នកបើកភ្នែកធំៗ ហើយពិចារណាឡើងវិញម្ដងទៀតផងដែរ ព្រោះ AMD ចេញផលិតផលមកលក់ ក្នុងរយៈពេល 2-3 ឆ្នាំចុងក្រោយនេះ គឺថាលក់ធូរថ្លៃជាង Intel និង nVIDIA ច្រើនទាំងទីផ្សារ CPU និង GPU។

សម្រាប់លក្ខណៈសម្បត្តិជាក់ស្ដែងនៃ CPU និង GPU ជំនាន់ថ្មីទាំងនោះ គឺមិនទាន់ច្បាស់ការនៅឡើយទេ ហេតុដូចនេះ អត្ថបទ​ព័ត៌មាន​មួយនេះ គឺគ្រាន់តែប្រាប់ឲ្យប្រិយមិត្ត និយមដេញស៊េរី ឬត្រៀមទិញម៉ាស៊ីនកុំព្យូទ័រយកទៅប្រើប្រាស់ឲ្យ​បាន​ជ្រាបជាដំណឹង​តែ​ប៉ុណ្ណោះ ព្រោះថា ពេលប្រកាសចេញបាន 1-2 ខែ ផលិតផលទាំងនោះ អាចនឹងចាប់ផ្ដើមចេញលក់ពាសពេញទីផ្សារអន្តរជាតិ ហើយ​វា​ក៏នឹងមកដល់ស្រុកខ្មែរ ដែលអ្នកអាចពិចារណាបាន ជុំវិញការជ្រើសរើសផលិផលជំនាន់ថ្មីមកប្រើប្រាស់ កុំឲ្យជុ្រលទិញ​ផលិតផល​ជំនាន់ចាស់! តែយ៉ាងណាក៏ដោយ យើងនឹងរង់ចាំមើលព័ត៌មានបន្ថែមទៀតពី AMD!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: WCCFTECH Tag: កុំព្យូទ័រ