CAMBO REPORT

Popup Advertising5 seconds

iPhone XR ទទួល​បាន​ពិន្ទុ​គួរ​ជា​ទី​គាប់​ចិត្ត​ពី DxOMark ទោះ​កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ក៏​ដោយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទូរសព្ទ iPhone XR ត្រូវបានប្រកាសបង្ហាញវត្តមាន ជាផ្លូវការ តំណាលគ្នាជាមួយម៉ូឌែល iPhone XS & iPhone XS Max ជាមួយ​ម៉ូត​អេក្រង់លាត ថ្ងាសឆក គ្មានប៉ូតុង Home ដូចគ្នា ប៉ុន្តែវាមានលក្ខណៈសម្បត្តិទាបជាង និងមានតម្លៃទាបជាង ផងដែរ ហើយ​លើស​ពីនេះ កាណុង​កាមេរ៉ាខាងក្រោយរបស់វា គឺមានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ មិនមែនជាកាមេរ៉ាភ្លោះឡើយ។ ប៉ុន្តែបើនិយាយ​ពី​សមត្ថភាព​ថតរូបវិញ គឺមិនអន់ទេ ក៏ព្រោះតែ Apple បានធ្វើការបន្ថែម Software ល្អៗ ជាច្រើន មិនអោយចាញ់ iPhone XS & XS Max ដែលកើតមកថ្ងៃជាមួយគ្នា នោះដែរ។

ជាក់ស្តែង ថ្មីៗនេះ ក្រុម DxOMark ដែលជាអ្នកជំនាញក្នុងការធ្វើតេស្ដវាយតម្លៃ និងផ្ដល់ពិន្ទុ សម្រាប់ម៉ាស៊ីនកាមេរ៉ា ក៏ដូចជាកាមេរ៉ា របស់ស្មាតហ្វូននោះ ក៏បានប្រកាសចេញ ជាផ្លូវការហើយ បន្ទាប់ពីខ្លួនបាន ចំនាយពេលមួយរយៈ ក្នុងការសិក្សា និងធ្វើតេស្ដសាក​ល្បង នូវកាមេរ៉ារបស់ iPhone XR រួចមក ដោយជាលទ្ធផលគឺ ស្មាតហ្វូននេះ ទទួលបានពិន្ទុសរុបលោតដល់ 101 ពិន្ទុឯណោះ។ ជុំវិញការដាក់ពិន្ទុខ្ពស់មួយនេះ ក្រុមអ្នកជំនាញរបស់ DxOMark ក៏បានបញ្ជាក់ប្រាប់អំពីសមត្ថភាព ដែលកាមេរ៉ាមួយគ្រាប់​ខាង​ក្រោយ​នេះ អាចធ្វើការបានល្អ ជាពិសេសនៅប្លង់ ដែលមានពន្លឺគ្រប់គ្រាន់។ សម្រាប់សាច់រូបភាព មានកម្រិតម៉ត់ប្រសើរ ឯការចាក់ពណ៌ ក៏​បានត្រឹមត្រូវ មិនបំភ្លៃពណ៌អោយខុសពីការពិតឡើយ។ ចំពោះការចុចផ្តិតរូបភាពទៀតសោត វាអាចធ្វើការបានកាន់តែរហ័ស អាច Focus ចំនុច ឬវត្ថុណាមួយបានលឿន ហើយក្នុងនោះ វាក៏មានមុខងារ HDR សម្រាប់ជួយបង្កើនគុណភាពពណ៌ បានមួយផ្នែកធំដូច iPhone XS និង XS Max អញ្ចឹងដែរ។

សម្រាប់ការថតពេលថ្ងៃ ជាមួយប្លង់នៅក្នុងបន្ទប់ជាប់កញ្ចក់ វាក៏មិនជះពន្លឺអោយឆេះ នៅផ្នែកខាងក្រៅខ្លាំង (Background) នោះដែរ ពេលដែលយើងចុច Focus លើគោលដៅរូប (មនុស្ស) ផ្នែកខាងក្នុង។ ក្នុងប្លង់ពន្លឺទាបខ្លាំង វាមិនមានអ្វីជំនួយច្រើន ដើម្បីបង្កើនពន្លឺ​នោះ​ទេ បើធៀបជាមួយ iPhone XS & XS Max ប៉ុន្តែវានៅតែអាចកំណត់ពណ៌នីមួយៗបាន ចំណែកឯការថតបើក Flash វិញ លើរូប​មនុស្ស វាមិនជះពន្លឺខ្លាំងពេក នោះដែរ។

ងាកចូលមកដល់ ការថតរូប Portrait ឬយើងហៅថាការថតរូបបែបព្រាលនោះ គឺថា iPhone XR អាចធ្វើការបានប្រសើរច្រើន ទាំង​កំណត់​បែងចែករូបភាព ការកាត់ត្រេដើម្បីផ្តាច់ព្រាល ដែលខ្ញុំសុំនិយាយដោយខ្លីទៅ គឺល្អតែម្តង គឺល្អដូចបងប្អូនរបស់វាដែរ ទោះត្រឹម​កាមេរ៉ា​​មួយ​គ្រាប់​ក៏​ដោយ។ យ៉ាងណា បើចំពោះរូបភាពដែល Zoom វិញ វាចាញ់កាមេរ៉ាភ្លោះរបស់ iPhone X, XS និង XS Max ហើយ។

យ៉ាងណា ចំពោះការថតវីដេអូ ក្រុមអ្នកជំនាញ DxOMark បានអោយពិន្ទុសរុប 96 ពិន្ទុ ឯមុខងារថតរូបទទួលបាន 103 ហើយពិន្ទុ​សរុប ទាំង​ការថតរូប និងការថតវីដេអូ iPhone XR អាចលោតបានដល់ 101 ហើយពិន្ទុនេះ ក៏លើពិន្ទុរបស់ Galaxy S9+, Xiaomi Mi 8 និង Pixel 2 ផងដែរ។ ចុះមិត្តអ្នកអាន មានមតិយោបល់ បែបណាដែរ សម្រាប់កាមេរ៉ា iPhone XR នេះ? អាច Comment បង្ហាញអារម្មណ៍របស់អ្នកទាំងអស់គ្នា អោយខេបបូរីផតយើងដឹងបាន!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: DxO Mark Tag: ទូរស័ព្ទ