CAMBO REPORT

Popup Advertising5 seconds

អ្វីៗដែល​អ្នក​ត្រូវ​ដឹង​អំពី​ឈីប CPU នាគ​រាជ Snapdragon 855

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីម្សិលមិញ ខេមបូរីផត បានចេញផ្សាយព័ត៌មានរួចម្ដងហើយ ជុំវិញការប្រកាសចេញជាផ្លូវការនេះកំពូលឈីបជំនាន់ថ្មី សម្រាប់​កំពូល​ស្មាតហ្វូនឆ្នាំ 2019 គឺ Snapdragon 855 តែយ៉ាងណាក៏ដោយ វានៅមិនទាន់បានលាតត្រដាងឲ្យយើងបានដឹងអស់ អំពី​សមត្ថភាពជាក់ស្ដែង របស់កំពូលឈីបនេះនៅឡើយទេ ដូច្នេះបើប្រិយមិត្តចង់ដឹងបន្ថែម ថាតើវាមានអ្វីពិសេសខ្លះនោះ អ្នកមក​ត្រូវ​កន្លែង​ហើយ ដោយយើងនឹងបកស្រាយបន្ថែមទៀតដូចខាងក្រោម។

 

សេវា 5G ចេញជាផ្លូវការ

 

ពិតណាស់ Snapdragon 855 អាចប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន 5G ជាផ្លូវការ តែមិនមែនគ្រប់ស្មាតហ្វូនប្រើប្រាស់​ឈីប​មួយ​នេះ នឹងអាចប្រើប្រាស់សេវា 5G បានទាំងអស់នោះទេ វាអាស្រ័យទៅលើរោងចក្រផលិតទៅតាមទីផ្សារ។ ជាក់ស្ដែង ដើម្បីឲ្យ Snapdragon 855 អាចប្រើសេវា 5G  គឺត្រូវប្រើប្រាស់ជាមួយនឹង Modem X50 ខណៈពេលដែលស្មាតហ្វូនអាចប្រើបានត្រឹមសេវា 4G LTE ប្រើប្រាស់ Modem X24 ជាមួយល្បឿនលឿនបំផុត 2Gbps។

 

ល្បឿន និងការលេងហ្គេម

 

Snapdragon 855 បង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Arm Cortex ជា Architecture Kryo 485 ដែលក្រុមហ៊ុន Qualcomm អះអាងថា វាមានល្បឿនលឿនជាង Snapdragon 845 ដល់ទៅ 45% សម្រាប់ផ្នែក CPU ដោយវាមាន Cores សរុបទាំងអស់ 8 ចែកចេញជា 3 ផ្នែក មិនមែន 2 ផ្នែកដូចជំនាន់មុនឡើយ ដោយផ្នែកនីមួយៗរួមមានដូចជា៖

 

•    Prime Core មានតែ 1 Core ប៉ុណ្ណោះ រត់នៅក្នុងល្បឿនពេញ 2.84GHz (ល្បឿនលើសគេ)

•    Performance Core មាន 3 Cores រត់ក្នុងល្បឿន 2.42GHz (កម្លាំង)

•    Efficiency Cores មាន 4 Cores រត់ក្នុងល្បឿន 1.80GHz (សន្សំសំចៃថ្ម)

 

គ្រាប់ Core ទាំង 8 គ្រាប់ខាងលើមាន L2 cache និងចែករំលែកទៅកាន់ L3 cache ដែលការផ្លាស់ប្ដូរ 3 ផ្នែក និងមាន Cache ថ្មី​បែប​នេះ បានធ្វើឲ្យល្បឿនដំណើរការរបស់ឈីបថ្មីនេះរត់បានរលូនល្អ ថែមទាំងជួយសន្សំសំចៃអគ្គិសនី ទៅលើការប្រើប្រាស់ Core ផ្នែក​មួយ​ណា ឲ្យស៊ីទៅនឹងតម្រូវការប្រើប្រាស់របស់ម្ចាស់។

សម្រាប់ផ្នែកក្រាហ្វិច Qualcomm បានបង្កើនកម្លាំងឲ្យខ្លាំងជាងមុន 20% ទៅលើ GPU Andreno 640 ថ្មី ដែលវាមិនត្រឹម​តែ​អាច​ធ្វើ​ការ Render ក្រាហ្វិចហ្គេមបានរលូនល្អជាងមុនប៉ុណ្ណោះទេ វាក៏អាចប្រើប្រាស់ទៅលើការបង្ហាញជាប្រភេទ File វីដេអូ បែប​ខ្សែភាពយន្ត​ជាប្រភេទ H.265 និង VP9 ក្នុងល្បឿនលឿន ជាមួយនឹងការសន្សំសំចៃថ្មច្រើនជាងមុនដល់ 7 ដង ពិសេសសម្រាប់​ក្រុមហ៊ុ​នផលិតស្មាតហ្វូន ដែលផ្ដោតទៅលើអេក្រង់ HDR ក៏អាចប្រើ Snapdragon 855 ក្នុងការចាក់បញ្ចាំងខ្សែភាពយន្ត​កម្រិត​ច្បាស់​លោតដល់ 4K ដែលមាន HDR10+ និង Dolby Vision នៅលើស្មាតហ្វូនរបស់ខ្លួនបានដែរ ខណៈជំនាន់មុនអាចចាក់​បាន​តែ​វីដេអូ HDR តែប៉ុណ្ណោះ។

 

AI រហ័សជាមុន

 

AI មិនមែនជារឿងថ្មីនោះទេសម្រាប់ឆ្នាំក្រោយ ហើយការបង្កើនសមត្ថភាព AI ឲ្យកាន់តែរហ័សជាងមុនដល់ទៅ 3 ដង គឺ Qualcomm ចង់បើកឲ្យពិភពលោកមានភាពទូលំទូលាយជាងមុន ជាមួយនឹង AI Engine ជំនាន់ទី 4 របស់ខ្លួន ដែលជាការផ្សំគ្នាឡើងរវាង CPU និង GPU បញ្ចូលគ្នា។ មុខងារ AI នឹងបើកសិទ្ធិធំជាងមុនឲ្យឈីបនេះ អាចធ្វើប្រតិបត្តិការបានរហ័ស ជាមួយនឹងមុខងារជាមួយ​នឹង​កាមេរ៉ា មុខងារបញ្ជាដោយសម្លេងដូចជា Google Assistant, Baidu DuerOS និង AI ដែលប្រើប្រាស់សម្លេង នៅលើប្រព័ន្ធផ្សេងៗ​ទៀត រួមជាមួយនឹងការកាត់បន្ថយសម្លេងអេក៉ូ ពង្រឹងសម្លេងឲ្យច្បាស់ជាងមុន និងកាត់បន្ថយសម្លេងរំខានពីខាងក្រោយ។ ហើយ​ជា​ក់​ស្ដែង Snapdragon 855 អាចប្រើរន្ធស្រូបសម្លេង (Mic) តែមួយប៉ុណ្ណោះ ដើម្បីកាត់បន្ថយសម្លេងរំខាន មិនចាំបាច់ប្រើ 2-3 នោះទេ។

 

គ្រប់គ្រងកាមេរ៉ាប្រសើរជាងមុន

 

ស្មាតហ្វូនថតរូបបានស្អាតមិនមែនអាស្រ័យតែទៅលើសេនស័រប៉ុណ្ណោះទេ ជាក់ស្ដែងវាអាស្រ័យទៅលើឈីប CPU ផងដែរ ព្រោះឈីប​នេះ​គឺជាអ្នករត់ការ ដើម្បីផលិតចេញជារូបភាពមួយទុក អាចនិយាយខ្លីៗបានថា វាគឺជាផ្នែកមួយដែលជួយទៅដល់ការ Process រូបភាព គួបផ្សំជាមួយនឹងសេនស័រល្អ។ Snapdragon 855 មានមុខងារ Spectra 380 ISP ដែលជួយជ្រោមជ្រែង​ទៅលើការស្គាល់​ពណ៌ កាត់បន្ថយគ្រាប់រំខាន (Noise Reduction) ល្បឿនក្នុងការ Focus, ការកំណត់កម្រិត Exposure នៅពេលប្រើប្រាស់មុខងារ Auto ក្នុងកម្មវិធីកាមេរ៉ា និងជាច្រើនផ្សេងទៀត ដែលជួយជ្រោមជ្រែង ធ្វើឲ្យការថតរូបកាន់តែប្រសើរជាងមុន។

សម្រាប់ការថតវីដេអូវិញឈីបនេះអាចទ្រទ្រង់ក្នុងការថតវីដេអូបានកម្រិត 4K ជាមួយល្បឿន 60fps ពិសេសអាចថតវីដេអូ​នោះ​ជា​ប្រភេទវីដេអូ HDR ទៀតផង ថែមទាំងសន្សំសំចៃថ្មបានតិចជាងមុន 3 ដង បើធៀបទៅនឹង Snapdragon 845 ឆ្នាំនេះ។ ក្នុង​នោះ​មុខងារ HEIF ក៏ជួយមួយផ្នែកធំទៅលើការ Encoding ដើម្បីរក្សាទិន្នន័យពណ៌ ទិន្នន័យរូបភាព ពិសេសជួយច្រើនសម្រាប់​ស្មាតហ្វូន​មាន​កាមេរ៉ាច្រើន ព្រោះវាអាចទ្រទ្រង់ទៅនឹងរូបភាពទាំងនោះ ដែលថតចេញពីកែវលែនច្រើនក្នុងពេលតែមួយ។

 

ពង្រឹងប្រព័ន្ធសុវត្ថិភាព

 

ប្រព័ន្ធសុវត្ថិភាពអាស្រ័យខ្លាំងជាងគេទៅលើប្រព័ន្ធប្រតិបត្តិការផ្ទាល់ ហើយក្នុងនោះក៏មានការជ្រោមជ្រែងបន្ថែមពីខួរក្បាលផងដែរ ដោយលើកនេះ Snapdragon 855 បានបង្កើនសមត្ថភាពទៅលើមុខងារ Qualcomm 3D Sonic Sensor ឲ្យមានស្ថេរភាព​ជាង​ជំនាន់មុន ដោយ Qualcomm អាចប្រើប្រាស់បច្ចេកវិទ្យាស្កេនម្រាមដៃនៅលើអេក្រង់នេះ នៅពេលដៃប្រឡាក់ដី ឬទឹកបានទៀតផង ខណៈពេលមុខងារនេះនៅពេលបច្ចុប្បន្នទាល់តែដៃស្អាតទើបអាចដោះសោរបាន។ ម៉ាស៊ីន ដែលត្រៀមនឹងទទួលបានមុខងារជំនាន់ថ្មី ដែលបានពង្រឹងបន្ថែមនេះ នឹងចេញមុខក្នុងទីផ្សារនៅពាក់កណ្ដាលឆ្នាំ 2019 ខាងមុខនេះហើយ!

នេះគឺជាអ្វីដែល Snapdragon 855 បាននាំមក ជាមួយនឹងសេវាអ៊ីនធឺណិតជំនាន់ថ្មី ល្បឿនលឿនជាងមុន ជម្រុញបន្ថែម​ទៅ​លើ​កិច្ចដំណើរការ​រូបភាព អាចថតវីដេអូបានប្រសើរជាងមុន ពង្រឹងខួរក្បាលវៃឆ្លាត ស៊ីថ្មតិច ឡើងកម្ដៅតិច និងមានមុខងារស្កេនម្រាម​ដៃលើអេក្រង់មានប្រសិទ្ធិភាព និងច្បាស់ការជាងមុនជាដើម។ វានឹងត្រៀមយកទៅបំពាក់នៅលើកំពូលស្មាតហ្វូនជាច្រើន ដែល​ត្រៀម​នឹង​ចេញនាឆ្នាំក្រោយ នេះ ហើយយើងនឹងរង់ចាំមើលថា តើក្រុមហ៊ុនផលិតស្មាតហ្វូនមួយណា អាចបំបាក់បច្ចេកវិទ្យាថ្មីៗ ដោយ​ទាញ​យកប្រយោជន៍ចេញពីឈីបថ្មីមួយនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Qualcomm Tag: ទូរស័ព្ទ