CAMBO REPORT

Popup Advertising5 seconds

Snapdragon 855 ចេញ​ហើយ! កំពូល​ឈីប​សម្រាប់​កំពូល​ស្មាត​ហ្វូន​ឆ្នាំ 2019

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចការរំពឹងទុកពិតមែន ទីបំផុតក្រុមហ៊ុន Qualcomm ដែលជាស្ដេចផលិតឈីបសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនប្រចាំការ​នៅ​អាមេរិក បានប្រកាសចេញជាផ្លូវការនូវកំពូល CPU សម្រាប់បំពាក់នៅលើកំពូលស្មាតហ្វូនសម្រាប់ឆ្នាំ 2019 ហើយ ដោយវាមាន​ឈ្មោះ​ហៅជាផ្លូវការថា Snapdragon 855។ ឈីប CPU ថ្មីនេះ បានកាត់បន្ថយទំហំពី 10nm មកត្រឹមតែ 7nm ដូចអ្វីដែលបាន​សន្យា​កាល​ពីពេលកន្លងទៅ មានន័យថាឈីបនេះ វារត់បានស្រួលជាងមុន ជាមួយនឹងការឡើងកម្ដៅតិចជាងមុន ស៊ីថ្មតិចជាងមុន តែមិនមែនតូចហើយខ្សោយនោះទេ គឺវារឹតតែខ្លាំងជាងមុនទៀតផង។

Snapdragon 855 បាននាំមកនូវមុខងារធំជាងគេមួយគឺ សេវា 5G ត្រូវហើយ ឈីបថ្មីនេះបើកសិទ្ធិឲ្យអ្នកប្រើប្រាស់ស្មាតហ្វូន​ប្រើប្រាស់​ជាមួយ​នឹងសេវាអ៊ីនធឺណិតល្បឿនលឿន 5G បាន ដោយក្នុងនោះមានក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទធំចំនួន 2 រួមមានដូចជា AT&T និង Verizon បានប្រកាសក្ដែងៗហើយថា ឆ្នាំ 2019 ស្មាតហ្វូនដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនទាំង 2 នឹងអាចប្រើប្រាស់​ជាមួយ​នឹង​សេវា 5G បានជាផ្លូវការហើយ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនរាល់ស្មាតហ្វូន ដែលប្រើខួរក្បាល Snapdragon 855 ទាំង​អស់​អាច​ប្រើសេវា 5G បានទាំងអស់នោះទេ មានន័យថា ខ្លះមាន ហើយខ្លះអត់មាន អាស្រ័យទៅលើក្រុមហ៊ុនផលិតទូរស័ព្ទផ្ទាល់ ព្រោះឆ្នាំក្រោយ មិនមែនគ្រប់ប្រទេសទាំងអស់អាចមានសេវា 5G ប្រើប្រាស់នោះទេ ម្យ៉ាងដើម្បីប្រើសេវា 5G បាន គឺតម្រូវឲ្យ​ប្រើ​ប្រាស់ Modem ពិសេសមួយផ្សេងទៀតហៅថា X50 ជាឧបករណ៍ប្រើគួបផ្សំជាមួយឈីប ដែលអនុញ្ញាតឲ្យយើងប្រើសេវា 5G បាន ហេតុដូចនេះរាល់ស្មាតហ្វូនប្រើប្រាស់ Modem X24 ជាមួយនឹង Snapdragon 855 គឺនៅតែមិនអាចប្រើសេវា 5G បានដដែល បានត្រឹម 4G LTE ជាមួយនឹងល្បឿនលឿនបំផុតលោតដល់ 2Gbps។

ក្រៅពីការនាំមកនូវសេវាអ៊ីនធឺណិត 5G ក្រុមហ៊ុន Qualcomm ក៏ផ្ដោតសំខាន់ផងដែរទៅលើមុខងារ AI ជាមួយនឹងការបង្កើន​ល្បឿន​លឿន​ជាង​មុន 3 ដង បើធៀបទៅនឹងជំនាន់មុន ជួយជ្រុមជ្រែងបន្ថែមទៅលើសមត្ថភាពកាមេរ៉ា ឲ្យស្គាល់ Object បានច្រើន និង​រហ័ស​ក្នុងការវាយតម្លៃតាមស្ថានភាពជាក់ស្ដែង។ វាក៏បើកសិទ្ធិឲ្យកំពូលស្មាតហ្វូនអាចថតវីដេអូកម្រិត 4K HDR ក្នុងល្បឿន 60fps ជាមួយ​កម្រិតសាច់វីដេអូច្បាស់ជាងមុន ពិសេសសម្រាប់ការលេងហ្គេម និងកាន់តែរលូនជាងមុន បូករួមនឹងមុខងារ AR (Augmented Reality) ផងដែរ។ អញ្ចឹងក្រៅពីការមកដល់នៃសេវា 5G, មុខងារ AI វៃឆ្លាត និងរហ័សជាងមុន ក៏ដូច​ជា​បង្កើន​សមត្ថភាព​ទៅ​លើ​ការ​លេង​ហ្គេម ជាមួយ GPU ថ្មី និងកាមេរ៉ាថតវីដេអូបានប្រសើរជាងមុន ក្រុមហ៊ុន Qualcomm ក៏បានប្រកាសអំពីមុខងារ 3D Sonic Sensor ផងដែរ ជាផ្នែកសុវត្ថិភាពមួយ ដែលតម្រូវឲ្យមានការពង្រឹងច្រើន ព្រោះស្មាតហ្វូនដែលស្កេនម្រាមដៃដើម្បីដោះសោរ នៅ​ឆ្នាំ​ក្រោយ​នេះ នឹងមានការកើនឡើង ដូចនេះមុខងារថ្មីនឹងធ្វើឲ្យការស្កេនម្រាមដៃបានច្បាស់លាស់ជាងមុន គឺអាចស្កេនបានទាំងដៃទទឹក ឬប្រឡាក់បន្តិចបន្តួច ខណៈពេលបច្ចុប្បន្ននៅមិនទាន់អាចធ្វើទៅបាននៅឡើយ។

យើងដឹងថាឈីបថ្មីនេះនឹងខ្លាំងជាងមុន តែយ៉ាងណាក៏ដោយ Qualcomm នៅមិនទាន់បានលាតត្រដាងនូវ​លក្ខណៈសម្បត្តិទាំង​មូល​នៃ​កំពូល​ឈីបនេះឲ្យយើងបានដឹងអស់នៅឡើយទេ គឺត្រូវរង់ចាំដល់ថ្ងៃស្អែក។ អញ្ចឹងបើប្រិយមិត្តចង់ដឹងកាន់តែច្បាស់ជុំវិញផ្នែក​បច្ចេក​ទេសដូចជា ល្បឿន CPU Clock, ចំនួន Core, ល្បឿន GPU ល។ល កុំភ្លេចតាមដានព័ត៌មាននាថ្ងៃស្អែកជាបន្តទៀត។ សម្រាប់​ពេល​នេះ យើងដឹងហើយថាតើខួរក្បាលមួយណា ដែលនឹងត្រូវប្រើប្រាស់នៅលើកំពូលស្មាតហ្វូនភាគច្រើននៅឆ្នាំក្រោយ តែបើអ្នក​ទាំង​អស់គ្នាសួរថាតើវាខ្លាំងកម្រិតណានោះ ចម្លើយនឹងត្រូវលាតត្រដាងនៅពេលវាមានវត្តមានក្នុងទីផ្សារ ហើយចាប់ផ្ដើមធ្វើ​តេស្ដ​កម្លាំង​របស់​វាជាក់ស្ដែង។

 

សម្រាប់ប្រិយមិត្តចង់ទស្សនាការប្រកាសចេញឈីប​នេះអាចទស្សនាបានជាមួយវីដេអូខាងក្រោម៖

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: Qualcomm Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ