Xperia XZ4 អាចនឹងមានអេក្រង់លាតទ្រវែង ថ្មទំហំ 3900mAh, ប្រើឈីប Snapdragon 855 និងដំណើរការដោយ Android 9 Pie
ប្រិយមិត្តអ្នកអានទាំងអស់គ្នា មាននៅចាំទេ កាលពីប៉ុន្មានសប្តាហ៍មុននេះ ទូរសព្ទម៉ូឌែល Xperia XZ4 របស់ក្រុមហ៊ុន Sony ត្រូវបានប្រភពពី MySmartPrice ធ្វើការបង្ហាញជារូបរាងគម្រូ សម្រាប់ទុកជាការពិចារណាបណ្តើរៗ ដោយនៅផ្នែកខាងមុខ គេបានឌីហ្សាញ ជាអេក្រង់លាតទ្រវែង បន្សល់គែមលើក្រោម អោយនៅសល់កាន់តែខ្លីមែនទែន។ ចំណែកនៅផ្នែកខាងក្រោយវិញ ត្រូវបានគេរចនាជាមួយ ការបំពាក់កាមេរ៉ាខាងក្រោយ លោតកាណុងកើនដល់ទៅ 3 គ្រាប់ ដូចទូរសព្ទម៉ូឌែលកំពូលៗ មួយចំនួនដែរ ដែលមើលទៅប្លែកដាច់តែម្តង បើធៀបជាមួយម៉ូឌែលមុនៗ ដូចជា Xperia XZ2, XZ2 Premium និង XZ3 ហើយជាពិសេសនោះ កន្លែងសេនស័រ សម្រាប់ស្គេនម្រាមដៃ ក៏មិនឃើញមាន នៅលើទូរសព្ទគម្រូនេះដែរ។
ប្រហែលមិនទាន់ចប់នៅឡើយទេ ព្រោះថានៅក្នុងពេលនេះ គឺថាលក្ខណៈសម្បត្តិរបស់ទូរសព្ទម៉ូឌែល Xperia XZ4 ក៏ត្រូវបានលេចធ្លាយ ដោយវាអាចជាតម្រុយមួយ ដែលអ្នកគួរដឹង និងកត់ចំណាំទុក ទម្រាំខាងក្រុមហ៊ុនប្រកាសចេញ ជាផ្លូវការ។ តាមការបង្ហាញបានអោយដឹងថា ស្មាតហ្វូនម៉ូឌែលនេះ អាចនឹងមានបំពាក់អេក្រង់លាតធំទំហំ 6.55 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងជាពិសេសនោះមានកម្រិត Aspect Ratio លោតវែងដល់ទៅ 21:9 ថែមទៀតផង។
ចំពោះកម្លាំងម៉ាស៊ីន Xperia XZ4 អាចប្រើប្រាស់បន្ទះឈីប Snapdragon 855 ជំនាន់ចុងក្រោយ (អាច Support ដំណើការសេវាអ៊ីនធើណេត 5G), មានរ៉េមទំហំ 6GB អមជាមួយអង្គចងចាំទំហំ 64GB និងបន្តដល់ 256GB។ សម្រាប់ស្មាតហ្វូននេះ អាចមានកម្លាំងថាមពលថ្មធំជាងមុន ជាមួយទំហំ 3900mAh និងអាចដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ លោតដល់ Android 9.0 Pie ជំនាន់ចុងក្រោយ ចេញពីប្រអប់ ផងដែរ។
សរុបមក នេះគ្រាន់ជាតម្រុយមួយ ដែលអាចធ្វើអោយអ្នកកំពុងរង់ចាំវត្តមានស្មាតហ្វូនម៉ូឌែល Xperia XZ4 អាចកត់ចំណាំទុកបាន ទម្រាំដល់ពេលវាប្រកាសចេញ ជាផ្លូវការ។ យ៉ាងណា យើងក៏មិនទាន់ច្បាស់ថា ថាវានឹងដូចការបង្ហាញលក្ខណៈសម្បត្តិពីខាងលើ ទាំងស្រុង ឬអត់នោះដែរ ហើយដើម្បីអោយកាន់តែច្បាស់ គឺមានតែរង់ចាំព័ត៌មានផ្លូវការពី Sony ប៉ុណ្ណោះ ទើបអស់ចិត្ត។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
