CAMBO REPORT

Popup Advertising5 seconds

ឆ្លើយតបក្តៅៗទៅ Huawei, ក្រុមហ៊ុន Samsung នឹង​បញ្ចេញ Galaxy A8s នៅ​ថ្ងៃ​ទី 10 សប្តាហ៍​ក្រោយ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ប្រិយមិត្តអ្នកអានភាគច្រើន ប្រហែលជានៅចាំបានថា កាលពីម្សិលមិញនេះ ក្រុមហ៊ុន Huawei បានធ្វើការចេញផ្សាយ​រូបភាព​ផូ​ស្ទ័រ​មួយ​សន្លឹក ជាលិខិតអញ្ចើញ ដោយបង្ហាញពីថ្ងៃកំណត់ជាក់លាក់មួយ ដើម្បីដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មី ដែលមានប្រជ្រុយ​នៅ​ចំហៀង​ក្បាល (Infinity-O)។ ចំពោះទូរសព្ទនោះដែរ គឺជាម៉ូឌែល Nova 4 ដោយខាងក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ៗថា នឹង​ធ្វើ​ការ​ដាក់បង្ហាញជាផ្លូវការ នៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2018 ឆាប់ៗខាងមុខនេះ។

គ្រាន់តែដំណឹងនេះ ចេញផ្សាយមកភ្លាម យើងសង្កេតឃើញថា មានប្រិយមិត្តជាច្រើន ជាពិសេសហ្វេនៗ ខាង Samsung បានចេញ​មុខ​រិះ​គន់យ៉ាងចាស់ដៃ ទៅលើ Huawei ថា គឺជាក្រុមហ៊ុនចាំតែចម្លង ចាំតែស្រួល ពេលគេត្រួសត្រាយផ្លូវហើយ និងហ៊ានមក​ចង់​សម្ភោធ មុនម្ចាស់ដើម (Samsung) ទៀត។ ក្នុងនោះ យើងក៏បានដឹងដែរថា អេក្រង់ Infinity-O នេះ Samsung នឹងត្រៀមបំពាក់​នៅ​លើ​ស្មាតហ្វូន Galaxy ត្រកូល A ជំនាន់ថ្មី គឺម៉ូឌែល Galaxy A8s ប៉ុន្តែមិនដឹងថា ពេលណាទើបចេញប្រកាស ជាផ្លូវការឡើយ។ 

វាប្រហែលមិនស្រួលដូចការគិតឡើយ ដែលម្ចាស់ដើមត្រូវបង្ហាញផលិតផល ចេញក្រោយអ្នកចម្លង ព្រោះថានៅក្នុងពេលនេះ មិនទាន់រំលង​បាន​មួយ​ថ្ងៃផង ក្រុមហ៊ុន Samsung ក៏បានចេញផ្សាយលិខិតអញ្ចើញមួយ ប្រាប់ពីថ្ងៃដាក់បង្ហាញវត្តមានស្មាតហ្វូន Galaxy A8s ជំនាន់ថ្មីនោះ ជាផ្លូវការហើយ។ យោងទៅតាមផ្ទាំងផូស្ទ័រ មួយសន្លឹកនេះ គឺបានបញ្ជាក់ យ៉ាងច្បាស់ថា Samsung នឹងធ្វើការ​ដាក់​បង្ហាញ ទូរសព្ទប្រជ្រុយនៅចំហៀងក្បាល ជាអេក្រង់ Infinity-O នៅថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2018 ឆាប់ៗនេះ មុនក្រុមហ៊ុន Huawei មួយ​សប្តាហ៍។ បន្ថែមពីនោះ Samsung ក៏បានបន្ថែមពាក្យមួយឃ្លាថា REAL GALAXY ដែលប្រហែលជាចង់សំដៅថា នេះទើបជាម្ចាស់​ពិត​ប្រាកដ។

ជាចុងក្រោយ ចំពោះលក្ខណៈសម្បត្តិរបស់ Galaxy A8s នេះ ត្រូវបានគេបង្ហើបអោយដឹងថា វាអាចនឹងបំពាក់អេក្រង់ទំហំ 6.3 អ៊ីញ ជាប្រភេទ LCD អាចបង្ហាញរូបភាពក្នុងកម្រិត 2340 x 1080 ភិចសែល និងមានកម្រិត Aspect Ratio 19.5:9។ ទូរសព្ទនេះ អាច​ប្រើប្រាស់បន្ទះឈីប Snapdragon 710, រ៉េម 6GB, កាមេរ៉ាមុខទំហំ 24 មេហ្គាភិចសែល និងមានកាណុងកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ រួមមាន កាមេរ៉ាគោល, កាមេរ៉ាថតទូលាយ និងកាមេរ៉ាថតព្រាល។ សរុបមក ដំណឹងនេះ អាចនឹងធ្វើអោយហ្វេន Samsung ស្ងប់អារម្មណ៍ និងសប្បាយចិត្តច្រើន ឡើងវិញហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ទូរស័ព្ទ