CAMBO REPORT

Popup Advertising5 seconds

ASUS ប្រកាសចេញ​ម៉ូនីទ័រ​ល្បឿនលឿន អាច​ប្រើ​ជា​មួយ FreeSync 2 និងមាន HDR

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ASUS បានប្រកាសចេញជាផ្លូវការនូវម៉ូនីទ័រជំនាន់ថ្មីមួយទៀតហើយ បង្កើតឡើងសម្រាប់អ្នកលេងហ្គេម ដែល​ត្រូវ​ការ​ល្បឿន Frame Rate ខ្ពស់ អមមក​ជាមួយ​នឹងក្រាហ្វិចរត់​បានរលូនល្អនៅ​លើផ្ទាំងបង្ហាញរូបភាព។ ម៉ូនីទ័រជំនាន់ថ្មីនេះមានឈ្មោះហៅថា ROG Strix XG32VQ មានរូបរាងទាក់ទាញ គែមអេក្រង់ខ្លី មើលពេញភ្នែក ដែលវាប្រសើរជាង XG32VQ ដែលចេញ​កាល​ពី​ពេល​កន្លង​ទៅ ដោយម៉ូឌែលជំនួសមួយនេះ ASUS បានបះពូវនូវចន្លោះខ្វះខាត ក៏ដូចជាបន្ថែមមកជាមួយនឹងមុខងារថ្មីៗបន្ថែមទៀត ដេញ​​តាម​សម័យកាល នៃការវិវឌ្ឍន៍ខ្លួននៃបច្ចេកវិទ្យា ក៏ដូចជាក្រាហ្វិចហ្គេម។

ROG Strix XG32VQ មានអេក្រង់ទំហំ 32 អ៊ីញ មានសមត្ថភាពបង្ហាញរូបភាពកម្រិត 2K ឬស្មើនឹង 2560 x 1440p ប្រើប្រាស់​បន្ទះ​បង្ហាញ​ប្រភេទ VA Panel ជាមួយនឹងល្បឿនរហ័សលោតដល់ 144Hz ធានាទៅដល់ក្រាហ្វិចរត់នៅលើផ្ទៃអេក្រង់មួយនេះរលូន​ល្អ ព្រោះវាមានបច្ចេកវិទ្យា Freesync ជាជំនួយបន្ថែមមួយទៀត ដែលលើកនេះគឺជាជំនាន់ទី 2 ដូច្នេះសម្រាប់អ្នកប្រើប្រាស់ក្រាហ្វិច​កាត AMD នឹងកាន់តែរីករាយជាមួយនឹងការលេងហ្គេមជាមួយម៉ូនីទ័រមួយនេះ បើក្រាហ្វិចកាតរបស់អ្នកអាចប្រើមុខងារ Freesync ជំនាន់ទី 2 នេះបាន ហើយក៏លែងបារម្មណ៍ថាអត់ម៉ូនីទ័រ ដែលអត់ Support ជាមួយនឹងមុខងារជំនាន់ថ្មីពី AMD មួយនេះទៀតដែរ! Good job!

ក្រៅពីអេក្រង់ធំច្បាស់ កោង ហើយនឹងលឿននោះ XG32VQ ជំនាន់ថ្មីនេះក៏អាចប្រើប្រាស់លេងហ្គេម ក៏ដូចជាទស្សនាវីដេអូ ជា​ប្រភេទ HDR បានទៀតផង ដូច្នេះក្រាហ្វិច ឬវីដេអូ ដែលបង្ហាញនៅលើអេក្រង់នេះកាន់តែមានពណ៌ដិតស្រស់ ជាមួយកម្រិតពន្លឺ Brightness ជះបាន 400-nit សាកសមសម្រាប់ការប្រើប្រាស់ក្នុងបន្ទប់។ ក្រៅពីការបង្កើនសមត្ថភាពអេក្រង់ ក៏ដូចជាបន្ថែម HDR នេះ វាមានលក្ខណៈសម្បត្តិទូទៅផ្សេងៗទៀត ដូចទៅនឹងសិស្សច្បងរបស់វាអញ្ចឹងដែរ ដោយផ្នែកខាងក្រោយមានរង្វង់ភ្លើង RGB ក៏ដូចជាជើងទម្រខាងក្រោមមានភ្លើងពណ៌ទឹកក្រូចបាញ់ចុះក្រោយ ដែលយើងអាចដាក់រូបតាមការពេញចិត្ត និងមានរន្ធតំណរភ្ជាប់ I/O ដូចជា៖

 

•    HDMI 2.0 x 1

•    DisplayPort x 2

•    Mini DisplayPort x 1

•    រន្ធកាស 3.5mm x 1

•    USB 3.0 x 2

 

ម៉ូនីទ័រ ASUS ROG Strix XG32VQ នេះនឹងចេញលក់នៅឆ្នាំ 2019 ខាងមុខនេះឯង ដោយតម្លៃរបស់វានៅមិនទា​ន់​ប្រកាស​ឲ្យដឹង​នៅ​ឡើយទេ ខណៈពេលដែលសិស្សច្បង XG32VQ បច្ចុប្បន្នកំពុងដាក់លក់ក្នុងតម្លៃប្រហាក់ប្រហែល USD 629 ក្នុងទីផ្សារ Amazon។ ដូច្នេះសម្រាប់ជំនាន់ថ្មីនេះ យ៉ាងហោចណាស់ក៏មិនក្រោម USD 750 ដែរសម្រាប់ក្ដារដំបូងនៃការចេញលក់ ទម្រាំ​តម្លៃ​ដេញ​ធ្លាក់​ចុះធម្មតាវិញ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: ASUS Tag: កុំព្យូទ័រ