Samsung 860 QVO ជា SSD ស៊េរីថ្មី សម្រាប់ជំនួស HDD របស់អ្នក ដាក់លក់ក្នុងតម្លៃធូរថ្លៃ!
មកដល់ចុងឆ្នាំ 2018 នេះ យើងសង្កេតឃើញថាទីផ្សារ SSD គឺមានការធ្លាក់ចុះហើយ មានន័យថាវាមិនសូវជាមានតម្លៃថ្លៃដូចកាលពី 2-3 ឆ្នាំមុននោះទេ ដែលទីផ្សារ SSD គឺថ្លៃទាល់តែមែនទែន បើចង់ទិញ SSD មកប្រើប្រាស់ជំនួស Hard Disk Drive វិញ គឺយើងអាចទិញ Hard Disk បាន 5-6 គ្រាប់ ទើបទិញបាន SSD មួយគ្រាប់។ ការធ្លាក់ចុះទីផ្សារនេះគឺជាដំណឹងល្អបំផុតសម្រាប់អ្នកប្រាស់កុំព្យូទ័រ ព្រោះអ្នកអាចធ្វើការ Upgrade នូវអង្គផ្ទុកទិន្នន័យរបស់ពួកគេឲ្យដំណើរការបានរហ័សជាងមុន ស៊ីភ្លើងតិចជាងមុន ថែមទាំងមានសុវត្ថិភាពជាងមុនផងដែរ។
ជាក់ស្ដែងក្រុមហ៊ុនអេឡិចត្រូនិ Samsung កាលពីម្សិលមិញនេះបានប្រកាសចេញជាផ្លូវការនូវ SSD ស៊េរីថ្មីមួយទៀតរបស់ខ្លួន ដែលវាមានឈ្មោះថ្មី មិនស្ថិតក្រោយខ្សែស្រឡាយ Pro ឬ Evo ឡើយ ដោយជំនួសមកវិញជាមួយពាក្យហៅថា QVO វិញម្ដង ជាប្រភេទ Sata SSD មានទំហំ 2.5 អ៊ីញ អាចយកទៅតម្លើង ប្រើប្រាស់បាននៅលើម៉ាស៊ីន Laptop និង Desktop ភាគច្រើននៅពេលបច្ចុប្បន្ន លើកលែងតែម៉ាស៊ីនស្ដើងៗ ជាប្រភេទ Ultrabook ដែលត្រូវប្រើប្រាស់ SSD ពពួក M.2។ Samsung QVO 860 ប្រើប្រាស់បច្ចេកវិទ្យា MLC (Multi-Level Cell) កម្រិត 4-bit នៅលើបន្ទះឈីបមេម៉ូរីជាប្រភេទ V-NAND គ្រប់គ្រងដោយឈីប MJX SSD Controller សម្រាប់ធ្វើឲ្យវាអាចយកទៅប្រើប្រាស់បានរាប់សិបឆ្នាំ ដោយគ្មានបញ្ហា តែដោយសារតែវាមិនមែនជាប្រភេទ SSD ល្បឿនលឿនដូច M.2 NVMe នោះ វានៅតែមានល្បឿនប្រហាក់ប្រហែលទៅនឹង SSD 2.5 ផ្សេងៗទៀតអញ្ចឹងដែរ ជាមួយនឹងល្បឿន៖
• ល្បឿន Read ខ្ពស់បំផុត 550MB/s
• ល្បឿន Write ខ្ពស់បំផុត 520MB/s
សាកសមសម្រាប់អ្នកដែលចង់ធ្វើការ Upgrade ផ្នែករឹង ជុំវិញការរក្សាទិន្នន័យ រក្សាឯកសារធំៗដូចជា File វីដេអូកម្រិត 4K ឬរក្សាហ្គេមជាដើម ជាជាងទិញវាទុកដាក់ Boot Windows ព្រោះ 860 QVO មានតែ 3 ជម្រើសប៉ុណ្ណោះសម្រាប់ទំហំផ្ទុកដូចជា 1TB, 2TB និងលោតធំបំផុត 4TB។ តែបើអ្នកចង់យកវាដាក់ Boot Windows ក៏បាន ដោយបែកចែកវាចេញជា 2 Drives ដូចជា Hard Disk ទៅគឺបានហើយ!
ក្រុមហ៊ុន Samsung នឹងបញ្ចេញ SSD 860 QVO នេះលក់នៅក្នុងទីផ្សារជាផ្លូវការនៅខែធ្នូ ចុងឆ្នាំ 2018 នេះតទៅហើយ ដោយវាមានតម្លៃ USD 149.99 (ទីផ្សារអន្តរជាតិ) សម្រាប់ទំហំ 1TB រីឯទំហំ 4TB តម្លៃប្រហាក់ប្រហែល USD 599.99 ជាមួយនឹងការធានាដល់ទៅ 3 ឆ្នាំពីក្រុមហ៊ុនផ្ទាល់។ ហេតុនេះសម្រាប់ប្រិយមិត្ត ដែលកំពុងមានគម្រោងធ្វើការ Upgrade ផ្នែកផ្ទុកទិន្នន័យ ដោយមិនចង់ប្រើប្រាស់ Hard Disk ទៀតនោះ 860 QVO អាចកត់ចូលបញ្ជីរបស់អ្នកបាន ព្រោះបើធៀបទៅនឹង SSD ទំហំ 1TB នៅក្នុងទីផ្សារស្រុកខ្មែរបច្ចុប្បន្ន ក៏មានតម្លៃថ្លៃផងដែរ ខណៈពេលដែលអ្នកអាចទិញ Hard Disk ទំហំ 1TB នៅពេលនេះ ជាមួយនឹងម៉ាកល្បីក្នុងតម្លៃចន្លោះពី USD 40 ទៅ USD 60 អាស្រ័យតាមម៉ាក និងម៉ូឌែល!
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
