CAMBO REPORT

Popup Advertising5 seconds

Apple: ក្រុមហ៊ុន​មាន​តម្លៃខ្លួន​ថ្លៃ​ជា​ង​គេ​បំផុត​នៅ​អាមេរិក​សម្រាប់​ពេល​ឥលូវ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងដឹងហើយថា ទីផ្សារនៃសហរដ្ឋអាមេរិកគឺធំក្រៃលែង ហើយក្នុងនោះមានក្រុមហ៊ុនជាច្រើនបានកំពុងដំណើរការជាប្រចាំថ្ងៃ ទៅ​តា​ម​ផ្នែក និងទីផ្សាររបស់ពួកគេ តែបើយើងមើលទៅលើតែក្រុមហ៊ុនធំៗវិញឃើញថាមានតិចតួចប៉ុណ្ណោះ ដែល​ពិភពលោក​ទទួល​ស្គាល់ ហើយបើគិតតែក្រុមហ៊ុនដែលពាក់ព័ន្ធទៅនឹងអេឡិចត្រូនិចទៀតនោះ គឺកាន់តែតិចថែមទៀត។ ជាក់ស្ដែងក្រុមហ៊ុន ដែល​ពិភព​លោកស្គាល់ច្រើន ហើយស្រុកខ្មែរយើងដឹងនោះរួមមានដូចជា Microsoft, Amazon, Apple, Qualcomm, Blackberry ជាដើម ដែលសុទ្ធសឹងជាក្រុមហ៊ុនមានថវិកា​ច្រើនលើសលប់ រហូតមកដល់ថ្ងៃនេះ ពេលនេះ Apple បានក្លាយទៅជាក្រុមហ៊ុន​ធំជាង​គេ ដែលមានតម្លៃខ្លួនថ្លៃជាងគេ ក្នុងសហរដ្ឋអាមេរិកទៀតផង។

យោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា Microsoft បានធ្លាក់ចេញពីតំណែងក្រុមហ៊ុន ដែលមានតម្លៃថ្លៃ​ជាង​គេ​ទី 1 នៅអាមេរិកហើយ ដោយ Apple បានឆក់យកតំណែងនោះវិញម្ដង ធ្វើឲ្យ Microsoft ធ្លាក់ទៅដល់លេខរៀងទី 2 ខណៈពេល​ដែល​ក្រុមហ៊ុន Amazon លក់ទំនិញ Online ក៏ដូចជាផលិតផល និងផ្គត់ផ្គង់សេវាកម្មនានានោះស្ថិតនៅលេខរៀងទី 3 វិញម្ដង។ ប្រភព​ដដែលបានបន្តទៀតថា មូលហេតុដែលធ្វើឲ្យ Apple ក្លាយជាក្រុមហ៊ុនមានតម្លៃខ្លួនថ្លៃជាងគេនៅអាមេរិកនេះ ក៏ដោយសារតែ Microsoft បានខាតបង់នូវភាគហ៊ុនរបស់ខ្លួនកាលពី 3 ខែមុនកន្លងទៅនេះពី USD 109.60 ទៅកាន់ USD 106.47 ជាការធ្លាក់ចុះ 2.9% ហើយ Apple ក៏បានធ្លាក់ចុះពី USD 217.94 ទៅកាន់ USD 174.62 ជាការធ្លាក់ចុះយ៉ាងគំហុកដល់ទៅ 19.9% តែដោយ​សារ Apple បានបញ្ចេញ iPhone លក់ចុងឆ្នាំនេះ ក៏ដូចជាផលិតផលជំនាន់ថ្មីជាច្រើនរួមបញ្ចូលទាំង iPad Pro, Mac Mini និង iPad Air 2018 បានធ្វើឲ្យទីផ្សារភាគហ៊ុន Apple លោតឡើងយ៉ាងច្រើន បើទោះបីជា iPhone XR មិនសូវទទួលបានចំណាប់​អារម្មណ៍​ពីអ្នកប្រើប្រាស់ក្ដី។

មកដល់ពេលនេះដោយយោងតាមសេចក្ដីប្រកាសកាលពីថ្ងៃច័ន្ទម៉ោង 4 ល្ងាចកន្លងទៅនេះ Apple បានគ្រងដំណែងជាក្រុមហ៊ុន ដែល​មានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅសហរដ្ឋអាមេរិកជាមួយនឹងទឹកប្រាក់សរុបចំនួន 828.64 ពាន់លានដុល្លារអាមេរិក រីឯ Microsoft មានទឹកប្រាក់សរុប 817.29 ពាន់លានដុល្លារ និងដេញពីក្រោយដោយ Amazon ក្នុងចំនួនទឹកប្រាក់ 773.22 ពាន់លាន​ដុល្លារ។ គួរបញ្ជាក់ផងដែរថា តម្លៃខ្លួនក្រុមហ៊ុននេះ នឹងមានការប្រែប្រួលនាថ្ងៃអនាគត អាស្រ័យទៅលើអត្រាទីផ្សារ និងភាគហ៊ុន​មាន​ការកើនឡើង ឬធ្លាក់ចុះតាមកាលៈទេសៈជាក់ស្ដែង! តែនៅពេលនេះសូមអបអរសាទទៅដល់ Apple ដែលក្លាយ​ជា​ក្រុមហ៊ុន​ថ្លៃ​ជាង​គេ​នៅអាមេរិក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Phone​​ Arena Tag: Lifestyle