CAMBO REPORT

Popup Advertising5 seconds

លេច​ចេញ​កម្លាំង​ម៉ាស៊ីន RTX 2060 ហើយ វា​ខ្លាំង​ជាង GTX 1060 ប្រហែល 30%

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើប្រិយមិត្តអ្នកអាននៅចាំ ប្រហែលជាឆ្ងល់ជាក់ជាមិនខាន នៅពេលក្រុមហ៊ុនយក្ស ផលិតក្រាហ្វិចកាត nVIDIA ប្រកាសចេញនូវក្រាហ្វិច សម្រាប់យកទៅលេងហ្គេម ជំនាន់ថ្មីរបស់ខ្លួន ជាការប្ដូរឈ្មោះថ្មីពី GTX ទៅកាន់ RTX វិញ និងបានបន្ថែមមក ជាមួយនឹងមុខងារ Ray Tracing ថ្មី តែកាលនោះ nVIDIA បានប្រកាសចេញតែ 3 ម៉ូឌែលប៉ុណ្ណោះ រួមមានដូចជា៖

 

• RTX 2080 Ti

• RTX 2080

• និង RTX 2070 

 

ទាំងនេះសុទ្ធសឹងជាក្រាហ្វិចកាតកម្រិតកំពូលមានតម្លៃថ្លៃ ដោយមិនបានបង្ហើប ឲ្យដឹងអំពីក្រាហ្វិចកាតជំនាន់ថ្មី ជាធុនកណ្ដាលនៅឡើយទេ ដូចជា RTX 2060 និង RTX 2050 ជាម៉ូឌែល ដេញឡើងស៊េរីពី GTX 1060 និង GTX 1050 ជាដើម (រីឯ GTX 1050 Ti គឺជាម៉ូឌែលផ្ដាច់ខ្លួន មួយផ្សេងទៀត ដើម្បីកើបលុយ បន្ថែម ដូច្នេះ nVIDIA អាចនឹងចេញ RTX 2050 Ti ឬក៏អត់ គឺស៊ីសងទៅលើការសម្រេចចិត្ត របស់ពួកគេ)។

យ៉ាងណាក៏ដោយដល់ចុងខែវិច្ឆិកានេះ យើងទទួលបានដំណឹងខ្លះៗអំពី RTX 1060 ហើយ ជាក្រាហ្វិចកាតជំនាន់ថ្មី ជាមួយបច្ចេកវិទ្យាថ្មី និងមានកម្លាំងខ្លាំង ជាងជំនាន់មុន ដែលកំពុងធ្វើដំណើរ មកកាន់ទីផ្សារ ឆាប់ៗខាងមុខនេះ សម្រាប់ Gamer ដែលត្រូវការក្រាហ្វិចកាតល្មម សម្រាប់លេងហ្គេមរបស់ពួកគេ ឬអ្នកដែលមានថវិកា មានកម្រិតជាដើម។ យោងតាម ប្រភពព័ត៌មាន Tom’s Hardware បានចេញផ្សាយឲ្យដឹង អំពីពិន្ទុ Benchmark ដែលធ្វើឡើងក្នុងហ្គេម The Final Fantasy XV ក្នុងកម្រិត 4K បង្ហាញឲ្យយើងឃើញថា RTX 2060 ទទួលបានពិន្ទុសរុប 2,589 ខណៈពេលដែល GTX 1060 6GB ទទួលបានពិន្ទុ 1,985 តែប៉ុណ្ណោះ ដោយចំនួននេះ សបង្ហាញឲ្យដឹងថា RTX 2060 មានកម្លាំងប្រសើរជាង GTX 1060 ចំនួន 30%។

ការបង្កើនសមត្ថភាពប្រមាណជា 30% នេះ គឺជារឿងទូទៅទៅហើយ ដោយយើងមិនអាចរំពឹងទុកថា ក្រុមហ៊ុនទាំងនោះ នឹងបង្កើនកម្លាំង ឲ្យខ្លាំងជាងមុន 1 ដង ឬ 2 ដង ឡើយ ជាយុទ្ធសាស្ត្រទីផ្សារ ដែលក្រុមហ៊ុនជាច្រើន អនុវត្តនៅពេលបច្ចុប្បន្ន។ ខេមបូរីផត សូមបញ្ជាក់ប្រាប់ប្រិយមិត្ត ឲ្យបានដឹងផងដែរថា បើទោះបីជា RTX 2060 ជិតបង្ហាញខ្លួន ជាមួយកម្លាំងប្រសើរជាងមុន និងមានមុខងារ Ray Tracing ក៏ពិតមែន តែបើយោងតាម រូបភាពតារាងពិន្ទុខាងលើ គឺវានៅមិនទាន់ ស៊ីដាច់កម្លាំងរបស់ GTX 1070 8GB នៅឡើយទេ គឺវាអាចនៅខ្សោយ ជាងចន្លោះពី 6-10% ដែរ ហេតុនេះ បើអ្នកមិនខ្វល់អំពី មុខងារ Ray Tracing ដែលផ្ដោតសំខាន់ ទៅលើស្រមោល និងចំណាំងផ្លាត ពេលលេងហ្គេម អ្នកអាចស្វែងរក GTX 1070 8GB មកប្រើក៏បាន (បើអ្នកមិនអាច រង់ចាំយូរបាន) តែយ៉ាងណាក៏ដោយ យើងនឹងរង់ចាំមើល Specs ជាកម្លាំងម៉ាស៊ីន ជាក់ស្ដែងរបស់ RTX 2060 នេះនៅពេលវាប្រកាស ចេញជាផ្លូវការ ថាតើវាមានអ្វីពិសេសខ្លះ អាចធ្វើអ្វីបានខ្លះ ពិសេសគឺតម្លៃ តើវាអាច ថ្លៃជាង USD 400 ឬថោកជាងនេះបន្តិច!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Tom's Hardware Tag: កុំព្យូទ័រ