មុខងារលុបសារដែលបានផ្ញើរួចនៅក្នុងកម្មវិធី Messenger មានអ្នកអាចប្រើបានបណ្តើរៗហើយ
កាលពីសប្តាហ៍មុន យើងបានចុះផ្សាយនូវព័ត៌មានមួយ ដែលបានបង្ហាញពី Facebook ដែលគ្រោងបញ្ចេញ មុខងារ Remove ដល់អ្នកប្រើប្រាស់ Facebook Messenger ដោយវាអនុញ្ញាតអោយអ្នកប្រើអាចលុបសារ ដែលបានផ្ញើចេញទៅ មិនអោយអ្នកដែលទទួលសារនោះ បានឃើញឡើយ។ ចំពោះរយៈពេល នៃសុពលភាព គឺត្រឹមតែ 10 នាទី ប៉ុណ្ណោះ មានន័យថា ក្នុងអំឡុងពេល 10 នាទី ដែលសារនោះបានផ្ញើ គឺអ្នកផ្ញើទៅ អាចលុបបាន ទាំងសងខាង តែបើលើស 10 នាទី គឺមិនអាចលុបបាន ទៀតទេ។
ឥលូវនេះ យើងក៏ទទួលបានដំណឹងល្អមួយ សម្រាប់ចែករំលែក នឹងបង្ហាញដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា សារជាថ្មី គឺថាមុខងារ Remove ដែលវាមានតួនាទី អាចអោយអ្នកលុបសារ ដែលអ្នកបានផ្ញើរចេញ មិនអោយអ្នកដែលទទួលសារបានឃើញ ក្នុងកម្មវិធី Facebook Messenger នោះ ពេលនេះ ត្រូវបានក្រុមហ៊ុន Facebook ទម្លាក់ចេញហើយ។ ពិតមែនហើយ សម្រាប់មុខងារលុបសារនេះ ត្រូវបានដំណើការលើគណនីមួយចំនួនហើយ ហើយវាក៏កំពុងធ្លាក់ជាបន្តបន្ទាប់ សម្រាប់គណនីជាច្រើនទៀត នៅតាមតំបន់ ឬប្រទេសជាច្រើន ដើម្បីទទួលបានចំនុចពិសេសនេះ ផងដែរ។
អញ្ចឹង នេះគឺជាដំណឹងល្អ សម្រាប់អោយអ្នកប្រើ កម្មវិធី Facebook Messenger នេះ អាចលុបសារ ដែលផ្ញើចេញរួចបានភ្លាមៗ មិនអោយអ្នកទទួលឃើញ ក្នុងអំឡុងពេល 10 នាទី ដូចជានៅពេលដែលយើង ផ្ញើសារខុស ឬច្រលំមនុស្សនោះ ជាដើម។
គួររំលឹកបន្តិចថា៖ មុខងារលុបសារនេះ មិនមែនទើបតែមាននៅលើកម្មវិធី Facebook Messenger នោះទេ ដោយវាត្រូវបានប្រើប្រាស់ នៅលើកម្មវិធី Telegram, Viber និង WhatsApp ជាយូរមកហើយ។ យ៉ាងណា ត្រូវចាំថាមុខងារនេះ មានសុពលភាពត្រឹមតែ 10 នាទីប៉ុណ្ណោះ លើសពីនេះ គឺមិនអាចស្រោចស្រង់បានឡើយ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
