CAMBO REPORT

Popup Advertising5 seconds

Microsoft និង Samsung ត្រៀម​នាំ​សេវាកម្ម​លេង​ហ្គេម PC និង Console មក​កាន់​ស្មាត​ហ្វូន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្ននរណាក៏ចូលចិត្តលេងហ្គេមដែរ ហើយការលេងហ្គេមនេះមាន​ច្រើន​បែប ច្រើន​យ៉ាង និងច្រើន​សណ្ឋាន​ផង​ដែរ ដោយ​ខ្លះ​លេង​នៅ​លើ​កុំព្យូទ័រ ម៉ាស៊ីនហ្គេម Console ក៏ដូច​ជា​លេង​នៅ​លើ​ស្មាត​ហ្វូន ថេប្លេត និងម៉ាស៊ីនហ្គេមយកតាមខ្លួនជាដើម។ ក្នុងនោះ​មុខងារ Stream ហ្គេម ក៏ទទួលបានការចាប់អារម្មណ៍មួយផ្នែកផងដែរពីសំណាក់ Gamer ព្រោះពួក​គេ​ពុំចាំ​បាច់​មា​ន​ម៉ាស៊ីន​ខ្លាំង ដើម្បី​​លេង​ហ្គេម​នោះ​ទេ គ្រាន់តែបង់ប្រាក់ប្រើប្រាស់សេវាកម្ម Streaming ទៅគឺបានហើយ ដែលនេះមិនមែនជារឿងថ្មីនោះទេ តែអ្វីដែលថ្មី ហើយនឹងកែប្រែវិស្ស័យហ្គេមឲ្យកាន់តែឈានទៅមុខមួយកម្រិតទៀតនោះគឺការនាំយកហ្គេមលេងនៅលើម៉ាស៊ីនកុំព្យូទ័រ Windows និង Console (Xbox One, PS4) ឲ្យទៅលេងនៅលើស្មាតហ្វូន ក៏ដូចជាថេប្លេតរត់ដោយ Android បាន។

ពិតណាស់ឆាប់ៗខាងមុខនេះ យើងនឹងមានសិទ្ធិគ្រប់គ្រាន់ អាចលេងហ្គេមកុំព្យូទ័រ និងហ្គេមលេងនៅលើម៉ាស៊ីន Console នៅ​លើ​ស្មាតហ្វូន​បានហើយ ដោយបច្វុប្បន្ននេះ ក្រុមការងារជំនាញបានកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ជាមួយនឹងគម្រោង Project xCloud ដែលត្រៀមនឹងបើកធ្វើតេស្ដឆាប់ៗខាងមុខ (យ៉ាងយូរឆ្នាំ2019) ដែលក្រុមហ៊ុនផលិតស្មាតហ្វូនធំជាគេ ត្រៀម​ចាប់​ដៃ​សហការណ៍​ជាមួយ​គម្រោង​នេះ​គឺ Samsung មានន័យថា Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនដំបូងគេបង្អស់ ដែលត្រៀម​នឹង​យក​មុខងារ Stream Game មានក្រាហ្វិចកប់មកដាក់ឲ្យប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន ដោយអតិថិជនអាចលេងហ្គេម​ដោយ​បញ្ជា​តាម​រយៈដៃតេឡេ ឬកាន់តែស៊ីជម្រៅបន្ថែមគឺប្រើជាមួយ Mouse និង Keyboard តាមមុខងារ Samsung DeX ជាដើម។

គួរបញ្ជាក់ប្រាប់ប្រិយមិត្តអ្នកអានឲ្យបានដឹងផងដែរថា មុខងារ Stream Game នេះនៅមិនទាន់មានព័ត៌មាន​ដែល​ស៊ីជម្រៅ​នៅ​ឡើយ​ទេ គ្រាន់តែថា បើវាចេញមកនោះ ហើយអ្នកចូលចិត្តលេងហ្គេម អាចប្រើប្រាស់សេវាកម្មនេះបាន ដោយបង់ជាខែ ហើយហ្គេមដែល​លេង​បាន​គឺ​អ្នកត្រូវចំនាយ​លុយ​ទិញផ្សេងទៀត ឧទាហរណ៍ PUBG ជាដើម អ្នកមិនចាំបាច់មានកុំព្យូទ័រខ្លាំងនោះទេ ម៉ាស៊ីន Cloud នឹង Stream ហ្គេមឲ្យ​អ្នក​លេង​ក្នុង​ល្បឿន 60fps តែម្ដង ដោយ​អ្វី​ដែល​អ្នកត្រូវការបំផុតនោះគឺអ៊ិនធឺណិតល្បឿនលឿន។ សម្រាប់​ពេល​នេះ គម្រោង xCloud នៅមិនទាន់ដាក់ឲ្យដំណើរការ ធ្វើតេស្ដនោះទេ តែយើងអាចនិយាយបានថា គម្រោងនេះ​នឹង​ទទួល​បាន​ជោគជ័យ​ច្រើន ខណៈពេលនេះនរណាក៏មានស្មាតហ្វូន ហើយមិនត្រឹមតែ Samsung នោះទេ ដែលអាចប្រើមុខងារនេះ គឺមាន​ក្រុមហ៊ុន​ផ្សេងៗទៀតផងដែរនៅពេលវាចូលក្នុងទីផ្សារបានមួយរយៈ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Microsoft Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ