CAMBO REPORT

Popup Advertising5 seconds

Pixel Slate ស៊េរី 2018 ចេញ​លក់​ហើយ ជាមួយ​រូប​រាង​ស្ដើង អេក្រង់​ច្បាស់ តែ​ក៏​ថ្លៃដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Google ទីបំផុតបានចាប់ផ្ដើមចេញលក់នូវម៉ាស៊ីន Pixel Slate ដែលជាម៉ាស៊ីនកុំព្យូទ័រ កូនកាត់ 2-in-1 ជំនាន់ថ្មីរបស់ខ្លួនហើយ ជាម៉ាស៊ីន អាចប្រើប្រាស់ជាកុំព្យូទ័រយួរដៃផង និងជាថេប្លេតផង តែវាមិនមែនល្អទាំងអស់ សម្រាប់មនុស្សទាំងអស់គ្នា នោះទេ ព្រោះវាដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Chrome OS ដែលខណៈពេលនេះ Chrome OS នៅមានកម្រិតនៅឡើយ សម្រាប់ពេលបច្ចុប្បន្ន មិនទាន់ទូលំទូលាយ ខ្លាំងដូច Windows និង macOS ឡើយ។ បានជាដូច្នេះហើយ Pixel Slate វាមិនមែនជាម៉ាស៊ីនកុំព្យូទ័រ ដែលអាចបំពេញកិច្ចការងារ បានពេញលក្ខណៈ 100% នោះទេ តែវាក៏ល្អម្យ៉ាងដែរ ទៅលើផ្នែក Media ការងារធុនល្មម ក៏ដូចជាផ្នែកកំសាន្ត។

Pixel Slate ស៊េរីចុងឆ្នាំ 2018 ស្រោប និងការពារខ្លួនដោយលោហៈ មានកម្រាស់ត្រឹម 7mm បណ្ដោយ 290mm និងទទឹង 202mm រួមជាមួយទម្ងន់សរុប 731 ក្រាម។ ម៉ាស៊ីននេះ ផ្ដល់នូវភាពងាយស្រួល ក្នុងការយកតាមខ្លួន ទុកដាក់នៅតាមទីតាំង បានយ៉ាងងាយស្រួល កាន់ប្រើក៏បាន ដាក់លើតុ ឬលើភ្លៅវាយឯកសារ ដូចកុំព្យូទ័ររត់ដោយ Windows ក៏បាន។ Pixel Slate ស៊េរីថ្មីនេះ មានអេក្រង់ទំហំ 12.3 អ៊ីញ ដែល Google ហៅអេក្រង់នោះថា Molecular Display មានសមត្ថភាពបង្ហាញ រូបភាពកម្រិត 3000 x 2000p ជាមួយនឹងកម្រិត ដង់ស៊ីតេសរុប 293ppi ជាអេក្រង់ Touchscreen អាចប្រើប្រាស់ ជាមួយម្រាមដៃដប់ និងប្រើប្រាស់ បន្ទះបង្ហាញ LCD Panel មានពណ៌ 72% នៃ NTSC ដោយវាអាចបង្ហាញ បានច្បាស់ អាចទទួលយកបាន តែមិនអាចស៊ីដាច់ Surface Pro 6 របស់ Microsoft នោះទេ។ សម្រាប់កម្លាំងម៉ាស៊ីនវិញ Pixel Slate វេចខ្ចប់ មកជាមួយនឹង CPU ចំនួន 4 ជម្រើសគឺ៖

 

• Intel Celeron Processor (សម្រាប់ម៉ូឌែលចាប់ផ្ដើម)

• Intel Core m3 ជំនាន់ទី 8 

• Intel Core i5 ជំនាន់ទី 8 

• Intel Core i7 ជំនាន់ទី 8 (សម្រាប់ម៉ូឌែលកំពូល)

 

ម៉ាស៊ីនទាំង 4 ជម្រើសនេះ មានរូបរាងរចនាបថដូចគ្នា តែមួយមាន RAM ទំហំ 4GB/8GB អមមកជាមួយនឹងអង្គផ្ទុក ទិន្នន័យក្នុងម៉ាស៊ីន 32GB/64GB តាមការជ្រើសរើស ទៅលើម៉ូឌែលចាប់ផ្ដើម ឬឡើងទៅ RAM ទំហំ 8GB/16GB និងមានអង្គផ្ទុកទិន្នន័យ 64GB/128GB/256GB សម្រាប់ម៉ូឌែលកំពូល។

កម្លាំងម៉ាស៊ីនប៉ុន្នេះ វាអាចធ្វើការងារបានច្រើន ទៅលើមុខងារផ្សេងៗទៀត ថែមទាំងអាចប្រើប្រាស់ជាមួយនឹង ប៊ិចវៃឆ្លាត Pixelbook Pen ដែលត្រូវទិញក្រៅតម្លៃ USD 99 មិនបានបន្ថែម មកក្នុងប្រអប់នោះទេ ដែលការប្រើប្រាស់ ប៊ិចវៃឆ្លាតនេះ វាជួយច្រើន ទៅដល់អ្នកឌីហ្សាញ គូរគំនូរ ជាដើម ។ល។ ក្នុងនោះផងដែរ Pixel Slate ក៏មានបំពាក់មកជាមួយនឹង កាមេរ៉ាដល់ទៅ 2 គ្រាប់ ដោយខាងមុខទំហំ 8 មេហ្គាភិចសែល មាន Aperture f/1.4 មានទំហំសេនស័រ 1.4um អាចថតវីដេអូកម្រិត Full HD ក្នុងល្បឿន 30fps ខណៈកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែលដូចគ្នា មានកម្រិត Aperture ធំបំផុត f/1.8 និងមានទំហំសេនស័រ 1.12um អាចថតវីដេអូកម្រិត 1080p @30fps ដូចគ្នា សម្រាប់ធ្វើការ Video Call និងថតរូបលេងកម្សាន។

ជុំវិញលក្ខណៈសម្បត្តិពិសេសៗផ្សេងទៀត របស់ម៉ាស៊ីននេះគឺ វាមានបំពាក់មក ជាមួយនឹង Pixel Imprint ដែលជាសេនស័រ ស្កេនក្រយ៉ៅដៃ ធានាទៅដល់សុវត្ថិភាព ក្នុងការប្រើប្រាស់ ពិសេសម្ចាស់របស់វាអាចភ្ជាប់ទៅកាន់ ម៉ូនីទ័រកម្រិត 4K បាន ដោយវាមានរន្ធ USB ប្រភេទ C ចំនួន 2 ដើរតួជារន្ធ Display អាចភ្ជាប់ទៅកាន់ ឧបករណ៍បង្ហាញរូបភាព បានច្រើនប្រភេទ និងសម្រាប់សាកថ្មល្បឿនលឿន កម្លាំង 45W ដោយសាក 15 នាទី អាចប្រើបាន 2 ម៉ោង ឬថ្មពេញ 100% អាចប្រើបាន 10 ម៉ោង នៅពេលអេក្រង់បើករហូត ឬតិចជាងនេះ ទៅតាមកាលៈទេសៈជាក់ស្ដែង។ នៅពេលនេះសម្រាប់អ្នក ដែលចង់ទិញយក Pixel Slate យកទៅប្រើប្រាស់ អាចស្វែងរកទិញបានហើយ នៅក្នុងទីផ្សារ Google Store ផ្ទាល់នៅក្នុងតម្លៃ ដូចខាងក្រោម៖

 

• Pixel Slate ប្រើ CPU Intel Celeron មាន RAM 4GB និងអង្គផ្ទុកទិន្នន័យ 64GB តម្លៃ USD 599 ឡើងទៅ 

• Pixel Slate ប្រើ CPU Intel Core m3 មាន RAM 8GB និងអង្គផ្ទុកទិន្នន័យ 64GB តម្លៃ USD 799 ឡើងទៅ

• Pixel Slate ប្រើ CPU Intel Core i5 មាន RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB តម្លៃ USD 999 ឡើងទៅ

• Pixel Slate ប្រើ CPU Intel Core i7 មាន RAM 16GB និងអង្គផ្ទុកទិន្នន័យ 256GB តម្លៃ USD 1,599 ឡើងទៅ

 

គួរបញ្ជាក់ផងដែរថា ជាមួយនឹងតម្លៃសម្រាប់ទីផ្សារអន្តរជាតិ ដូចខាងលើនេះ គឺមិនរាប់បញ្ចូល ក្ដារចុចនោះឡើយ ដោយគ្រឿង Accessories បន្ថែមមកជាមួយនឹង ប្រអប់មានតែម៉ាស៊ីន Pixel Slate មួយ ឆ្នាំងសាក ល្បឿនលឿន និងសៀវភៅណែនាំ តែប៉ុណ្ណោះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ