Oppo បញ្ចេញ Power Bank ស្អាតៗ ហើយថែមទាំងអាចសាកថ្មបានលឿនមិនធម្មតា
ឃើញថាក្រុមហ៊ុន Oppo បាននឹងកំពុងបោះជំហ៊ាន ទៅមុខឥតឈប់ឈរ ទៅលើទីផ្សារស្មាតហ្វូនរបស់ខ្លួន ហើយក្រុមហ៊ុនមួយនេះ បាននឹងកំពុងអភិវឌ្ឍន៍ នូវអ្វីដែលថ្មី ហើយប្លែកមកជាបន្តបន្ទាប់ ជាក់ស្ដែងឆ្នាំនេះ យើងទទួលបានមុខងារ សាកថ្មល្បឿនលឿន ជាងគេ នៅលើស្មាតហ្វូន បើនិយាយទៅ គឺលឿនជាង Dash Charge របស់ OnePlus និង QuickCharge 4.0+ របស់ Qualcomm ទៅទៀត នោះគឺ SuperVOOC ដែលធានា ទៅដល់ការសាកថ្ម បានរហ័សជាងគេ សាកមួយភ្លែតពេញៗ ជាមួយកម្លាំងអគ្គិសនី បញ្ចេញដល់ 50W អាចយកទៅសាកថ្ម Laptop មួយភាគធំបាន។
មិនត្រឹមតែស្មាតហ្វូនមួយមុខគត់នោះទេ ដែលអាចសាកថ្ម បានលឿនបែបនេះ ជាក់ស្ដែង Oppo ក៏បានប្រកាសចេញនូវដុំ Power Bank បំពាក់មកជាមួយនឹងមុខងារ សាកថ្មល្បឿនលឿន SuperVOOC នេះ មកជាមួយផងដែរ ខណៈពេលដែលរូបរាង របស់វាមើលទៅ Cute គួរឲ្យស្រលាញ់ ដោយឃើញដំបូង យើងអាចនឹងវាយតម្លៃថា វាគឺជា Power Bank មានភាពសាមញ្ញ ទូទៅ ធម្មតាដូចគេឯងអញ្ចឹងដែរ។ តែសូមកុំយល់ច្រឡំព្រោះដុំ Power bank លេងស្ទីលបែប Pokemon ពណ៌លឿងនេះ ក៏មានសមត្ថភាពផ្គត់ផ្គង់ ចរន្តអគ្គិសនីលោតដល់ទៅ 50W ដូចគ្នា ឬស្មើនឹងកម្លាំង 10V x 5A មានន័យថា ស្មាតហ្វូនរបស់ Oppo ដែលអាចប្រើប្រាស់ ជាមួយមុខងារ SuperVOOC នេះបាន គឺទទួលបានប្រយោជន៍ច្រើន ខណៈពេល ដែលការសាកថ្មលឿនហួសនិស្ស័យ ដោយសាកពី ០% ទៅ 40% ត្រឹមតែ 10 នាទីប៉ុណ្ណោះ គឺលឿនជាងដុំសាកភាគច្រើន ដែលដោតទៅផ្ទាល់ ជាមួយនឹងព្រីភ្លើង សព្វថ្ងៃ។
យ៉ាងណាក៏ដោយ បើអ្នកមិនមែនជាអតិថិជន ឬមានស្មាតហ្វូន Oppo ដែលអាចប្រើប្រាស់ជាមួយនឹង ស្មាតហ្វូន Support ជាមួយមុខងារ SuperVOOC ក៏ដោយ ក៏អ្នកនៅតែអាចធ្វើការ សាកថ្មជាមួយ Power bank នេះបានដូចគ្នា គ្រាន់តែអ្នកនឹងបាត់បង់នូវ អត្ថប្រយោជន៍សាកថ្មល្បឿនលឿន នេះតែម្ដង។ Oppo SuperVOOC Power bank នេះប្រើប្រាស់ឌុយ USB ប្រភេទ C ដើម្បីសាកថ្មបញ្ចូល មានទំហំសរុប 10,000mAh និងមានរន្ធ USB ប្រភេទ A មួយទៀត សម្រាប់សាកថ្ម ទៅកាន់ស្មាតហ្វូន ថេប្លេត និងឧករណ៍អេឡិចត្រូនិច ផ្សេងៗទៀត តាមតម្រូវការ។ ក្រុមហ៊ុន Oppo នឹងចាប់ផ្ដើមចេញលក់វា នៅក្នុងទីផ្សារស្រុកចិន ជាលើកដំបូង ក្នុងតម្លៃប្រហាក់ប្រហែល 399 យ័ន (លុយចិន) ឬស្មើនឹង USD 58។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
