CAMBO REPORT

Popup Advertising5 seconds

បទ​បង្ហាញ​លម្អិត​នៃ​រឿង​ភាគ Daredevil Season 3

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អនាគតរបស់ខ្សែភាពយន្តភាគរបស់ Marvel នៅលើ Netflix កាន់តែងងឹតទៅៗហើយ បន្ទាប់ពីក្រុមហ៊ុន Netflix បានសម្រេចចិត្តឈប់បន្តផលិតរឿង Iron Fist និង Luke Cage រដូវកាលទីបីរួចមក។ ជាក់ស្តែងក្នុងចំណោមរឿងភាគល្បីៗរបស់ Marvel នៅលើ Netflix សល់តែ Jessica Jones និង Daredevil ប៉ុណ្ណោះ។ យើងក៏ចង់រំលឹកផងដែរថា រឿងភាគបែប Superhero របស់ Marvel គឺ Daredevil ជារឿងដែលល្បីជាងគេក្នុងចំណោមរឿងភាគផ្សេងៗទៀតរបស់ Marvel នៅលើ Netflix។ ដោយរដូវកាលទីបីទើបតែចាប់ផ្តើមដាក់អោយយើងទស្សនាលើសេវាកម្មរបស់គេកាលពីថ្ងៃទី ១៩ ខែតុលាថ្មីៗនេះទេ។ អញ្ចឹងនេះជាអត្ថបទ Review នៃរឿង Daredevil រដូវកាលទីបីនេះ ថាតើវាល្អមើលដល់កម្រិតណា ហើយថាតើ Netflix នឹងបន្តផលិតរដូវកាលទីបួន ឬក៏អត់ដែរ។ សូមបញ្ជាក់ផងដែរថា ចំពោះអត្ថបទនេះ នឹងមាន Spoiler Alerts ខ្លះៗ តែយើងនឹងព្យាយាមធ្វើយ៉ាងណាអោយវាមានតិចបំផុត ដើម្បីកុំអោយខូចសាច់រឿងសម្រាប់អ្នកមិនទាន់បានមើល។

ជាដំបូងយើងសូមរៀបរាប់សាច់រឿងតពី The Defenders បន្តិច ដូចអ្នកបានដឹងអញ្ចឹង Matt Murdock (Daredevil) ត្រូវបានអាគាររលំសង្កត់ពីលើ ហើយអ្នកគ្រប់គ្នាបានគិតថា គាត់បានស្លាប់បាត់ទៅហើយ។ តែ Superhero មិនមែនចេះតែស្លាប់នោះទេ ចឹងគាត់បានវិលត្រលប់មកវិញ ពោរពេញដោយកំហឹងជាងមុន ដោយគាត់មិនជឿលើច្បាប់ទៀតនោះទេ។ បន្ទាប់ពីបានទស្សនាទាំង ១៣ ភាគរួចមក តួអង្គ Daredevil ដែលសម្តែងដោយលោក Charlie Cox ពិតជានៅតែសម្តែងបានល្អដដែល ទាំងឈុតឆាកប្រយុទ្ធគ្នា និងឈុតឆាកធម្មតាជាមនុស្សពិការភ្នែក។ នៅពេលដែលគាត់បានដឹងថា Wilson Fisk ដែលសម្តែង ដោយលោក Vincent D'Onofrio បានចេញមកក្រៅឃុំ និងត្រូវបានការពារដោយភ្នាក់ងារពិសេស FBI គាត់ពិតជាអស់ជំនឿទៅលើច្បាប់ទៀតហើយ ចឹងនៅសល់តែជម្រើសមួយទៀតប៉ុណ្ណោះ ដែលអាចធ្វើអោយ Kingpin (Wilson Fisk) មិនអាចធ្វើបាបមិត្តភក្តិជិតស្និទ្ធឬអ្នកដទៃបានទៀត នោះគឺសម្លាប់ចោលតែម្តង។ Kingpin ជាតួចិត្តអាក្រក់ដែលខ្លាំងមួយរបស់ Marvel នៅក្នុង Season 3 នេះ គាត់កាន់តែខ្លាំង ដែលមានសមត្ថភាពអាចពង្វក់និងបោកប្រើ FBI បាន អ្វីៗគឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់គេទាំងអស់មិនថា FBI ឬក៏តុលាការឡើយ បើទោះបីជាគាត់ស្ថិតនៅក្នុងការឃុំខ្លួនក្តី។ ប៉ុន្តែគ្រប់មនុស្សសុទ្ធតែមានចំណុចខ្សោយ ហើយសម្រាប់ Kingpin នេះ ចំណុចខ្សោយរបស់គាត់ជាមនុស្សស្រីម្នាក់ដែលគាត់ស្រលាញ់បំផុតនោះគឺ Vanessa Mariana។ សាច់រឿងកាន់តែជក់ចិត្ត នៅពេលដែល Benjamin "Dex" Poindexter បានក្លាយទៅជាមនុស្សអាក្រក់ ដែលគេហៅគាត់ថា Bullseye គ្រប់យ៉ាងកាន់តែច្របូកច្របល់នៅពេលដែល Dex ទៅធ្វើការអោយ Wilson Fisk ហើយបានពាក់ឈុតរបស់ Daredevil និងបានជួបជាមួយ Matt ផងដែរ។ សាច់រឿងនេះក៏បានអោយយើងបានដឹងពីប្រវត្តិខ្លះៗរបស់ Dex ដែរ គ្រាន់តែយើងមិនទាន់បានដឹងច្បាស់អស់នៅឡើយ។ ឈុតឆាកដែល Daredevil ក្លែងក្លាយប្រយុទ្ធគ្នាជាមួយ Daredevil ពិតប្រាកដ គឺពិតជាល្អមើល ទាំងក្បាច់ប្រយទ្ធនិងបច្ចេកទេសនៃការថត។ ងាកមកកាន់តួអង្គ Karen Page និង Franklin "Foggy" Nelson វិញ បើទោះបីជា Matt លែងជឿជាក់ទៅលើច្បាប់យ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមានះថាអ្វីៗត្រូវធ្វើទៅតាមច្បាប់ជានិច្ច វាពិតជាគ្រោះថ្នាក់សម្រាប់ពួកគេក្នុងការតទល់ជាមួយនឹងកូនចៅរបស់ Kingpin។ យើងចាំបានថា កាលពី Season 1 និង 2 យើងនៅមិនទាន់បានដឹងអំពីប្រវត្តិរបស់ Karen Page ម្នាក់នេះទេ ដែលសម្តែងដោយអ្នកនាង Deborah Ann Woll តែនៅក្នុង Season 3 នេះ អ្នកទាំងអស់គ្នានឹងបានដឹងមិនខានអំពីប្រវត្តិដ៏អាថ៌កំបាំងរបស់គាត់។ អេ យើងក៏មិនភ្លេចភ្នាក់ងារពិសេស Rahul "Ray" Nadeem ដែរ ដែលសម្តែងដោយលោក Jay Ali។ គាត់នេះហើយ ជាដើមហេតុចំបងធ្វើអោយ Wilson អាចស្ថិតនៅក្រៅឃុំបាន ដោយគាត់គិតថាវាជារឿងចាំបាច់ តែការពិតគាត់ត្រឹមជាកូនអុកដែលគេបោកប្រើតែប៉ុណ្ណោះ។ នៅមានសាច់រឿង និងឈុតឆាកពិសេសៗជាច្រើនទៀត ដែលយើងមិនអាចរៀបរាប់អស់ ព្រោះខ្លាចខូចសាច់រឿងរបស់អ្នកទាំងអស់គ្នា។ បញ្ជាក់ផងដែរថា Season 3 នេះ យើងបានដឹងពីប្រវត្តិរបស់តួអង្គច្រើន ទាំង Karen Page, Bullseye និង Matt Murdock ផងដែរ ចឹងកុំភ្លេចតាមដានដើម្បីដឹងថាតើអ្វីទៅជាប្រវត្តិបន្ថែមរបស់ Daredevil នេះ។

សរុបមកវិញ ក្នុង Season ៣ នេះនៅតែល្អមើល ក្នុងចំណោមរឿងភាគរបស់ Marvel នៅលើ Netflix។ សាច់រឿងរាងអូសបន្លាយបន្តិច តែវាប្រទាក់ក្រឡាគ្នាបានល្អ ហើយអ្វីដែលពិសេសនោះគឺសាច់រឿងទាំងស្រុងគឺពិតជាផលិតបានល្អ វាធ្វើអោយយើងមិនងាយទាយសាច់រឿងត្រូវមុននោះទេ។ លើសពីនេះ តួអង្គ Matt Murdock, Wilson Fisk នៅតែសម្តែងបានល្អ សូម្បីតួអង្គថ្មី ជាតួ Dex (Bullseye) ក៏សម្តែងបានល្អផងដែរ ទាំងឈុតឆាកវាយប្រហារគ្នានិងឈុតឆាកធម្មតាៗ។ ចឹងសាច់រឿងល្អ បូករួមទាំងតួសម្តែងពោរពេញដោយទេពកោសល្យ Season ៣ នេះនៅតែល្អមើលដដែល។ សោកស្តាយដែរ ដោយមានពត៌មានថ្មីៗ បានបញ្ជាក់ថា Season 3 នេះ មានចំនួនអ្នកទស្សនា ធ្លាក់ចុះច្រើន បើធៀបជាមួយ Season 2 ហេតុផលអាចបណ្តាលមកពីអ្នកមើលរង់ចាំយូរពេក បើសិនជាយើងគិតទៅលើគម្លាតរយៈពេលពី Season 2 មក Season 3 នេះ។ ចឹងយើងសង្ឃឹមថា អនាគតរបស់រឿងភាគ Daredevil នេះ មិនដូច Iron Fist និង Luke Cage ទៅចុះ។ បើសិនជាអ្នកចូលចិត្តទស្សនាខ្សែភាពយន្ត មិនថារឿងមួយភាគចប់ឬក៏រឿងច្រើនភាគច្រើន Season នោះ រឿងភាគ Daredevil នេះមិនគួររំលងឡើយ ដោយមានបញ្ចាំងលើ Netflix ទាំងបី Season ហើយនៅពេលនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Pranith ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: Lifestyle