CAMBO REPORT

Popup Advertising5 seconds

SONY ប្រកាសចេញ PS4 Pro មាន​អង្គផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​កាន់​តែ​ធំ​ដល់ 2000GB

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្នហ្គេមដែលចេញមកថ្មីៗ ជាប្រភេទ Big Title ឬយើង​ហៅ​ថា​កំពូល​ហ្គេម គឺមាន​ក្រាហ្វិច​កប់ៗ ខ្លះក៏​​ជា​​ប្រភេទ Open World ដែល​តម្រូវ​ឲ្យ​ទំហំ​ហ្គេមទាំងមូលរីកមាឌធំទាល់​តែ​មែន​ទែន ជាហេតុធ្វើឲ្យអ្នកកំពុងប្រើប្រាស់ ឬជាម្ចាស់របស់ PS4 ស៊េរី​ចាស់ ដែល​មាន​អង្គផ្ទុក​ទិន្នន័យត្រឹម 500GB មិនអាច​រក្សា​ហ្គេម វីដេអូ ឬរូបភាព ជាច្រើនរបស់ខ្លួននោះទេ សូម្បីតែម៉ាស៊ីនមានទំហំផ្ទុកដល់ 1000GB ក៏មិនអាចគ្រប់គ្រាន់ផងសម្រាប់អ្នកប្រើប្រាស់មួយចំនួន។ បញ្ហានោះ នឹងត្រូវបានដោះស្រាយជាមួយនឹងម៉ាស៊ីន PS4 Pro ជំនាន់​ថ្មីពី SONY ជាមួយនឹងការពង្រីកទំហំផ្ទុកកាន់តែធំសម្បើមជាងមុនលោតរហូតដល់ 2000GB ឯណោះ។

យោងតាមសេចក្ដីប្រកាសពត៌មានរបស់ SONY ផ្ទាល់ ដែលចេញផ្សាយពីជប៉ុនបានឲ្យដឹងថា ខ្លួននឹងបញ្ចេញ PS4 Pro ជំនាន់​ថ្មី​មួយ​​ទៀត ដែលវានឹងចេញមុខដោះស្រាយទៅដល់បញ្ហាកង្វះអង្គផ្ទុកទិន្នន័យនៅពេលបច្ចុប្បន្ន ដោយវានៅតែបន្តរក្សារូបរាង និង​រចនាបថ​​ដដែល ដោយខុសតែទំហំផ្ទុកធំជាងមុនប៉ុណ្ណោះ ដូច្នេះសូមកុំយល់ច្រឡំ មានន័យថាបើអ្នកនៅមាន PS4 ក្រាស់ ឬស្ដើង មាន​ទំហំផ្ទុក 500GB ឬ 1000GB ហើយមិនសូវប្រើ Hard Disk ខាងក្នុងម៉ាស៊ីនរក្សាហ្គេម ឬវីដេអូនោះទេ មិនចាំបាច់ខ្វាយខ្វល់​ឈឺ​ក្បាល​ជាមួយ​វា​នោះ​ទេ។ ជាមួយនឹង PS4 Pro 2000GB ថ្មីនេះ នឹងចាប់ផ្ដើមចេញលក់ដំបូងគេបំផុតក្នុងទីផ្សារជប៉ុននៅថ្ងៃទី 21 ខែវិច្ឆិកាខាង​មុខ​នេះ​ឯង​ក្នុង​តម្លៃប្រហាក់ប្រហែល 44.980 ¥ ជប៉ុន ឬស្មើនឹង USD 400 សហរដ្ឋអាមេរិក ជាតម្លៃមួយធូរថ្លៃ បើ​ធៀប​ទៅនឹងតម្លៃ PS4 Pro ចេញលក់កាលពីលើកដំបូងនៅទីផ្សារអន្តរជាតិមួយចំនួន។

PlayStation 4 Pro ទំហំផ្ទុក 2000GB នឹងមិនចេញលក់តែនៅក្នុងទីផ្សារជប៉ុនតែមួយនោះទេ SONY នឹងដឹកវាចេញ​យក​ទៅ​លក់​នៅ​​តាម​បណ្ដា​ប្រទេសជាច្រើនផ្សេងៗទៀតក្នុងពិភពលោក ខណៈហ្គេមរបស់ម៉ាស៊ីននេះនៅតែបន្តចេញជាបន្តបន្ទាប់ ឬម៉ាស៊ីន​របស់​វា​ត្រូវ​បាន​គេ Hacked ធ្វើការ Jailbreak ប្រព័ន្ធសុវត្ថិភាពបានរួចក៏ហើយក្ដី។ សម្រាប់ស្រុកខ្មែរយើង វាក៏នឹងមកដល់ដូចគ្នា តែ​តម្លៃ​ប្រហែល​ជា​ថ្លៃ​ជាង​បន្តិច ហើយបើអ្នកលេងហ្គេមដោយប្រើឌីស ឬទិញតាមរយៈទីផ្សារអេឡិចត្រូនិច PSN ចាំពិចារណាជាមួយវា ព្រោះ​អ្នកអាច​ទិញ​ហ្គេម ហើយតម្លើងនៅលើម៉ាស៊ីនបានច្រើនជាងមុន!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម