CAMBO REPORT

Popup Advertising5 seconds

MacBook Air 13 អ៊ីញ ស៊េរី 2018 អេក្រង់ Retina Display គែម​ខ្លី​ជាង​មុន ជាមួយ​នឹង​សមត្ថភាព​កាន់​តែ​ប្រសើរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងព្រឹត្តិការណ៍ Apple Special Event កាលពី​យប់​មិញនេះ ក្រុមហ៊ុន​ផ្លែប៉ោម បានធ្វើការ​បើក​ឆាក​ជាមួយ​ការ​បង្ហាញ​វត្តមាន MacBook Air ជំនាន់ថ្មី ស៊េរីឆ្នាំ 2018 ដោយ​រចនាបថ​រូបរាង​របស់វា គឺនៅដដែល មិនខុសពីម៉ូឌែលមុនៗទេ ប៉ុន្តែក៏មាន​កំណែ​អាប់ដេត​មួយចំនួន សម្រាប់ទាក់ចិត្តរបស់អ្នក អោយមកចាប់អារម្មណ៍លើវាបាន ផងដែរ។ អញ្ចឹង យើងនឹងធ្វើការបង្ហាញនូវ​លក្ខណៈ​សម្បត្តិពី​កុំព្យូទ័រយួរដៃនេះ ដូចខាងក្រោម៖

MacBook Air ស៊េរី 2018 មានតួខ្លួនស្រោបឡើង ពីលោហៈធាតុថ្លៃដូច MacBook Pro ជំនាន់ថ្មីដែរ ដោយអេក្រង់របស់វា នៅតែ​រក្សា​ទំហំ 13 អ៊ីញដដែល តែមានគែមខ្លីជាងមុន ជាមួយកម្រិតបង្ហាញរូបភាព 2560 x 1600 ភិចសែល ជាប្រភេទអេក្រង់ Retina Display ដែលការបង្ហាញរូបភាពរបស់វា គឺច្បាស់ជាង ភ្លឺជាង និងមានភាពមុតជាងជំនាន់មុន និយាយទៅដូចអេក្រង់ដែលបំពាក់លើ MacBook និង MacBook Pro អញ្ចឹងដែរ។

ក្រុមហ៊ុន Apple បានធ្វើការបំពាក់ Touch ID លើម៉ាស៊ីន MacBook Air ស៊េរីឆ្នាំ 2018 អោយកាន់តែមានភាពទាន់សម័យ មួយកម្រិត​ទៀត ជាមួយ​ការប្រើប្រាស់ T2 Chip ដែលធ្លាប់បានបំពាក់នៅលើម៉ាស៊ីន MacBook Pro ស៊េរីឆ្នាំ 2018 ហើយសម្រាប់ T2 Chip នេះ មិនត្រឹមតែលឿនជាងមុននោះទេ តែវាផ្ដោតសំខាន់ផងដែរ ទៅលើប្រព័ន្ធសុវត្ថិភាព របស់ម៉ាស៊ីន និងថែមទាំងអាចធ្វើការ Encrypt ទៅ​លើ​ទិន្នន័យក្នុងម៉ាស៊ីន បានទៀតផង ធ្វើអោយឯកសាររបស់អ្នក មិនអាចមានអ្នក បើកបាន។  មិនតែប៉ុណ្ណោះឈីប T2 នេះ ក៏ដើរ​តួ​យ៉ាង​សំខាន់ ទៅលើមុខងារវៃឆ្លាត មួយចំនួនទៀត ដែលផ្ដល់ភាពងាយស្រួល ទៅដល់ម្ចាស់ MacBook Air (2018) ទាំងអស់ ដោយ​ក្នុង​នោះ យើងអាចហៅ Siri ដោយពុំចាំបាច់បញ្ជា ប៉ះម៉ាស៊ីន។

សម្រាប់ក្ដារចុច នៅលើ MacBook Air 2018 គឺជាក្ដារចុច ដែលប្រើប្រាស់ Butterfly Switch ជំនាន់ទី 4 ថ្មី ដែលវាមាន​សម្លេង​ស្ងាត់​ជាង​មុន និងងាយស្រួលចុចជាងមុន។ បច្ចេកវិទ្យា Force Touch នៅលើ Trackpad កុំព្យូទ័រនេះ លាតធំជាងជំនាន់មុន 20% ហើយ Speaker របស់វា លាន់លឺជាងមុន 25% ផងដែរ។ MacBook Air 13 អ៊ីញ ស៊េរី 2018 មានទម្ងន់ 1.24 គីឡូក្រាម មាន​កម្រាស់​ស្តើង​ជាង​មុន 10% និងមានរន្ធ Thunderbolt 3 ចំនួន 2។ ចំពោះថាមពលថ្មវិញ វាអាចប្រើប្រាស់អ៊ីនធឺណែត ឬទូទៅបាន 12 ម៉ោង និង​ទស្សនា​វីដេអូបាន 13 ម៉ោង។

MacBook Air នេះ បំពាក់មកជាមួយឈីប CPU ជំនាន់ទី 8 របស់ Intel ម៉ូឌែល Core i5 ប្រភេទ Dual-Core មានល្បឿន 1.6GHz និងអាចបង្កើន ល្បឿនឡើងទៅ 3.6GHz។ ក្នុងនោះ MacBook Air ស៊េរីឆ្នាំ 2018 មានរ៉េមទំហំ 8GB ជាប្រភេទ LPDDR3 ជួយ​សន្សំ​សំចៃ​ភ្លើង មានល្បឿន Bus 2133MHz អមមកជាមួយនឹង GPU Intel UHD Graphics 617 ហើយនេះជាកំណែអាប់ដេតមួយរបស់ Apple ធ្វើអោយម៉ូឌែលនេះ ដំណើរការបានរលូន ពេលប្រើប្រាស់កម្មវិធីច្រើន ក្នុងពេលតែមួយ។ វាមានអង្គផ្ទុកទិន្នន័យចំនួន 2 ជម្រើស រួមមានទំហំ 128GB និង 256GB ជាប្រភេទ SSD មានល្បឿន លឿនបំផុត។

 

 

MacBook Air 13 អ៊ីញ ស៊េរី 2018 មានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមានពណ៌ Space Gray, ពណ៌ Silver និងពណ៌ Gold។ កុំព្យូទ័រនេះ នឹងដាក់លក់ នៅថ្ងៃទី 07 ខែវិច្ឆិកា ជាមួយតម្លៃចាប់ពី 1199 ដុល្លារ ហើយវានឹង មកដល់ទីផ្សារ ស្រុកខ្មែរក្នុង រយៈ​ពេល​ដ៏​ខ្លី ខាងមុខនេះ ជាមួយនឹងតម្លៃ អាចថ្លៃជាងតម្លៃដើមនេះ បន្តិចបន្តួច។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Apple Tag: កុំព្យូទ័រ