CAMBO REPORT

Popup Advertising5 seconds

ស្ពានឆ្លងសមុទ្រវែង​ជាង​គេ​លើ​ពិភព​លោក​របស់​ចិន ចាប់បើក​សម្ភោធ​ជា​ផ្លូវ​ការ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជាទូទៅយើងធ្លាប់តែឃើញស្ពានឆ្លងកាត់ព្រែក សន្ទឹង ទន្លេ ឬសមុទ្រ ដែល​មាន​រយៈ​ចម្ងាយ​ជិត ឬឆ្ងាយ​អាស្រ័យ​ទៅ​លើ​ទីតាំង​ផ្ទាល់ រហូត​ដល់​ស្ពា​ន​ខ្លះ​នៅ​បរទេសមាន​ប្រវែង​រាប់​សិប​គីឡូម៉ែត្រ ជាឧទាហរណ៍​ស្ពាន​នៅ​ឯ San Francisco មាន​ឈ្មោះ​ហៅ​ថា Golden Gate Bridge យើងតែងឃើញនៅតាមខ្សែភាពយន្តខ្នាតធំ ឬបងប្អូនខ្មែរយើងមួយចំនួន​បាន​ទៅ​ដល់​ហើយ​នោះ​មានរយៈចម្ងាយដល់ទៅ 2.7គីឡូម៉ែត្រ និងស្ពាន Oaklan Bay Birdge មានចម្ងាយដល់ទៅ 7.18 គីឡូម៉ែត្រ ពិតជាឆ្ងាយ ដើរមួយហត់។ យ៉ាងណាក៏ដោយ ស្ពានឆ្លងសមុទ្រទាំងនោះ ក៏ដូចជាស្ពានវែងៗនៅលើលោកបច្ចុប្បន្ន​គឺនៅ​ចាញ់​ស្ពាន​ឆ្លងសមុទ្ររបស់ចិន ដែលទើបនឹងបើកសម្ភោធជាផ្លូវការកាលពីថ្ងៃពុធម្សិលមិញនេះនោះទេ។

ប្រភពអន្តរជាតិជាច្រើនបានចេញផ្សាយដាក់នៅលើទំព័រមុខ ជុំវិញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលប្រទេស​ចិន​មហា​អំណាច​សេដ្ឋកិច្ច បានសម្រេចសាងសង់រួច និងបើកសម្ភោធជាផ្លូវការនូវស្ពានមានរយៈចម្ងាយវែងជាងគេរបស់ខ្លួន ហើយ​វា​ក៏​ក្លាយ​ទៅ​ជា​ស្ពាន​ឆ្លងសមុទ្រ ដែលវែងជាងគេលើភពផែនដីមានចម្ងាយដល់ទៅ 34 ម៉ាយ ឬស្មើនឹង 55 គីឡូម៉ែត្រ បាន​ចំនាយ​ពេល​សាងសង់អស់រយៈពេល 9 ឆ្នាំ។ ជាមួយនឹងការប្រកាសបើកសម្ភោធជាផ្លូវការនេះ ប្រធានាធិបតីចិនលោក Xi Jingping បានលើកឡើងអំពីគោលនយោបាយល្អៗ ក៏ដូចជាផលប្រយោជន៍នៃសេដ្ឋកិច្ចក្នុងស្រុក និងជំនួញ ដែលស្ពាននេះ នឹងជួយដោះស្រាយបញ្ហាជាច្រើនសម្រាប់ប្រជាជនចិន និងប្រជាជននៅហុងកុង។

ជាការពិតណាស់ស្ពានឆ្លងសមុទ្រមហាវែងមួយនេះ គឺជាសរសៃឈាមតភ្ជាប់ពីទឹកដីចិន ស្ថិតនៅទីក្រុង ប៉េកាំង ទៅកាន់​ទីក្រុង​ហុងកុងផ្ទាល់តែម្ដង ដែលធ្វើឲ្យប្រទេសទាំងពីរមានភាពស្អិតរមួត និងងាយស្រួលក្នុងការគ្រប់គ្រង ពិសេសវានឹងជួយ​ទៅ​ដល់​ទីក្រុងធំៗ​ផ្សេងទៀតដូចជា Shenzhen, Zhuhai, Macau និងទីក្រុងធំចំនួន 8 ផ្សេងទៀត ឲ្យដំណើរការផ្នែក​សេដ្ឋកិច្ចកាន់​តែប្រសើរ។ គួរបញ្ជាក់ផងដែរថាស្ពានឆ្លងសមុទ្រដ៏ឆ្ងាយមួយនេះ មិនមែនមានតែស្ពានសុទ្ធនោះទេ ជុំវិញការ​រៀប​ចំគម្រោងមេ និងការសាងសង់ ត្រូវបានសិក្សាយ៉ាងលម្អិត ដែលតម្រូវឲ្យវិស្វករចិនសម្រេចបង្កើតនូវកោះសិប្បនិមិត្តចំនួន 2 ដើម្បី​សម្រួលទៅដល់ប្រតិបត្តិការនៃស្ពានទាំងមូល ដែលកោះពីរនោះបង្កើតឡើង​សម្រា​ប់​ឲ្យនាវាធំៗ​ឆ្លងកាត់រាប់បញ្ចូល​ទាំង​កប៉ាល់ទេសចរណ៍ និងនាវាដឹកទំនិញយក្សឆ្លងទ្វីបផងដែរ។

 

 

កោះសិប្បនិមិត្តនោះ គឺជាផ្លូវទឹកពិសេស ដែលអ្នកធ្វើដំណើរនៅលើស្ពានត្រូវបើកចូលទៅក្នុងបាតសមុត្រជម្រៅ 44.5 ម៉ែត្រ​ក្នុង​រយៈចម្ងាយ 7 គីឡូម៉ែត្រ ទើបឡើងគោកវិញ រួចត្រូវឆ្លងកាត់ Link Road មួយតង់ទៀត ទើបទៅដល់ហុងកុង។ បើ​តាម​ការ​អះអាងរបស់មន្ត្រីក្នុងតំបន់នោះបានធ្វើការវាយតម្លៃថា ស្ពានដ៏វែងមួយនេះ នឹងមានរថយន្តឆ្លងកាត់មួយថ្ងៃមិនតិចជាង 9,200 គ្រឿង​នោះទេ តែដើម្បីអាចធ្វើការឆ្លងកាត់ស្ពាននេះបានរថយន្ត ដែលឆ្លងកាត់នោះ ត្រូវតែទទួលបាន​ការអនុញ្ញាត​ពិសេស​ជាមុន​សិនទើបបាន។ សម្រាប់ការបើកឲ្យប្រើប្រាស់លើកដំបូង ស្ពាននេះមិនបើកឲ្យរថយន្តក្រុងឯកជន និង​រថយន្តដឹក​ទំនិញ​សាធារណៈធ្វើការឆ្លងកាត់នោះទេ។

គួររំលឹកផងដែរថាស្ពាននេះបានចំនាយប្រាក់ក្នុងការសាងសង់អស់ជាង 20 ពាន់លានដុល្លារ ដែលវាបង្កើតឡើង​ដោយ​ការពារ​​នៅ​ពេល​មាន​ការ​រ​ញ្ជួយផែនដី ខ្យល់ព្យុះ និងគ្រោះធម្មជាតិផ្សេងៗទៀតផងដែរ។ យ៉ាងណាក៏ដោយ បើទោះបីជាមាន​ឱកាសបើកលើស្ពានវែងនេះក៏ពិតមែននោះ តែវាពោរពេញទៅដោយប្រព័ន្ធសុវត្ថិភាព កាមេរ៉ាតាមដានគ្រប់ជ្រុងជ្រោយ! សម្រាប់​ប្រទេសកម្ពុជាយើង ក៏ចូលរួមអបអរសាទរនូវស្នាដៃមួយនេះ សម្រាប់ជាប្រវត្តិសាស្រ្តលើផែនដី។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: BBC News Tag: Lifestyle