CAMBO REPORT

Popup Advertising5 seconds

Alienware កំពុង​ពិចារ​ណា​ទៅ​លើ​ការ​ផលិត Motherboard និង GPU របស់​ខ្លួន​ដែ​រ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងដឹងហើយថា Alienware គឺជាម៉ាកល្បី ដែលតំណាងឲ្យ ស្លាកយីយោ ឬពាណិជ្ជនាម​ជា​អន្តរជាតិ ទៅលើ​ផ្នែករឹង​របស់​កុំព្យូទ័រ មាន​ល្បឿន​លឿន ផ្ដោតសំខាន់​បំផុត​ទៅ​លើការលេងហ្គេម ដោយពីមួយជំនាន់ទៅមួយជំនាន់ ក្រុមការងាររបស់ Alienware បាន​នាំ​មកនូវផ្នែករឹងល្អៗ ជាមួយនឹងផលិតផលថ្មីៗដេញស៊េរីមិនចាញ់ម៉ាកផ្សេងៗទៀតឡើយ។ ជា​ក់​ស្ដែង​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន Alienware មានលក់កុំព្យូទ័រយួរដៃ (Notebook) និងកុំព្យូទ័រលើតុ (Desktop) សម្រាប់លេងហ្គេម អមមក​ជាមួយនឹង កាសសម្រាប់លេងហ្គេម ម៉ូនីទ័រសម្រាប់លេងហ្គេម ក្ដារចុចសម្រាប់លេងហ្គេម Mouse ចុចសម្រាប់​លេង​ហ្គេម និងមួយចំនួនផ្សេងទៀត ដែលត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន DELL ដែលបានទិញយក Alienware ជាង 10 ឆ្នាំ​មុន។

បើទោះបីជា Alienware មានផលិតផលលក់ច្រើននៅក្នុងទីផ្សារក៏ពិតមែន តែក្រុមហ៊ុនមនុស្សភពផ្កាយមួយនេះ នៅមិនបន្ត​ធ្វើ​​រឿង​ដដែលៗនោះទេ ដោយត្រៀមនឹងចេញគម្រោងថ្មីៗបន្ថែមទៀតតាមការវិវឌ្ឍន៍នៃសេចក្ដីត្រូវការ និងការប្រកួតប្រជែង​ក្នុង​ទីផ្សារបច្ចុប្បន្ន។ បើយោងតាមប្រភពព័ត៌មានអន្តរជាតិបានចេញផ្សាយឲ្យដឹងថា Dell បានកំពុងស្ថិតក្នុងការពិចារណា និងសម្រេចចិត្ត ក្នុងការពង្រីកទីផ្សារ Alienware របស់ខ្លួនឲ្យបានកាន់តែធំ និងច្រើនសំបូរបែបបន្ថែមទៀតទៅលើផលិតផល ដែល​ជាផ្នែករឹងរបស់កុំព្យូទ័រ ពិសេសគឺការផលិតបន្ទះ Motherboard និងក្រាហ្វិចកាត (GPU) ដោយខ្លួនឯង ខណៈពេល​បច្ចុប្បន្ន​នេះ Alienware មានតែ Motherboard សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងការវេចខ្ចប់លក់ក្នុងម៉ាស៊ីន Desktop របស់​ខ្លួន​ប៉ុណ្ណោះ ដែលវាមើលទៅមិនមានអ្វីទាក់ទាញខ្លាំងដូចទៅនឹង Motherboard ផលិតឡើងដោយ MSI, ASUS, ASROCK ឡើយ ហេតុនេះការផលិត Motherboard បើវានឹងកើតឡើងពិតមែន Alienware នឹងមានបន្ទះ Board ដេញ​ស៊េរី និងជំនាន់មិនចាញ់ម៉ាកទាំងនោះឡើយ។

មួយវិញទៀតសម្រាប់ក្រាហ្វិចកាត Alienware នៅតែបន្តទិញឈីបពីក្រុមហ៊ុន nVIDIA និង AMD ដដែល តែវានឹង​ធ្វើ​ការ​តម្លើង​បន្ទះ PCB ក៏ដូចជារចនារូបរាង និងល្បឿន ឲ្យខុសពីក្រាហ្វិចកាតពពួក Founder Edition ដែលចេញដោយ nVIDIA ឬ AMD ផ្ទាល់។ យ៉ាងណាមិញសម្រាប់ការសម្រេចចិត្តពីគណៈគ្រប់គ្រងរបស់ Dell នឹងសម្រេចចិត្តយ៉ាងណានោះ គឺវា​អាស្រ័យ​ទៅលើគម្រោងមេ យុទ្ធសាស្ត្រទីផ្សារ ក៏ដូចជាចក្ខុវិស័យវែងឆ្ងាយទៅលើការប្រកួតប្រជែង ដែលកំពុងកើតមាន​ឡើង​​នៅ​តាម​ទីផ្សារនៅពេលបច្ចុប្បន្ន។ អញ្ចឹងសម្រាប់យើង ដែលជាអ្នកប្រើប្រាស់ផ្ទាល់ នឹងរង់ចាំមើលបន្តទៀតថាតើ Dell ​សម្រេចចិត្តយ៉ាងណាក្នុងការលូកដៃចូលកាន់តែជ្រៅបន្ថែមទៀតក្នុងទីផ្សារ ជាមួយនឹងផលិតផលថ្មីៗរបស់ខ្លួន ដែលអាច ឬមិនអាចកើតមានឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: PC ​Gamer Tag: កុំព្យូទ័រ