CAMBO REPORT

Popup Advertising5 seconds

បំណក​ស្រាយ​ចម្ងល់​ពាក់​ព័ន្ធ​នឹង​គុណភាព iPhone ដែល​មាន​កូដ​សម្គាល់ LL, ZA, ZP និង TH!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រហូតមកដល់ពេលនេះ អ្នកប្រើប្រាស់ផលិតផលម៉ាក សញ្ញាផ្លែប៉ោម នៅក្នុងប្រទេសកម្ពុជាយើង នៅតែជាការ ផ្តោតខ្លាំង និងខ្វល់ខ្វាយខ្លាំង ចំពោះប្រភពដើម របស់ទូរសព្ទ iPhone ថាតើវាបានផលិត នៅប្រទេសណា អោយប្រាកដ ព្រោះអី iPhone ដែលតម្លើង នៅប្រទេសផ្សេងៗគ្នា អាចមាន គុណភាពខុសគ្នាបាន។ ក្នុងនោះ ក៏មានប្រិយមិត្តជាច្រើន បានផ្ញើសារ មកកាន់ក្រុមការងារ ខេមបូរីផត ជាមួយសំណួរផ្សេងៗគ្នា ជាច្រើន ពាក់ព័ន្ធនឹងចំនុចមួយនេះ ដើម្បីអោយយើង ធ្វើការបកស្រាយ។

ជាដំបូងយើងសូមធ្វើការបង្ហាញចំនុចមួយ ជាមុនសិន!  ដើម្បីដឹងពីលេខកូដនេះ យើងគ្រាន់តែចូល ទៅកាន់ Settings > General > About > Model វានឹងបង្ហាញអក្សរ ខាងមុខពីរខ្ទង់ លេខបីខ្ទង់នៅ កណ្តាល និងអក្សរពីរខ្ទង់ រឺមួយខ្ទង់ នៅខាងក្រោយ។ សូមផ្ទៀងអក្សរ ពីរខ្ទង់ខាងក្រោយនោះ ជាមួយនឹងអក្សរ ខាងក្រោមនេះ ដើម្បីដឹងថា iPhone អ្នកមានប្រភព មកពីណានោះ។

 

តើ iPhone ដែលមានលេខកូដខុសគ្នា ពិតជាមានគុណភាពខុសគ្នា មែនរឺយ៉ាងណា?

 

អញ្ចឹងសម្រាប់ចម្លើយយ៉ាងខ្លី គឺមិនខុសគ្នាទេ! ជាការពិតណាស់ គ្រប់ទូរសព្ទ iPhone ដែលកំពុងតែដាក់លក់ នៅទូទាំងពិភពលោក គឺសុទ្ធតែបានតម្លើង នៅក្នុងរោងចក្រ Foxconn និង Pegatron ស្ថិតក្នុង ប្រទេសចិនទាំងអស់ ហើយលេខកូដ ទាំងនេះគ្រាន់តែជាលេខ តំណាងអោយទីផ្សារ លក់របស់ iPhone ប៉ុណ្ណោះ។ គ្រប់ផលិតផល iPhone ទាំងអស់ សុទ្ធតែត្រួតពិនិត្យ ស្តង់ដារគុណភាព យ៉ាងហ្មត់ចត់បំផុត គ្មានផលិតផលណាមួយ មានគុណភាពអន់ ជាងមួយណានោះទេ។ តួយ៉ាងណា នៅក្នុងប្រទេសយើង គឺមាននាំចូលយកមកដល់ តាមច្រកជាច្រើន ជាមួយកូដសម្គាល់ខុសៗគ្នា ដោយយើងនឹងបង្ហាញត្រួសៗ ដូចជា LL, ZA, ZP, TH និង XA ជាដើម ប៉ុន្តែយើងចាំបានថា នៅចុងឆ្នាំ 2014 នេះ Apple បានផ្តល់សិទ្ធិ លក់ទូរសព្ទ iPhone ជាផ្លូវការនៅក្នុង ប្រទេសកម្ពុជា ក៏ប៉ុន្តែ អតិថិជនមួយចំនួន មិនសូវជា សប្បាយចិត្តប៉ុន្មានទេ ដោយសារតែវាមាន លេខកូដ TH តំណាងអោយទីផ្សារ ប្រទេសថៃ ប៉ុន្តែវាគ្រាន់តែ ជាលេខកូដ តំណាងអោយទីផ្សារប៉ុណ្ណោះ។ 

ម្យ៉ាងវិញទៀត កូដសម្គាល់ ZA និង ZP ក៏បានក្លាយជាការពិចារណាមួយ មិនសូវខុសពីកូដ TH ប៉ុន្មានដែរ ព្រោះប្រិយមិត្តនាំគ្នា ផ្តោតតែនៅលើកូដ LL ដែលជាកូដចេញ ពីសហរដ្ឋអាមេរិច ដោយគិតថាវាជា ផលិតផលល្អ មានគុណភាព លឺឈ្មោះកូដ ក៏កាលីបថ្លៃថ្នូរ។ បើនិយាយរួមទៅ សូមកុំផ្តោតលើចំនុចនេះអី ព្រោះវាគ្មានអ្វីគួរអោយ ព្រួយបារម្ភនោះទេ ទាក់ទងទៅនឹង គុណភាពរបស់វា ហើយប្រសិនបើ យើង មើលក្នុងតារាង ខាងលើនេះ ជាមួយប្រទេសជាច្រើនទៀត ក៏ប្រើលេខកូដជាមួយគ្នា ឯសមត្ថភាពវិញ គឺល្អប្រើដូចគ្នា លើកលែងតែករណី មួយប៉ុណ្ណោះ កុំអោយទូរសព្ទនោះ មានជាប់កូដសេវា ដែលមិនទាន់ដោះរួចរាល់ សម្រាប់ប្រើប្រាស់ នៅប្រទេសផ្សេងបាន។

 

តើ iPhone ដែលមានលេខកូដខុសគ្នានេះ វាមានលក្ខណៈខុសគ្នាដែររឺទេ?

 

ដើម្បីសំគាល់ភាពខុសគ្នានោះ ជាដំបូង គឺមានអក្សរ និងសេចក្តីណែនាំ នៅលើទូរសព្ទដែលវាខុសៗ គ្នាទៅតាមតំបន់ ព្រោះ Apple បានបែងចែកទីផ្សារ។ ដូច្នេះហើយ ដើម្បីងាយស្រួល ក្នុងការបោះពុម្ព អក្សរ សេចក្តីណែនាំ ជាក់ស្តែង សម្រាប់លេខកូដ TH អ្នកនឹងឃើញមាន អក្សរថៃបន្តិចបន្តួច ហើយចំណែកឯលេខកូដ ប្រទេសផ្សេងវិញ ក៏មានលាយឡំ ភាសានោះ បន្តិចបន្តួចផងដែរ។ អ្វីដែលយើងសង្កេត ឃើញផ្សេងទៀតនោះគឺ ផលិតផលចេញពី ប្រទេសក្នុងអាស៊ី រួមមាន កូដ ZA, ZP និង TH ជាដើម ដោយវាមានភ្ជាប់មកជាមួយ ក្បាលឆ្នាំងសាករន្ធដោតជើង 3 ចេញពីក្នុងប្រអប់ និងនៅសហរដ្ឋអាមេរិច និងប៉ែកអឺរ៉ុប មានក្បាលឆ្នាំងសាក ប្រើរន្ធដោតជើង 2 ប៉ុណ្ណោះ។ អ្វីដែលជាភាព ខុសគ្នាទៀត នោះគឺថា ប្រសិនបើយើងទិញ iPhone ដែលបង្កើតសម្រាប់ តម្រូវសម្រាប់ទីផ្សារ របស់ប្រទេសយើងនោះ គឺយើងនឹងទទួល បានប័ណ្ណធានា ខុសពីម៉ូឌែលផ្សេងៗ ដែលវានាំចូលពី ប្រទេសក្រៅ គ្មានប័ណ្ណធានាអ្វីនោះទេ។

ភាគច្រើន យើងតែងតែលឺពាក្យនិយាយតៗគ្នាថា iPhone នាំចូលពីសឹង្ហបុរី រឺហុងកុងវាមាន គុណភាពល្អជាង ហើយអ្នកខ្លះទៀតថា សហរដ្ឋអាមេរិច ក៏ប៉ុន្តែយើងគួរ តែបញ្ឈប់ ពាក្យចចាមអារ៉ាម នេះតទៀតទៅ ព្រោះអី iPhone វាសុទ្ធតែមាន គុណភាពដូចគ្នា ទាំងអស់។ លើសពីនេះ ការបែងចែកលេខ សម្គាល់ក៏ដូចគ្នា ដើម្បីងាយស្រួល ក្នុងការកំណត់ គោលដៅទីផ្សារ និងការគ្រប់គ្រង ប៉ុណ្ណោះ។

អញ្ចឹង ចំពោះសំណួរគោលទាំង 2 ខាងលើ ដែលយើងបានធ្វើការ បកស្រាយនេះ គឺអាចជាគំនិតពិចារណាមួយ សម្រាប់ប្រិយមិត្ត អ្នកទាំងអស់គ្នា ដើម្បីកុំអោយមានការ យល់ច្រឡំ បន្តទៀត ឬលើកតម្លៃ ទៅលើកូដផលិតផល របស់ប្រទេសណាមួយ ដែលអ្នកពេញចិត្ត ប្រាប់ទៅកាន់អុ្នកដទៃ។ និយាយដោយខ្លី លុយក្នុងហ៊ោប៉ៅអ្នក ដូច្នេះ ចូរធ្វើអ្វីតាមបេះដូង របស់អ្នកទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ