CAMBO REPORT

Popup Advertising5 seconds

តើ​គួរ​តែ​តម្លើង​ទៅ iPhone XS Max ទេ ប្រសិន​បើ​អ្នក​កំពុង​ជា​ម្ចាស់ iPhone X ហើយ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

សម្រាប់ចុងឆ្នាំ 2018 នេះ Apple បានបង្កើតប្រវត្តិសាស្ត្រថ្មី ជាការមួយការពង្រីកទំហំអេក្រង់ លោតធំដំបូងគេ ប្រចាំក្រុមហ៊ុនផ្លែប៉ោម លើទូរសព្ទម៉ូឌែល iPhone XS Max ដែលជាសិស្សប្អូនរបស់ iPhone X ដែលបានប្រកាសចេញ កាលពីចុងឆ្នាំ 2017។ ចំពោះលក្ខណៈសម្បត្តិវិញ វាក៏មានចំនុច កែប្រែច្រើនដែរ ជាពិសេសលើផ្នែក Software ដែល Support ជាមួយនឹង iOS 12 ជំនាន់ថ្មី។

 

យ៉ាងណា ក៏មានប្រិយមិត្តជាច្រើន បានសួរសំណួរមកកាន់ ក្រុមការងារ ខេមបូរីផតយើងថា ប្រសិនបើកំពុងប្រើ iPhone X តើគួរតម្លើងទៅកាន់ iPhone XS Max ដែរឬទេ? 

ដើម្បីជាគន្លឹះពិចារណា សម្រាប់ប្រិយមិត្តដែលមានចម្ងល់ ពីបញ្ហាខាងលើនេះ យើងនឹងធ្វើការ បង្ហាញចំនុចត្រួសៗ មួយចំនួន រវាងទូរសព្ទ iPhone X និង iPhone XS Max ដូចខាងក្រោម៖

 

• រចនាបថរូបរាង និងទំហំ

 

សម្រាប់រចនាបថរូបរាង នៃស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ មិនមានអ្វីខុសគ្នាឡើយ ទាំងផ្នែកខាងមុខ និងខ្នងខាងក្រោយ ប៉ុន្តែចំនុចមិនដូចនោះ គឺផ្នែកទំហំតួខ្លួន និងអេក្រង់ ដោយទូរសព្ទ iPhone X មានអេក្រង់ 5.8 អ៊ីញ ចំណែក iPhone XS Max មានទំហំលោតដល់ 6.5 អ៊ីញឯណោះ។ ចំពោះកម្រិតបង្ហាញរូបភាព iPhone XS Max ក៏មានទំហំ ប្រសើរជាង ផងដែរ ហើយមួយវិញទៀត គឺពណ៌មាសរលោងថ្មី ដែល Apple បានបញ្ចេញសម្រាប់ តែស្មាតហ្វូនជំនាន់ ចុងក្រោយនេះផងដែរ។ 

 

• លក្ខណៈសម្បត្តិ

 

ក្រុមហ៊ុន Apple ដូចជាមិនសូវបានកែប្រែ អោយដាច់ឆ្ងាយខ្លាំងពី iPhone X នៅឡើយទេ លើទូរសព្ទម៉ូឌែល iPhone XS Max ជំនាន់ថ្មីនេះ ក្រៅពីការបន្ថែម កំណែអាប់ដេតមួយចំនួន ដូចជាមុខងារកាមេរ៉ា និងអាវក្រោះការពារទឹក លោតមកកម្រិត IP68 ជាដើម។ យ៉ាងណា សម្រាប់ចំនុចផ្សេងៗ គឺពាក់ព័ន្ធនឹងប្រព័ន្ធ ប្រតិបត្តិការណ៍ iOS 12 ជំនាន់ថ្មី ដែលធ្វើអោយ ស្មាតហ្វូនទាំង 2 ម៉ូឌែល មានលក្ខណៈដូចគ្នា សឹងតែ 85 ភាគរយ។ 

 

• កម្លាំងម៉ាស៊ីន

 

ជាការពិតណាស់ Apple តែងតែផ្តោតសំខាន់ទៅផ្នែកម្លាំងម៉ាស៊ីន ពីមួយជំនាន់ ទៅមួយជំនាន់ មិនអោយហ្វេន ខកចិត្តឡើយ ដោយ iPhone X ប្រើប្រាស់បន្ទះឈីប A11 Bionic, មានទំហំរ៉េម 3GB និងមាន Apple GPU (3-core)។ ចំណែក iPhone XS Max វិញ ប្រើប្រាស់បន្ទះឈីប A12 Bionic, មានទំហំរ៉េម 4GB និងមាន Apple GPU (4-core)។  

 

• ថាមពលថ្ម

 

ចំនុចចុងក្រោយ គឺពាក់ព័ន្ធនឹងថាមពលថ្ម ដែលក្រុមហ៊ុនផ្លែប៉ោម បានធ្វើតម្លើងលើ ទូរសព្ទត្រកូល X ទាំង 2 ស៊េរីនេះ។ សម្រាប់ iPhone X មានកម្លាំងថាមពលថ្ម 2900mAh ខណៈ iPhone XS Max មានថាមពល កើនដល់ 3179mAh ដោយទំហំប៉ុននេះ គេបង្កើតមកដើម្បី តម្រូវជាមួយទូរសព្ទ អេក្រង់ធំមួយនេះ ប៉ុន្តែបើសួរថា វាធំគ្រប់គ្រាន់ ហើយឬនៅ? ចម្លើយគឺ នៅទេ ព្រោះស្មាតហ្វូនអេក្រង់ធំ របស់ក្រុមហ៊ុនជាច្រើន លោតចាប់ពី 3500mAh ទៅហើយ។

សរុបមកវិញ បើសិនអ្នកកំពុងប្រើ iPhone X នៅក្នុងដៃនោះ គឺថាអ្នកមិនចាំបាច់ ផ្លាស់ប្តូរមកប្រើ iPhone XS Max ក៏បាន ព្រោះទាំងរចនាបថ រូបរាងរបស់វា មិនមានអ្វីខុសគ្នា ច្រើនឡើយ ខុសតែទំហំ និងកម្រិតបង្ហាញ រូបភាពបន្តិចប៉ុណ្ណោះ។ ចំពោះលក្ខណៈសម្បត្តិ ក៏ដូចគ្នា ព្រោះ iPhone X មានចំនុចដូចច្រើន ជាមួយ iPhone XS Max ជាពិសេស ពេលបានតម្លើងមកកាន់ iOS 12 ជំនាន់ថ្មី។ ងាកមកកម្លាំងម៉ាស៊ីនវិញ បើទោះជា iPhone XS Max លោតមកដល់ឈីប A12 Bionic, រ៉េម 4GB និងមាន Apple GPU (4-core) ក៏ពិតមែន តែមិនលើសខ្លាំងឡើង ដោយសារ iPhone X (រួមទាំង iPhone 8 Plus) អាចកំដរការប្រើប្រាស់ និងការលេងហ្គេម បានគ្រប់ទាំងអស់ ដោយគ្មានបញ្ហា តាមរយៈឈីប A11 Bionic និងទំហំរ៉េម 3GB នេះ និយាយទៅ វាអាចនឹងដំណើរការ លើសគ្នាប្រហែល 20%។ ឯថាមពលថ្មទៀតសោត វានៅតែអាចកំដរអ្នកប្រើ បានគួរសម គ្រាន់តែបច្ចុប្បន្ននេះ វារាងស្រកលឿនបន្តិចហើយ លើ iOS 12 ជំនាន់ថ្មី តែ Apple អាចនឹងរក ដំណោះស្រាយជូន ក្នុងកំណែអាប់ដេតក្រោយៗ។ ចំនុចបញ្ចប់ ប្រសិនបើអ្នក មិនទាន់បានទិញ iPhone X ប្រើនៅឡើយទេ ឬចង់បានទូរសព្ទ iPhone ជំនាន់ថ្មីនោះ iPhone XS Max ជាជម្រើសមួយ ដែលអ្នកអាច ពិចារណាបាន ឬមួយអ្នកកំពុងតែប្រើ iPhone X ហើយ តែចង់បានអេក្រង់ធំ ជាងហ្នឹង ឬក៏ចង់ប្រើ iPhone ស៊ីមពីរនោះ ចឹងអ្នកក៏អាចប្តូរមកប្រើ iPhone Xs Max ក៏បានដែរ។ អញ្ចឹងនេះ គ្រាន់តែគំនិត សម្រាប់ប្រិយមិត្ត ដែលមានចម្ងល់ និងអោយយើងធ្វើការ បកស្រាយជូនប៉ុណ្ណោះ តែទោះយ៉ាងណា សូមសម្រេចចិត្តអ្វីមួយ ដោយធ្វើតាមបេះដូងខ្លួន ឯងទៅ ដើម្បីកុំអោយស្តាយ នៅពេលក្រោយ។ ចុះអ្នកទាំងអស់គ្នា មានមតិយោបល់ បែបណាដែរ អាចបញ្ចេញអោយ យើងបានដឹងផង!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ