Huawei Watch GT បង្ហាញខ្លួនជាមួយមុខមាត់ទាក់ទាញ តែមិនមែនរត់ដោយ Wear OS
ទីបំផុត Huawei មាននាឡិកាវៃឆ្លាតជំនាន់ថ្មីសម្រាប់ចេញលក់ក្នុងទីផ្សារ ដើម្បីប្រជែងជាមួយ ដៃគូប្រកួតរបស់ខ្លួនហើយ ពិសេស Samsung តែម្ដងគឺ Galaxy Watch ដែលទើបនឹងចេញលក់ ក្នុងទីផ្សារស្រុកខ្មែរយើង បានមិនទាន់មួយខែ ស្រួលបួលផង។ ក្រុមហ៊ុនចិនមួយនេះ បានដាក់ឈ្មោះនាឡិកា ស៊េរីថ្មីរបស់ខ្លួន មួយនេះថា Watch GT ជាមួយនឹងរចនាបថ ស្រស់ស្អាត សាកសមសម្រាប់ បុរសជាជាងស្ត្រី។
រចនាបថថ្មី មានក្បាលធំបែបបុរស អមជាមួយប៊ូតុង 2 សម្រាប់ចុចកំណត់ និងបញ្ជា ដែលក្រាលការពារដោយកញ្ចក់ស្វិត រឹងមាំទំហំ 1.39 អ៊ីញ ប្រើប្រាស់បន្ទះបង្ហាញ រូបភាពប្រភេទ AMOLED ជាមួយនឹងកម្រិត Resolution មួយពេញ 454 x 454p ធ្វើឲ្យកញ្ចក់នាឡិកានេះ អាចប្រជែងជាមួយនឹងដៃគូ ជាច្រើនរបស់ខ្លួនបាន។ Huawei ប្រើប្រាស់សារធាតុ Stainless Steel ដែលធុននឹងការធ្លាក់ សិក រិច រឹល មិនច្រេះស៊ី ថែមទាំងមានទម្ងន់ ស្រាលផងដែរ ដែលអនុញ្ញាតឲ្យ Huawei បង្រួមក្បាលរបស់ នាឡិកានេះបានស្ដើង ងាយស្រួលពាក់លើដៃ។ លក្ខណៈពិសេស ដែលធ្វើឲ្យ Watch GT នេះ អាចទាញចំណាប់អារម្មណ៍ របស់អ្នកប្រប្រាស់ ឲ្យហូតប្រាក់ទិញវានោះ គឺស្ថិតនៅកម្លាំងថ្មនេះឯង ដោយ Huawei អះអាងថា នាឡិកាវៃឆ្លាត របស់ខ្លួនមួយនេះ អាចរត់បាន 7 ថ្ងៃ ឬស្មើនឹងមួយ សប្ដាហ៍ពេញតែម្ដង សម្រាប់ការសាកថ្មមួយពេញ លើថ្មកម្លាំង 420mAh។ ហើយកាន់តែពិសេស ជាងនេះទៅទៀតនោះ វាអាចរស់បានដល់ទៅ 30 ថ្ងៃ នៅពេលបើកមុខងារ សន្សំសំចៃថ្ម ដែលមករួចជាស្រេច ក្នុងប្រព័ន្ធប្រតិបត្តិការ (តែយើងមានតែចាំមើលការ ប្រើប្រាស់ផ្ទាល់តែប៉ុណ្ណោះ ថាតើការអះអាង របស់ Huawei ពិតជាអាចធ្វើឲ្យ នាឡិកាវៃឆ្លាតមួយនេះ រស់បាន 1 ខែពេញមែន ឬក៏យ៉ាងណា)។
បើទោះបីជាវាមានថ្មកាន់ក៏ពិតមែន តែវាពុំមានមុខងារ NFC ដូចនាឡិកាដៃ វៃឆ្លាតផ្សេងៗទៀតឡើយ ជាហេតុធ្វើឲ្យ វាបាត់បង់នូវសមត្ថភាព មួយចំនួនទៅលើការតភ្ជាប់ ទៅកាន់ឧបករណ៍ ផ្សេងៗទៀត ឬការប្រើប្រាស់មុខងារ បង់ប្រាក់នៅតាមបណ្ដា ប្រទេសជឿនលឿន តែបើនៅស្រុកចិន ម្ចាស់របស់ Watch GT អាចប្រើប្រាស់មុខងារ បង់ប្រាក់នេះ នៅតាមទីតាំងជាច្រើន។ ម្យ៉ាងវិញទៀត អ្វីដែលអ្នកប្រើប្រាស់ អាចនឹងពិបាកចិត្ត ក្នុងការពិចារណាទិញនោះ គឺប្រព័ន្ធប្រតិបត្តិការ ដោយ Huawei ពុំបានដាក់ឲ្យ Watch GT របស់ខ្លួន រត់ដោយប្រព័ន្ធប្រតិបត្តិការ Wear OS របស់ Google ឡើយ អាចថាវាដើរ មិនទាន់ Tizen ដូចនៅលើ Galaxy Watch របស់ Samsung និង watchOS នៅលើ Apple Watch ជាដើម ជាហេតុធ្វើឲ្យ Huawei ដាក់ឲ្យនាឡិកាខ្លួន រត់ដោយប្រព័ន្ធប្រតិបត្តិការ ផលិតឡើង ដោយខ្លួនឯង។
Watch GT ក៏មានមុខងារវាស់ចង្វាក់បេះដូង មានមុខងារ GPS សម្រាប់ប្រើប្រាស់ ជាមួយនឹងកម្មវិធីហាត់ប្រាណ ដើម្បីកំណត់ទិសដៅ មានសេនស័រ IR Blaster សម្រាប់ចុចបញ្ជា ទៅលើឧបករណ៍ អេឡិចត្រូនិចផ្សេងៗទៀត និងមានអាវក្រោះ ការពារធូលី និងទឹកផងដែរ។ ទោះបីជាយ៉ាងណា ក៏ដោយ Watch GT នេះ នឹងមិនទាន់ប្រកាសចេញ ជាផ្លូវការដោយ Huawei នោះទេ តែលក្ខណៈសម្បត្តិ ដែលបានរៀបរាប់ខាងលើ ត្រូវបានបែកធ្លាយ មុនថ្ងៃប្រកាស! ម្យ៉ាងវិញទៀត វាមិនអាចស្វែងរកទិញបាន ដោយងាយៗនោះទេ នៅក្នុងទីផ្សារ ព្រោះចំនួនមានកំណត់ ហើយតម្លៃក៏នៅមិនទាន់ បានប្រកាសឲ្យដឹង នៅឡើយដែរ។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
