CAMBO REPORT

Popup Advertising5 seconds

សរុប​ព័ត៌មាន​បែក​ធ្លាយ​ពី Mate 20 & Mate 20 Pro មុន​ថ្ងៃ​សម្ពោធ​ជា​ផ្លូវ​ការ​មក​ដល់!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Huawei បានប្រកាសរួចជាស្រេចហើយថា នៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2018 ឆាប់ៗនេះ ខាងក្រុមហ៊ុន នឹងធ្វើការនាំយក ស្មាតហ្វូនត្រកូល Mate ជំនាន់ថ្មី មកបង្ហាញអោយពិភពលោក បានឃើញ ជាផ្លូវការ នោះគឺ Mate 20 និង Mate 20 Pro។ ក្នុងនោះ យើងក៏បានដឹងខ្លះៗមកហើយថា ស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ មានចំនុចកែប្រែជាច្រើន ដើម្បីតម្រូវ និងទាក់ចិត្តអ្នកប្រើប្រាស់ មិនថាជាលក្ខណៈសម្បត្តិ និងរចនាបថរូបរាង។

 


សម្រាប់នៅក្នុងថ្ងៃនេះដែរ យើងនឹងធ្វើការសរុប នូវព័ត៌មានលេចធ្លាយ ពាក់ព័ន្ធនឹងទូរសព្ទ Mate 20 និង Mate 20 Pro មកបង្ហាញជូនប្រិយមិត្ត អ្នកអានទាំងអស់គ្នា អោយបានជ្រាប មុនវេទិកាចាប់ផ្តើមនឹងមកដល់៖


•    រចនាបថរូបរាង


បើយោងទៅតាមរូបភាពបែកធ្លាយ ទាក់ទងនឹងរចនាបថ Mate 20 & Mate 20 Pro នាពេលកន្លងមក យើងសង្គេតឃើញថា ផ្នែកអេក្រង់ខាងមុខរបស់វា មានលក្ខណៈលាតទ្រវែង កោងគែមសងខាង និងកាត់បន្ថយគែម នៅសល់កាន់តែតិចជាងមុន។ លើសពីនេះ ម៉ូដឆកទ្រវែងលើថ្ងាស ក៏ត្រូវបានចាក់គ្រឹះលើត្រកូល Mate ជំនាន់ថ្មីនេះផងដែរ ប៉ុន្តែសម្រាប់ប្រភពមួយចំនួន បានបង្ហាញរូបគម្រូបញ្ជាក់ថា ស្មាតហ្វូននេះ អាចនឹងមានម៉ូដឆកជាតំណក់ទឹក។ យ៉ាងណា យើងមិនទាន់ហ៊ាន សន្មត់នៅឡើយទេថា ម៉ូដឆកមួយណា ដែលអាចនឹងកើ់តឡើងពិតប្រាកដ ឬអាចម៉ូដឆកទ្រវែង សម្រាប់ Mate 20 Pro ឯម៉ូដឆកតំណក់ទឹក សម្រាប់ម៉ូឌែល Mate 20។

 

ចំណែកឯរចនាបថខាងក្រោយ Huawei បានអាប់ដេត បោះជំហ៊ាន ងាកទៅតម្លើងកាណុងកាមេរ៉ា 3 គ្រាប់ ដូចទៅនឹងម៉ូឌែល P20 Pro ដែរ ប៉ុន្តែចំនុចមួយ ដែលធ្វើអោយខ្ញុំ ភ្ញាក់ផ្អើលបំផុតនោះ គឺម៉ូដកាមេរ៉ារបស់វាហ្នឹងតែម្តង។  ពិតមែនហើយ ចំពោះកាមេរ៉ាស៊េរី Mate 20 នេះ យើងបានឃើញជាហូរហែ មិនថារូបភាពគម្រូ ឬរូបភាពលេចធ្លាយ ចាប់កាន់ផ្ទាល់ដៃនោះទេ ដោយវាត្រូវបានរចនាម៉ូដ បញ្ចូលគ្នាជាមួយកាមេរ៉ា បីគ្រាប់ និងភ្លើង Flash LED មួយគ្រាប់ បណ្តុំចូលគ្នា មានរាងជាការ៉េ មើលទៅប្លែកដាច់ និងខុសពីស្មាតហ្វូនរបស់ Huawei ទាំងអស់ រួមទាំងទូរសព្ទរបស់ក្រុមហ៊ុនផ្សេងៗ ផងដែរ។ ចំនុចចុងក្រោយមួយទៀតនោះ កន្លែងស្កេនម្រាមដៃ មិនត្រូវបានឃើញ នៅខ្នងខាងក្រោយឡើយ ដែល Huawei អាចនឹងជំនួសទៅដាក់បង្កប់ ក្នុងអេក្រង់ទូរសព្ទ ក៏ថាបាន។

 


•    លក្ខណៈសម្បត្តិ


Mate 20 Pro ត្រូវបានប្រភពលេចធ្លាយចុងក្រោយ បញ្ជាក់ថា វាអាចនឹងមានអេក្រង់ទំហំ 6.39 អ៊ីញ ជាមួយកម្រិតបង្ហាញរូបភាព 1440 x 3120 ភិចសែល ឬគេហៅថា Quad HD+ ដែលជាទំហំរូបភាពមួយ អាចបង្ហាញកម្រិត បានកាន់តែច្បាស់ ហើយចំពោះ Mate 20 មិនទាន់ត្រូវបានប្រភពណាមួយ បង្ហើបអោយបានដឹងនៅឡើយទេ ថាវាអាចនឹងមាន ទំហំអេក្រង់ប៉ុណ្ណា ប៉ុន្តែកម្រិតបង្ហាញរូបភាព វាអាចនឹងបង្ហាញរូបភាព ក្នុងកម្រិត 1080 x 2244 ភិចសែល ឬគេហៅថា Full HD+ ដែលនេះជាកម្រិតមួយ ស្ទើរតែដូចទៅនឹងកម្រិត បង្ហាញលើ P20 និង P20 Pro ដែរ។

 


ងាកមកកម្លាំងម៉ាស៊ីនវិញ Huawei បានបញ្ជាក់យ៉ាងច្បាស់ហើយថា Mate 20 និង Mate 20 Pro នឹងប្រើប្រាស់ បន្ទះឈីបខ្លាំង Kirin 980 ជំនាន់ថ្មី មុនគេ ផងដែរ។ ចំពោះ Mate Pro អាចនឹងមានរ៉េមទំហំ 6GB ជាមួយអង្គចងចាំ 128GB និងរ៉េម 8GB សម្រាប់អង្គផ្ទុកទិន្នន័យ 256GB / 512GB។ ពាក់ព័ន្ធនឹងថាមពលថ្ម Mate 20 Pro ត្រូវបានគេរំពឹងថា វាអាចនឹងមានទំហំលោតធំ 4200mAh និងអាច Support ជាមួយកម្លាំងសាក 40W ដោយប្រភពមួយ បានបញ្ជាក់ថា ក្នុងរយៈពេល 30 នាទី អាចសាកពី 0% ឡើងដល់ 70% ឯណោះ។


ចូលដល់វគ្គកាមេរ៉ាម្តង ដោយកាមេរ៉ាខាងមុខ នៃស្មាតហ្វូនទាំង 2 ម៉ូឌែលនេះ ត្រូវបានគេបង្ហើបអោយដឹងថា វាអាចនឹងមានទំហំ 24 មេហ្គាភិចសែល ល្អសម្រាប់ការថតរូប Selfie និងមានភ្ជាប់លេស័រ IR សម្រាប់ជំនួយដល់ ការដោះសោរ Face Unlock អោយកាន់តែមានសុវត្ថិភាពខ្ពស់ ជាងមុន ថែមទៀតផង។ កាណុងកាមេរ៉ាខាងក្រោយទាំង 3 គ្រាប់វិញ វាអាចនឹងលោតដល់ទំហំ 40 មេហ្គាភិចសែល + 20 មេហ្គាភិចសែល + 8 មេហ្គាភិចសែល ដូចទៅនឹងម៉ូឌែល P20 Pro អញ្ចឹងដែរ។

 

ចំពោះ កាមេរ៉ាមួយគ្រាប់ទំហំ 40 មេហ្គាភិចសែល ជាស៊េនស័រគោល មានកម្រិត Aperture f/1.8 ហើយមួយគ្រាប់ទៀតទំហំ 8 មេហ្គាភិចស៊ែល ជាលេន Telephoto មានកម្រិត Aperture f/2.4 ចំណែកឯកាមេរ៉ាមួយគ្រាប់ ចុងក្រោយមានទំហំ 20 មេហ្គាភិចស៊ែល ជាលេន Ultra wide-angel និងជា Monochrome ដែលល្អសម្រាប់ការថតរូបភាព ក្នុងប្លង់ទូលាយ និងរូបបែប សខ្មៅ បែបព្រាលបានថែមទៀត។ កាមេរ៉ាទាំង 3 គ្រាប់នេះ អាចនឹងអោយ អ្នកធ្វើការ Zoom ដល់ទៅ 5 ដង ដោយកាមេរ៉ាមួយទំហំ 8 មេហ្គាភិចស៊ែល ជាលេន Telephoto អាច Zoom បានដល់ទៅ 3 ដង រួចជាស្រេចហើយ។

 


ទូរសព្ទ Mate 20 Pro អាចនឹងមានបំពាក់ អាវក្រោះការពារទឹកកម្រិត IP68, ដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android Pie ជំនាន់ថ្មី និងស្រោបដោយស្បែក EMUI 9.0 ចុងក្រោយគេ ថែមទៀត។ ស្មាតហ្វូន Mate 20 និង Mate 20 Pro អាចនឹងមានជម្រើស 4 ពណ៌ នៅពេលប្រកាសចេញ រួមមាន ពណ៌ Twilight, ពណ៌ខ្មៅ, ពណ៌ខៀវ និងពណ៌បៃតង។

 


សរុបមកវិញ ទាំងនេះគឺជាព័ត៌មាន លេចធ្លាយកន្លងមក ជុំវិញ ខ្សែស្រឡាយ Mate 20 ជាពិសេស Mate 20 Pro ដែលយើងថា វាមានសមត្ថភាព ប្រសើរជាងមុនច្រើនហើយ ប៉ុន្តែយើងនៅមិនទាន់ដឹង អំពីលក្ខណៈរបស់វា បន្ថែមទៀតនៅឡើយទេ ព្រោះក្រុមហ៊ុន Huawei អាចនឹងមានលក្ខណៈ ពិសេសមួយចំនួន ធ្វើអោយមហាជនភ្ញាក់ផ្អើល នៅថ្ងៃនោះ។


ចុះសម្រាប់ប្រិយមិត្តទាំងអស់គ្នា គិតថាលក្ខណៈសម្បត្តិ ទាំងប៉ុន្មាននេះ វាគ្រប់គ្រាន់ហើយឬនៅ ចំពោះត្រកូល Mate ជំនាន់ថ្មី? ចំនុចណាខ្លះ ដែលទាក់ចិត្តអ្នកជាងគេ? ចុះរចនាបថរូបរាង និងម៉ូដកាមេរ៉ាក្រោយវិញ ពេញចិត្តអត់? កុំភ្លេចផ្តល់ជា Comment ផងណា! យើងនឹងរីករាយទទួល រាល់ការបញ្ចេញមតិពីអ្នកទាំងអស់គ្នា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: GSM Arena, Phone Arena, Cambo Report Tag: ទូរស័ព្ទ