CAMBO REPORT

Popup Advertising5 seconds

Razer Phone 2 អេក្រង់​លឿន​ដាច់​គេ! ផ្ទៃ​មុខ​ដដែល តែ​បន្ថែម​មុខងារ​ច្រើន និង​អាច​ដាក់​ក្នុង​ទឹក​បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រោយពីមានការបែកធ្លាយជាច្រើនកន្លងមក ទីបំផុត Razer បានប្រកាសចេញ ជាផ្លូការនូវ Razer Phone ជំនាន់ទី 2 របស់ខ្លួនហើយ ដែលវាត្រូវបានបង្កើតឡើង យ៉ាងពិសេសសម្រាប់ Gamer ដែលចង់បានស្មាតហ្វូន ល្បឿនលឿនដាច់គេ លេងមិនងាយក្ដៅ លេងមិនងាយយឹត ឬទាក់ៗ ជាមួយមុខងារថ្មីៗ ដែល Razer បានបំពាក់មកជាមួយ ដើម្បីបំពេញទៅដល់ សេចក្ដីត្រូវការបច្ចុប្បន្ន និងដើម្បីប្រកួតប្រជែងជាមួយដៃគូ ផ្សេងៗទៀត។ ខណៈពេលដែលរូបរាង ផ្ទៃខាងមុខរបស់ Razer Phone 2 នៅរក្សារចនាបថដដែល ឬមួយក្រុមការងារ របស់ Razer មានបញ្ហាផ្នែកឌីហ្សាញ ខាងមុខ? 

រចនាបថទាំងស្រុងរក្សានៅដដែលទាំងអស់ ដូចទៅនឹង Razer Phone ជំនាន់ទី 1 អញ្ចឹងដែរ ប៊ូតុងសម្លេង និងកន្លែងដាក់ស៊ីម ស្ថិតនៅខាងឆ្វេង ប៊ូតុង Power បង្កប់ជាមួយសេនស័រ ស្កេនក្រយ៉ៅដៃ នៅខាងស្ដាំ មានរន្ធបំពងសម្លេង Dolby Atmos មួយគូនៅខាងមុខ ពុំមានរន្ធកាស 3.5mm និងមានឌុយ USB ប្រភេទ C មួយ ដែលអាចសាកថ្មបានលឿន តាមមុខងារ Quick Charge និយាយជារួម គឺខុសតែផ្ទៃខាងក្រោយប៉ុណ្ណោះ ដែលបានប្ដូរ ពីលោហៈធាតុ មកជាកញ្ចក់វិញ ដែលអាចជ្រើសរើស ផ្ទៃរលោងងាយតោងស្នាមប្រឡាក់ ឬខ្មៅស្រអាប់មិនងាយតោង ស្នាមក្រយ៉ៅដៃ ថែមទាំងជួយកាត់បន្ថយ ទម្ងន់ឲ្យស្រាលជាងមុនត្រឹម 220 ក្រាម ជាមួយកម្រាស់ 8.5mm។

Razer Phone 2 ប្រើប្រាស់ខួរក្បាលជាបន្ទះឈីប SoC របស់ Qualcomm លេខ Snapdragon 845 មាន CPU 8 គ្រាប់ អមមកជាមួយនឹង RAM ទំហំ 8GB និងមានអង្គផ្ទុកទិន្នន័យពីរ ជម្រើសគឺ៖

 

• ខ្មៅរលោង (សម្រាប់មេម៉ូរីក្នុងម៉ាស៊ីនទំហំ 64GB)

• ខ្មៅស្រអាប់ (សម្រាប់មេម៉ូរីក្នុងម៉ាស៊ីនទំហំ 128GB)

 

ដូចទៅនឹង Razer Phone 1 អញ្ចឹងដែរ ម្ចាស់របស់ Razer Phone 2 អាចបន្ថែមមេម៉ូរីកាតពពួក MicroSD ពីខាងក្រៅ បន្ថែមដល់ទំហំ 1000GB តាមការចង់បាន។ លក្ខណៈពិសេស ដែលធ្វើឲ្យ Razer Phone 2 ឈរឈ្មោះជា Gaming Smartphone នោះ គឺស្ថិតនៅលើផ្ទៃ អេក្រង់ទំហំ 5.7 អ៊ីញដដែល ដែលវាមានសមត្ថភាព បង្ហាញរូបភាពកម្រិត 2K ឬ 2560 x 1440p ដែលវាប្រសើរជាងមុន អាចជះពន្លឺបានខ្លាំងដល់ 580nit ងាយស្រួលចេញ ក្រៅវ៉ៃហ្គេម និងប្រើប្រាស់បន្ទះ បង្ហាញ IPS មានល្បឿន Refresh Rate 120Hz ដែលមិនទាន់មានស្មាតហ្វូនណា អាចតាមទៅដល់នៅឡើយ សូម្បីតែ ROG Phone របស់ក្រុមហ៊ុន ASUS។ ការប្រើប្រាស់អេក្រង់ 120Hz នេះ នឹងធ្វើឲ្យអ្នកសរសើរ អំពីល្បឿនរបស់ស្មាតហ្វូនរបស់អ្នក ហើយបើបានប្រើហើយ រួចទៅកាន់ស្មាតហ្វូន មានអេក្រង់ត្រឹម 60Hz អ្នកអាចនឹងធ្លាក់ទឹកចិត្តបន្តិច ម្យ៉ាងទៀតវាជួយច្រើន ទៅដល់ការលេងហ្គេម ដោយហ្គេមមួយចំនួន អាចលេងបានក្នុងល្បឿន Frame Rate ខ្ពស់ ធ្វើឲ្យម្ចាស់ Razer Phone 1 / 2 ទទួលបានផលប្រយោជន៍ច្រើន ទៅលើ ការលេងហ្គេម រលូនល្អទាល់តែមែនទែន។

កាន់តែពិសេស Razer ក៏បានបន្ថែមកជាមួយនឹងដែកត្រជាក់ដើម្បីបន្ថយកម្ដៅឈីប Snapdragon 845 ផងដែរ ដែលក្រុមហ៊ុននេះ ហៅថា Vapor Chamber Cooling ជាដែកត្រជាក់មួយ បន្ទះយ៉ាងធំបង្កប់ក្នុងម៉ាស៊ីន រួចជាស្រេច ធានាទៅដល់ល្បឿនម៉ាស៊ីន រត់មិនចេះហត់ មិនមែនប្រើដែកត្រជាក់មួយ សរសៃទៀតឡើយ ធ្វើឲ្យ CPU រត់មិនធ្លាក់ល្បឿន (Throttling)។ សម្រាប់កាមេរ៉ាវិញ Razer Phone 2 បានផ្លាស់ប្ដូរទីតាំងថ្មី មកចំកណ្ដាលម៉ាស៊ីនផ្នែក ខាងលើវិញ ជាកាមេរ៉ាភ្លោះ ស្ថិតនៅសងខាងភ្លើង Flash LED ដែលលើកនេះ Razer បានសិក្សាអំពីកាមេរ៉ា អន់ នៅលើកំពូលស្មាតហ្វូន ខ្លួនបានល្អ និងបានចំនាយប្រាក់ទិញ យកសេនស័រកាមេរ៉ារបស់ SONY មកបំពាក់ពីខាងក្រោយ ដើម្បីធានាបាន ទៅលើការថតរូបបានប្រសើរ បើទោះបីជាមិនខ្លាំងដូច កំពូលស្មាតហ្វូនមួយចំនួនក្ដី តែវាប្រសើរជាង មុនច្រើន អាចឲ្យយើងថតរូប Portrait បានល្អជាងមុន ដោយកែវលែនទាំង 2 មានទំហំ 12 មេហ្គាភិចសែលដូចគ្នា ដោយកែវលែនទី 1 ជាកែវលែនធម្មតាមាន OIS និងទី 2 ជាកែវលែនពពួក Telephoto ដដែល ដោយវាអាចថតវីឌេអូកម្រិត 4K ល្បឿន 30fps បាន អមជាមួយកាមេរ៉ា ខាងមុខទំហំ 8 មេហ្គាភិចសែល ដដែល និងបានបង្កើនសមត្ថភាព ឲ្យថតរូបបានស្អាត ជាងមុនផងដែរ។

ប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់នោះទេ Razer ក៏បានបន្ថែមមក ជាមួយនឹងភ្លើង RGB នៅឡូហ្គូ ខាងក្រោយ ដែលម្ចាស់ស្មាតហ្វូននេះ អាចកំណត់ភ្លើងតាម ការចង់បាន អាចកំណត់នៅពេលបើក កម្មវិធី កំណត់អាស្រ័យ ទៅលើកម្មវិធី និងជាច្រើនផ្សេងទៀត ឬបិទចោល ដើម្បីសន្សំសំចៃថ្មកម្លាំង 4,000mAh ដដែលក៏បាន។ មុខងារថ្មីមួយទៀត ដែល Razer បន្ថែមនៅលើស្មាតហ្វូនខ្លួន គឺអាវក្រោះការពារទឹក និងធូលីកម្រិត IP67 អាចចុះមុជទឹក ជាមួយម្ចាស់វាបានជម្រៅ 1 ម៉ែត្រ សម្រាប់រយៈពេល 3០ នាទី ថែមទាំងមានមុខងារ សាកថ្មឥតខ្សែផងដែរ ដែលអតិថិជនត្រូវជះលុយទិញ ឆ្នាំងសាកមួយ ដាច់ដោយឡែកផ្សេងទៀតតម្លៃ USD 99.99 ទៅលើ Razer Phone 2 Wireless Charger មានរចនាបថ ទាក់ទាញសាកសមសម្រាប់ Gamer មានភ្លើង RGB ខប់ អាចប្ដូរពណ៌បាន 16.8 លានពណ៌ ថែមទាំងអាចសាកថ្មបានលឿន។

 

 

សម្រាប់ការវេចខ្ចប់ក្នុងប្រអប់គឺដូចទៅនឹង Razer Phone 1 អញ្ចឹងដែរ ដោយរួមបញ្ចូលទូរស័ព្ទមួយគ្រឿង ក្បាលឆ្នាំងសាក ល្បឿនលឿន Quick Charge 4.0+ ឌុយ USB ប្រភេទ C និងឌុយបំបែកពី USB C មកកាន់រន្ធដោតកាស 3.5mm។ Razer Phone 2 ចាប់ផ្ដើមបើកឲ្យ អតិថិជន Pre-order ទុកមុនចាប់ពីថ្ងៃនេះតទៅ ហើយក្នុងតម្លៃ USD 799 សម្រាប់ម៉ាស៊ីនមេម៉ូរី 64GB ចំនែក 128GB ដែលជាម៉ាស៊ីនពណ៌ស្រអាប់ នឹងចេញលក់ នៅពេលក្រោយ ដោយ Razer សូមលាក់ថ្ងៃ ចេញលក់សិន! អញ្ចឹងនេះគឺជា Razer Phone 2 រូបរាងដដែលច្រើន តែបន្ថែមមុខងារល្អៗដែល Gamer ត្រូវការ តែបើទោះបីជាយ៉ាងណាក៏ដោយ យើងនឹងដឹងច្បាស់ជាងនេះ បន្ថែមទៀតនៅពេលបងប្រុស John Sey ទទួលបានអាវុធធំថ្មីរបស់ Razer មួយនេះក្នុងដៃ និងចាប់ផ្ដើមធ្វើការ Review បង្ហាញពីបទពិសោធន៍ពិតៗ បង្ហាញទៅដល់អ្នក ទាំងអស់គ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨
ប្រភព: Razer Tag: ទូរស័ព្ទ