CAMBO REPORT

Popup Advertising5 seconds

Steel HR Sport នាឡិកា​បង្កើត​ឡើង​សម្រាប់​អ្នក​ស្រលាញ់​សុខភាព ជាមួយ​ថ្ម​ប្រើ​បាន​ដល់ 45 ថ្ងៃ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អស់រយៈពេល 4 ឆ្នាំកន្លងផុតទៅ ទីបំផុតក្រុមហ៊ុន Withings បានវិញត្រឡប់មកវិញ ដោយឯករាជ្យ មិនជាប់ពាក់ព័ន្ធ ជាមួយក្រុមហ៊ុន Nokia ទៀតនោះទេ។ ដោយក្រុមហ៊ុននេះ បាននាំមកវិញនូវ ផលិតផលជំនាន់ថ្មី ជំនួសមុខឲ្យឧបករណ៍ ស៊េរីចាស់ ដែលខ្លួនធ្លាប់ បានចេញលក់ កាលពីឆ្នាំ 2014 កន្លងទៅ ជាមួយនាឡិកាវៃឆ្លាត មានឈ្មោះហៅថា Steel HR Sport បង្កើតឡើង សម្រាប់អ្នកកីឡា ចូលចិត្តហាត់ប្រាណ ជាប្រចាំ ពិសេសគឺស្រលាញ់សុខភាព។

ជាមួយនឹង Steel HR Sport វាក៏មិនខុសគ្នាច្រើនពីនាឡិកាវៃឆ្លាត ផ្សេងៗទៀតដែរ ដោយវាធ្វើការ ប្រមូលទិន្នន័យ ទាក់ទងនឹងសុខភាព ដូចជាចង្វាក់បេះដូង រយៈចម្ងាយគិតជាជំហ៊ាន ដែលបានធ្វើដំណើរទៅមុខ វាស់កាឡូរី ពិនិត្យមើលទៅលើការ ទទួលទានដំណេក ថែមទាំងមាន មុខងារ GPS ដែលអាចធ្វើការ តាមដានទៅតាម ទីតាំងដែលអ្នក បានហាត់ប្រាណ ឬបានទៅ រួចរក្សាទុកក្នុងកម្មវិធី តភ្ជាប់តាមរយៈស្មាតហ្វូន ដំណើរការដោយ iOS និង Android ជាដើម។ លក្ខណៈពិសេស ដែលអាចធ្វើឲ្យវាខុសប្លែក ពីនាឡិកា ក៏ដូចជាខ្សែដៃសុខភាព ផ្សេងៗទៀតនោះគឺថា វាអាចប្រើប្រាស់ ជាមួយនឹងកម្មវិធីសុខភាព ជាច្រើន ថែមទាំងអាចកត់ត្រានូវ ការហាត់ប្រាណ បានដល់ទៅ 30 ប្រភេទ ទៅតាមកីឡា ដែលអ្នកចូលចិត្ត រាប់បញ្ចូលទាំង Yoga, បាល់ទាត់, បាល់បោះ, បាល់ទះ, ជិះកង់, ជិះស្គី និងផ្សេងៗទៀតជាច្រើន ដែលផលិតផលផ្សេងៗ មិនទាន់ធ្វើបាន នៅឡើយ។

សម្រាប់មុខនាឡិកាទំហំ 40mm វិញ វាមិនមែនប្រើអេក្រង់សុទ្ធនោះទេ ដោយក្នុងនោះ វាមានភាពខុសប្លែក ពីគេបន្តិចត្រង់ថា វាមានទ្រនិចចង្អុល បង្ហាញម៉ោង និងមានបង្កប់ជាមួយ អេក្រង់ OLED ដើម្បីធ្វើការបង្ហាញទិន្នន័យ សំខាន់ៗដូចជា ចង្វាក់បេះដូង ជំហ៊ានដើរ ឬរត់ ក៏ដូចជាគោលដៅផ្សេងៗ តាមការកំណត់ របស់ម្ចាស់។ Steel HR Sport ក៏អាចធ្វើការដាស់ម្ចាស់ ឲ្យភ្ញាក់ពីដំណេក រួចទៅហើយប្រាណ បានដែរ អាចចុះងូតទឹកបាន ដល់ជម្រៅ 50 ម៉ែត្រ ជាមួយកម្លាំងថ្ម ប្រើបាន 25 ថ្ងៃ និងអាចប្រើមុខងារបន្ថែម ដើម្បីធ្វើឲ្យវារស់បាន 20 ថ្ងៃបន្ថែមទៀត ដូច្នេះម្ចាស់របស់វា មិនចាំបាច់ឈឺក្បាល រឿងថ្មត្រូវសាកមួយថ្ងៃ ម្ដង ឬពីរដងទៀតឡើយ។

សម្រាប់កម្លាំងម៉ាស៊ីនថាតើវាប្រើប្រាស់ខួរក្បាលអ្វី មានទំហំ RAM ប៉ុន្មាន ក៏ដូចជាអង្គផ្ទុកទិន្នន័យ នៅមិនទាន់បានលាតត្រដាង នៅឡើយទេ ព្រោះវាទើបតែប្រកាស ចេញលក់ប៉ុណ្ណោះ ដែលវាអាចនឹងប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ WearOS របស់ Google។ ហេតុដូច្នេះ សម្រាប់អ្នកស្រលាញ់ ការហាត់ប្រាណ ឬក៏ចង់តាមដាន សុខភាពរបស់ខ្លួន អាចថាចង់ចាប់ផ្ដើម ហាត់ប្រាណ ដោយស្រលាញ់អាយុជីវិត មិនចង់មានជម្ងឺច្រើន នាថ្ងៃអនាគតដោយសារតែការវិវឌ្ឍន៍ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ អាចរកជាវ Withings Steel HR Sport នេះបាន ដោយវាមានពីរពណ៌ សម្រាប់ជ្រើសរើស គឺផ្ទៃខាងក្នុង ពណ៌ស និងខ្មៅ ក្នុងតម្លៃ USD 199 សម្រាប់ទីផ្សារអន្តរជាតិ ដែលនឹងចេញលក់ នៅថ្ងៃនេះតែម្ដង!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: នាឡិកាវៃឆ្លាត