CAMBO REPORT

Popup Advertising5 seconds

ខេមបូរីផត៖ មូល​ហេតុ​មួយ​ចំនួន​ដែល​អ្នក​គួរ​ពិចារណា iPhone XR ជំនួស iPhone XS

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅទីបំផុត Apple បានប្រកាសចេញអាវុធជំនាន់ថ្មីរបស់ខ្លួន ហើយដោយក្នុងនោះ មានអាវុធធំ 2 មានតម្លៃថ្លៃគឺ iPhone Xs និង Xs Max និងមានអាវុធមួយទៀត ដែលមានតម្លៃ ប្រកួតប្រជែងគឺ iPhone XR ដែលពាក្យថា R នេះ នៅមិនទាន់ដឹងថា តើក្រុមហ៊ុនផ្លែប៉ោមមួយនេះ ចង់សម្ដៅទៅលើពាក្យអ្វី ជាតំណាងនោះទេ។ ជាការពិតណាស់ តម្លៃគឺជាចំនុចសំខាន់បំផុតមួយ នៅពេលសម្រេចចិត្ត ទិញទូរស័ព្ទ ដូច្នេះបើយើងមើលទៅ លើតម្លៃទីផ្សារអន្តរជាតិ ដែល Apple បានប្រកាសចេញ ម្សិលមិញនេះគឺថា XR មានតម្លៃ ចាប់ផ្ដើមពី 749$ ឡើងទៅ ជាតម្លៃដែលកំពូលស្មាតហ្វូន Android មួយចំនួន បានកំពុងសោយសុខ តែចាប់ពីចុងឆ្នាំ 2018 នេះតទៅ ប្រហែលជាពិបាកបន្តិចហើយ ព្រោះ Apple បានបញ្ចេញ XR ដើម្បីទាញយកអតិថិជន កាន់តែច្រើន។

ដូចប្រិយមិត្តមួយចំនួនបានដឹងរួចជាស្រេច XR ប្រើប្រាស់ខួរក្បាល មានលក្ខណៈសម្បត្តិ ក៏ដូចជាមុខងារទូទៅ មួយភាគធំដូចទៅនឹង XS អញ្ចឹងដែរ ដូច្នេះអ្វីៗ នៅរក្សាដូចគ្នាច្រើន ដែលជាមូលហេតុអ្នកគួរពិចារណា ទៅលើម៉ូឌែល XR ជំនួស XS បើអ្នកគិតថាថវិកា របស់អ្នកនៅមានកម្រិត! និយាយដល់ការមានកម្រិតនេះ តាមពិតទៅតម្លៃ 749$ មិនធូរថ្លៃ នោះទេនៅស្រុកខ្មែរយើង ហើយតម្លៃជាក់ស្ដែង ក៏មិនមែនប៉ុននេះដែរ តែវាក៏ធូរថ្លៃច្រើនជាង XS ដែរ ហើយក្នុងអត្ថបទ ចែករំលែកយោបល់ពី ក្រុមការងារខេមបូរីផតមួយនេះ គឺយើងនិយាយអំពី តម្លៃជាក់ស្ដែងដែល XR ផ្ដល់ឲ្យយើងបាន ដែលយើងអាចពិចារណាទិញវា ជាជាងទិញ Xs ដូចខាងក្រោម៖

 

XR មានរូបរាងស្រដៀងទៅនឹង XS

 

អេក្រង់ខាងមុខមានក្បាលឆក លាតសន្ធឹង ពុំមានប៊ូតុងចុច មានគែមតួម៉ាស៊ីនជាលោហៈ និងខ្នងក្រោយជាកញ្ចក់ អាចនិយាយបានថា វាប្រៀបបាន ដូចទៅនឹង iPhone 8 បង្កាត់ជាមួយ iPhone X ដើម្បីបង្កើតបានជា iPhone XR នេះឡើង។ យើងអាច និយាយបានថា XR ខុសគ្នាពី XS ត្រង់តែ កាមេរ៉ាខាងក្រោយ និងអេក្រង់ប៉ុណ្ណោះ ដែលជាចំនុចធំ សម្រាប់ Apple ក្នុងការកាត់បន្ថយ តម្លៃរបស់ XR ឲ្យកាន់តែធូរថ្លៃ។

 

XR មានកម្លាំងម៉ាស៊ីនដូចទៅនឹង XS

 

ក្រៅពីរូបរាងស្រដៀងគ្នាច្រើនហើយ XR ក៏មានខួរក្បាលខ្លាំងជំនាន់ថ្មីគឺ A12 Bionic ទៀតផង ដែលជាឈីប ប្រើប្រាស់នៅលើ XS វាមាន 6 Cores ដោយមាន 4 គ្រាប់ ជាឈីបសន្សំសំចៃថ្ម និង 2 ទៀតជាឈីប ដែលរត់លឿន។ ដូនេះ ការប្រើប្រាស់ iPhone XR អ្នកនៅតែទទួលបាននូវ បទពិសោធន៍ល្អជាមួយល្បឿន ក្នុងការប្រើប្រាស់ រហ័សដូចទៅនឹង XS ដែរ តែវាអាចនឹងមាន RAM តូចជាង ខណៈពេលនេះ យើងនៅមិនទាន់ដឹង ថាទាំង XS, XS Max និង XR មានទំហំ RAM ប៉ុណ្ណាឲ្យប្រាកដឡើយ!

 

XR មានកាមេរ៉ាប្រសើរ

 

កាមេរ៉ាខាងមុខរបស់ XR គឺមានសមត្ថភាពដូចទៅនឹង XS និង XS Max តែសម្រាប់កាមេរ៉ាខាងក្រោយវិញ XR មានតែមួយគ្រាប់ប៉ុណ្ណោះ ជាមួយនឹងទំហំ 12 មេហ្គាភិចសែល ដោយវាអាចថតរូប បានច្បាស់ ជាមួយសាច់ Details ច្រើន ពិសេសមួយគ្រាប់មែន តែវាអាចថតរូបបែប Portrait ឲ្យព្រាលផ្ទៃ ខាងក្រោយបាន ដូចទៅនឹង Pixel 2 អញ្ចឹងដែរ មិនចាំបាច់មាន 2 ក៏បាន។

 

XR មានបទពិសោធន៍ប្រើប្រាស់ដូចទៅនឹង XS

 

បើទោះបីជា XR មានរូបរាងប្លែកជាងបន្តិចមែន ប្រើប្រាស់អេក្រង់កម្រិតមធ្យម ក៏ពិតមែន តែបើនិយាយអំពីបទពិសោធន៍ ក្នុងការប្រើប្រាស់ គិតចាប់ពីចំនុច ស្កេនផ្ទៃមុខ ផ្ទាំង Menu របៀបប្រើប្រាស់ ទៅលើការចេញចូល បិទបើកកម្មវីធី ដោយដកមុខងារ 3D Touch ចេញ។ យើងអាចនិយាយបានថា XR គឺដូចទៅនឹង XS សឹង 95% ទៅហើយ ម្យ៉ាងវាក៏ល្អ សម្រាប់មនុស្សស្រី ដែលមានប្រអប់ដៃតូច ទៀតផង។

ចំនុចទាំងប៉ុន្មានខាងលើនេះ គ្រាន់តែការបង្ហាញនូវមតិយោបល់ របស់ក្រុមការងារខេមបូរីផត ដោយយោងទៅលើ ទិដ្ឋភាពជាក់ស្ដែង ដោយផ្អែកទៅលើរូបរាង កម្លាំងម៉ាស៊ីន មុខងារ ក៏ដូចជាតម្លៃនៅទីផ្សារបរទេសប៉ុណ្ណោះ។ តាមការពិតទៅ តាមការរៀបរាប់ខាងលើ វានៅមិនទាន់អស់ នៅឡើយទេ វានៅមានចំនុចតូចៗ ផ្សេងៗទៀត ដែល XR អាចធ្វើទៅបានដូច XS ដែរ រួមមានដូចជា៖

 

•    អាវក្រោះការពារធូលី និងទឹកសាច IP67

•    មុខងារសាកថ្មលឿន

•    មានពណ៌ច្រើនជាងសម្រាប់ជ្រើសរើស ល្អសម្រាប់យុវវ័យ

 

អញ្ចឹងប្រិយមិត្តអាចនឹងធ្វើការពិចារណាបានដោយខ្លួនឯងថាតើ រវាង XR និង XS មួយណាជាជម្រើសល្អសម្រាប់អ្នក តើតម្លៃរបស់វា នៅស្រុកក្រៅខុសគ្នាជាង  250$ ឯណោះ ដែលទឹកប្រាក់ប៉ុននេះ អ្នកអាចទិញ ស្មាតហ្វូនធុនមធ្យម ដំណើរការដោយ Android បានមួយគ្រឿង ថែមទៀត។ បើទោះបីជា យើងលើកយកចំនុច ភាគច្រើន ដែល XR ធ្វើបានដូចទៅនឹង XS ក៏ពិតមែន តែ XS ក៏នៅមានចំនុច លេចធ្លោច្រើនជាង ដែលអាចទាញចិត្តអ្នក ប្រើប្រាស់ឲ្យលង់ស្នេហ៍ ដកចិត្តមិនរួចពីវា ផងដែរ ដូចជាអេក្រង់ OLED ច្បាស់កប់ ទំហំថ្មធំ កាមេរ៉ាប្រសើរជាង និងអាចមុជទឹក បានជម្រៅ 2 ម៉ែត្រ ជាដើម។

 

 

សំនួរសួរថា តើអ្នកគួរចំនាយប្រាក់បន្ថែម 250$ ទៅលើ XS និងលោតដល់ 350$ ទៅលើ XS Max ជាជាង XR ឬទេ? (តម្លៃអន្តរជាតិ) កុំភ្លេច Comment ចែករំលែកយោបល់អ្នក ទាំងអស់គ្នាផង ហើយក្រុមការងារយើង នឹងរង់ចាំមើលមតិអ្នក ទាំងអស់គ្នា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ទូរស័ព្ទ