CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត ROG Phone បង្ហាញ​ខ្លួន​នៅ​ចិន​ហើយ ជាមួយ​តម្លៃ​ជាង ៨០០ ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ទូរសព្ទ Gaming ដែលប្រិយមិត្តអ្នកនិយមលេងហ្គេមគ្រប់គ្នា កំពុងរង់ចាំនោះ ពេលនេះវាបានបង្ហាញខ្លួននៅក្នុង ប្រទេសចិនហើយ ដោយក្រុមហ៊ុនតៃវ៉ាន់ ASUS ទើបតែបានប្រកាសវាចេញ និងដាក់លក់វាក្នុងតម្លៃ ៨៧០ ដុល្លារឡើងទៅ ដូចនេះនៅក្នុង ប្រទេសកម្ពុជាយើង ក៏អាចនឹងមានក្រុមហ៊ុន ASUS និងហាងមួយចំនួន អាចនឹងនាំចូលលក់ ជាផ្លូវការ នៅពេលខាងមុខផងដែរ។

លក្ខណៈសម្បត្តិរបស់ ASUS ROG Phone មានអ្នកដឹងអំពី វាច្រើនមកហើយ តាមរយៈការចុះផ្សាយព័ត៌មាន ពីខេមបូរីផត។ រូបរាងនៃគុណភាពផលិត វាប្លែកពីគេ ដោយកម្រាស់ ៨.៦ មីលីម៉ែត្រ ទំងន់ ២០០ ក្រាម ហើយវាខ្នងក្រោយ និងមុខជាកញ្ចក់ G5 មានស៊ុមលោហៈ។ ខាងក្រោយ វាមានឡូហ្គោភ្នែកពាក់ ដោយភ្លើង RGB មានកាមេរ៉ាភ្លោះ ទ្រនាប់ស្កេនម្រាមដៃ និងរន្ធបញ្ចេញ ខ្យល់ក្ដៅ។

ផ្នែកខាងមុខវាប្រើអេក្រង់លាតទ្រវែងទំហំ ៦ អ៊ីញ ជាអេក្រង់ AMOLED កម្រិតបង្ហាញ Full HD និងល្បឿន Refresh Rate ៩០ ហឹត និងល្បឿន Response Time ត្រឹមតែ ១ មីលីវិនាទីប៉ុណ្ណោះ។ នៅខាងមុខនោះដែរ វាក៏បំពាក់រន្ធបំពងសម្លេង ២ គ្រាប់ ជាប្រភេទ Stereo និងមានបច្ចេកវិទ្យា NXP Smart AMP ជំនួយផងដែរ ហើយបើអ្នកប្រើប្រាស់ កាសដើម្បីស្ដាប់ទៀតនោះ វាអាចបញ្ចេញសម្លេង Surround Sound កម្រិត 7.1 Channel និងមាន បច្ចេកវិទ្យាសម្លេង Headphone: XTM និងបច្ចេកវិទ្យា Hi-Res Audio & DTS កម្រិត 24-bit/ 192KHz ថែមទៀតផង។

ផ្នែកកម្លាំងម៉ាស៊ីនវិញ ក្រុមហ៊ុនបានដាក់មួយកប់នៅលើ ASUS ROG Phone នេះតែម្ដង ដោយការប្រើប្រាស់ឈីប ជំនាន់ចុងក្រោយ រ៉េមធំ និងផ្នែក Software ស្រដៀងនឹងបទពិសោធន៍កុំព្យូទ័រ ក្នុងនោះរួមមាន៖

 

•    បន្ទះឈីប Snapdragon 845

•    មានស៊ីភីយូ ៨ គ្រាប់ដោយក្រុមហ៊ុនបាន Overclock ដល់ល្បឿន 2.96GHz

•    ក្រាហ្វិច Adreno 630

•    រ៉េម ៨ ជីកាបៃ ប្រភេទ LPDDR4X

•    អង្គផ្ទុកទិន្នន័យ ១២៨ ឬ ៥១២ ជីកាបៃ ប្រភេទ UFS

•    ដំណើរការដោយ Android Oreo 8.1 និងប្រើផ្ទៃ UX កែច្នៃដោយ ASUS ហៅថា ROG Gaming UI

•    មានថាមពលថ្ម 4,000 mAh និងប្រើប្រាស់រន្ធសាកថ្ម USB 3.1 Type-C ទ្រទ្រង់បច្ចេកវិទ្យាសាកថ្មលឿន។

លក្ខណៈពិសេសរបស់ ROG Phone គឺវាអាចភ្ជាប់ទៅកាន់ ឧបករណ៍បានច្រើន ក្នុងនោះវាអាចដាក់ជាមួយនឹង កង្ហារ RGB ដើម្បីកាត់បន្ថយកម្ដៅក៏បាន, អាចភ្ជាប់ជាមួយនឹង TwinView Dock ដែលផ្លាស់ប្ដូរទូរសព្ទ ឲ្យទៅជាម៉ាស៊ីនហ្គេម ដូចជា Nintendo ឬ PSP អញ្ចឹង។ លើសពីនេះ វាក៏អាចភ្ជាប់ទៅកាន់ កុំព្យូទ័រដូចជា Samsung DeX ដើម្បីផ្លាស់ប្ដូរ បទពិសោធន៍នៃការ លេងហ្គេម ពីទូរសព្ទទៅកុំព្យូទ័រវិញដែលគេឲ្យ ឈ្មោះថា Mobile Desktop Dock និងការអាចភ្ជាប់ ជាមួយនឹងដៃ Controller សងខាងយ៉ាងប្រសើរផងដែរ គេហៅថា Gamevice Controller។ លើសពីនេះ គែមរបស់វា ក៏សម្គាល់ការប៉ះផងដែរ ដោយយើងអាច ច្របាច់ក៏បាន ឬប៉ះជា Trigger ក៏បាន។

កាមេរ៉ារបស់ ROG Phone ប្រើប្រាស់ស៊េនស័រ Sony IMX ៣៦៣ ទំហំ ១២ មេហ្គាភិចស៊ែល Aperture f/១.៧ ថតបានទូលាយ ១២០ ដឺក្រេ និងកាមេរ៉ាជំនួយ ៨ មេហ្គាភិចស៊ែល។ ឯកាមេរ៉ាខាងមុខទំហំ ៨ មេហ្គាភិចស៊ែល Aperture f/២.០ មានមុខងារ AI ចាប់ប្លង់ផងដែរ។

ASUS ROG Phone នឹងត្រូវដាក់ក្នុងប្រទេសចិនចាប់ពីថ្ងៃទី ២៦ កញ្ញា ខាងមុខនេះហើយ ដោយម៉ូឌែលអង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ មានតម្លៃត្រឹមតែ ៨៧៥ ដុល្លារប៉ុណ្ណោះ ចំណែកម៉ូឌែល ២៥៦ ជីកាបៃមានតម្លៃ ១,១៦៥ ដុល្លារ។ ក្រុមហ៊ុនក៏បានបន្ថែម ម៉ូឌែលពិសេស មួយទៀតហៅថា E-Sport Armor Edition ដែលមានតម្លៃដល់ ១,៨៩៥ ដុល្លារឯណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ទូរស័ព្ទ