CAMBO REPORT

Popup Advertising5 seconds

ឆ្នាំ​នេះ iPhone ដាក់​អេក្រង់​មួយ​កប់​តែ​ម្ដង!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អេក្រង់ iPhone X ឆ្នាំមុន បានធ្វើមនុស្សជាច្រើនបាក់ចិត្ត ស្រលាញ់វាទៅហើយ ព្រោះវាលាតពេញផ្ទៃខាងមុខ ជាប្រភេទអេក្រង់កម្រិតខ្ពស់ បង្ហាញពណ៌ដិត កម្រិតបង្ហាញច្បាស់ ហើយក៏ទ្រទ្រង់ បច្ចេកវិទ្យា HDR10 ផងដែរ និងកាន់តែធ្វើឲ្យអ្នកគាំទ្រ ចង់ឃើញផលិតផល ដែលគេបង្ហាញឆ្នាំក្រោយៗទៀត។ ជាការពិត មិនអាចប្រកែកបានថា ឆ្នាំនេះក្រុមហ៊ុន Apple ឡើងស៊េរី iPhone កាន់តែអស្ចារ្យ ជាជំហ៊ានដ៏ធំមួយទៀត ដែលប្រសើរជាងមុន ឆ្ងាយមែនទែន ហើយក៏ធ្វើឲ្យ iPhone 8 ចុះទៅក្រោម ចង់ប្ដូរមកប្រើ ស៊េរីថ្មីផងដែរ ព្រោះតែអេក្រង់ ពណ៌ថ្មី និងកម្លាំងម៉ាស៊ីន។ អញ្ចឹង យើងនឹងមកលក្ខណៈសម្បត្តិ លំអិតនៃអេក្រង់របស់ទាំង ៣ នេះបន្ដិចមើល៍ ថាវាទាក់ចិត្តអ្នក បានប៉ុន្មាន?

ថ្វីត្បិតរូបរាងរបស់ iPhone ទាំងបីស៊េរី មិនបានផ្លាស់ប្ដូរច្រើន និងមានទម្រង់អេក្រង់ឆក ដូចមុនក៏ដោយ ប៉ុន្តែអេក្រង់គឺ ត្រូវឡើងខ្ពស់ជាងមុន។ iPhone ស៊េរីខ្ពស់គឺ iPhone XS Max វាត្រូវបានប្រើអេក្រង់ ទំហំ ៦.៥ អ៊ីញ ដែលកាន់តែធំ ប៉ុន្តែរក្សារូបរាងតូចប៉ុន iPhone 8 Plus ប៉ុណ្ណោះ ដោយសារការបន្ថយគែម អេក្រង់ខ្លី។ Apple ហៅអេក្រង់នេះថា Super Raina HD Display ដែលវាបំពាក់ បន្ទះបង្ហាញ OLED អាចទ្រទ្រង់ជាមួយ បច្ចេកវិទ្យា HDR10 និងមានកម្រិតបង្ហាញ ពណ៌ដិតច្បាស់កប់ ដែលកម្រិត Contrast Ratio របស់វាគឺ 1,000,000:1 ហើយក៏មានបច្ចេកវិទ្យា 3D Touch ផងដែរ។ កម្រិតបង្ហាញរូបភាព របស់វាគឺ ២,៦៨៨ x ១២៤២ ភិចស៊ែល (ប្រហែល Quad HD) មានដង់ស៊ីតេ ៤៥៨ ppi កម្រិតពន្លឺអតិបរមា ៦២៥ នីត និងមានបច្ចេកវិទ្យា True Tone Display ដើម្បីសម្របពន្លឺ ទៅតាមបរិកាសផងដែរ។ ចំណុចដែលធ្វើឲ្យអ្នក គាំទ្ររំភើបបំផុតនោះ គឺអេក្រង់ដែលមាន ល្បឿន Response Touch ១២០ ហឺត ដោយពេលនេះ Apple បានដាក់វានៅលើ iPhone ធ្វើឲ្យកាន់តែ លេចធ្លោក្នុងការអូសទៅមក បានលឿន គួរជាទីគាប់ចិត្ត។

ចំណែកឯម៉ូឌែល iPhone XS អាតូច វាក៏លេចធ្លោ ដូចអាធំខាងលើអញ្ចឹង ប៉ុន្តែវាទាបជាងបន្ដិច ទៅលើទំហំ និងកម្រិតបង្ហាញរូបភាព ដោយវាប្រើបន្ទះបង្ហាញ ទំហំ ៥.៨ អ៊ីញ និងមានកម្រិតបង្ហាញ ២,៤៣៦ x ១,១២៥ ភិចស៊ែល។ ក្រៅពីនេះ ចំណុចទាំងអស់វាខ្លាំង និងលេចធ្លោដូច iPhone XS Max អញ្ចឹង។

មកដល់ iPhone XR វារៀងស្ទើរជាងគេបន្ដិច ប៉ុន្តែក៏មិនអន់ដែរ ល្មមសាកសម នឹងតម្លៃខ្លួនរបស់វា។ Apple បានពាក់អេក្រង់ LCD ទំហំ ៦.១ អ៊ីញ នៅលើនេះ មានទម្រង់ឆកដូចគ្នា និងហៅថាវាថា Liquid Retina HD Display។ អេក្រង់នេះ មានកម្រិតបង្ហាញរូបភាព ១,៧៩២ x ៨២៨ ភិចស៊ែល កម្រិតពន្លឺ ៦២៥ នីតអតិបរមា និងកម្រិត Contrast Ratio 1,400:1 លើសពីនេះ វាក៏មានល្បឿនឆ្លើយតប ១២០ ហឺត និង True Tone ប្រែពណ៌តាម ស្ថានភាពផងដែរ។ ចំណុចដែលវាខ្វះខាត គឺមិនអាចបង្ហាញ HDR10 បាននោះទេ ហើយក៏មិនមាន បច្ចេកវិទ្យា 3D Touch នោះដែរ។

អញ្ចឹងទាំងនេះគឺជាលក្ខណៈសម្បត្តិសង្ខេប នៃអេក្រង់របស់ iPhone ទាំងបីស៊េរីខាងលើ ដែលវាពិតជាលេចធ្លោ ជាមួយល្បឿនអេក្រង់ ១២០ ហឺតនេះ ហើយទំហំនៃអេក្រង់ ក៏ឡើងធំជាងមុនច្រើន ផងដែរ កាន់តែត្រូវចិត្ត អ្នកដែលធ្លាប់ប្រើ ទូរសព្ទអេក្រង់ធំ។ ចុះមិត្តអ្នកអាន យល់យ៉ាងណាដែរ ចំពោះអេក្រង់របស់ iPhone ទាំងបីនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: ទូរស័ព្ទ