CAMBO REPORT

Popup Advertising5 seconds

British Airways ត្រូវ​បាន​ជន​ខិល​ខូច​លួច Hacked ទិន្នន័យ​អ្នក​ធ្វើ​ដំណើរ​បាន​សម្រេច

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ជនខិលខូច ដែលចូលចិត្តលួចយកទិន្នន័យរបស់គេ មានសឹងតែគ្រប់ទីកន្លែង ហើយថ្មីៗ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ នៅចក្រភពអង់គ្លេស ក៏បានជួបរឿងគេលួច Hack នេះផងដែរ ដោយលើកនេះ ធ្វើឡើងជាមួយនឹង ក្រុមហ៊ុនអាកាសចរណ៍ ធំមួយនៅអង់គ្លេសវិញម្ដង។ វាជាហេតុធ្វើឲ្យទិន្នន័យ និងព័ត៌មានមួយចំនួន របស់អ្នកធ្វើដំណើរ រួមមានទាំងភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ខ្វាយខ្វល់ និងបានកំពុងចាត់វិធានការ ដោះស្រាយហើយ ដែលនេះអាចជាដំណឹង ទៅដល់បងប្អូនជនរួមជាតិ គប្បីប្រុងប្រយ័ត្ន ឲ្យបានខ្ពស់។

យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់ British Airways ជាក្រុមហ៊ុនអាកាសចរណ៍ធំមួយ នៅចក្រភពអង់គ្លេស បានប្រកាសឲ្យដឹងថា មានក្រុមជនមិនស្គាល់មុខ បានធ្វើការលួច Hack យកទិន្នន័យ ពីអ្នកធ្វើដំណើរតាមជើង យន្តហោះរបស់ខ្លួន ដែលបានធ្វើការកុម្ម៉ង់ និងកក់ជើងហោះហើរ នៅចន្លោះម៉ោង 5:58 នាទីល្ងាច ថ្ងៃទី 22 ខែសីហា ឆ្នាំ 2018 រហូតដល់ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ 2018 កន្លងទៅថ្មីៗនេះ តាមរយៈកម្មវិធី (App) និងតាមរយៈគេហទំព័រ Website របស់ British Airways ដោយមិនដឹងខ្លួន។ ការលួច Hacked នេះ បានប្រមូលយកទិន្នន័យមួយចំនួន របស់ជនរងគ្រោះ និងសំខាន់បំផុត បានលួចយកទិន្នន័យសំខាន់ៗ ពាក់ព័ន្ធទៅនឹងផ្នែកហិរញ្ញវត្ថុ របស់ពួកគេ តែសំណាងល្អដែរ លិខិតឆ្លងដែន និងព័ត៌មានពាក់ព័ន្ធទៅនឹងការ ធ្វើដំណើរពុំមានការ បាត់បង់អ្វីឡើយ ដោយឡែកការបាត់បង់ ទឹកប្រាក់ជាក់ស្ដែង មកដល់នឹងពេលនេះ មិនទាន់ដឹងច្បាស់ នៅឡើយទេ ព្រោះថាអាជ្ញាធរ មានសមត្ថកិច្ច និងជំនាញផ្នែកបទល្មើស តាមប្រព័ន្ធអ៊ិនធឺណិត និងព័ត៌មានវិទ្យា បានកំពុងដុតដៃដុតជើង ធ្វើការស្រាវជ្រាវ ដើម្បីឈានទៅដល់ការ វែកមុខជនខិលខូច ទាំងនោះ។

នេះគឺជារឿងថ្មីមួយទៀត ដែលកម្រនឹងកើតមានឡើង ដែលវាបានធ្វើឲ្យប៉ះពាល់ខ្លាំង ទៅដល់ប្រព័ន្ធសុវត្ថិភាព និងព័ត៌មានផ្ទាល់ខ្លួន របស់អ្នកធ្វើដំណើរទាំងជាតិ និងអត្តជាតិ នៅឯចក្រភពអង់គ្លេស ហើយអ្នកដែលបាន ធ្វើការកក់ ឬកុម្ម៉ង់សំបុត្រយន្តហោះ នៅចន្លោះកាល បរិច្ឆេទខាងលើ ត្រូវបានទំនាក់ទំនង ដើម្បីរៀបចំធ្វើការ កែប្រែលេខកូដសម្ងាត់ ពាក់ព័ន្ធនឹង សាច់ប្រាក់មាននៅក្នុង គណនីធនាគារ របស់ពួកគេផងដែរ ជៀសវាងបញ្ហាបាត់បង់ ប្រាក់កាក់ជាយថាហេតុ។ សម្រាប់ពេលនេះ គេហទំព័រផ្លូវការរបស់ British Airways បានដំណើរការ ដោយសុវត្ថិភាពវិញហើយ ខណៈពេលដែល App បានកំពុងដោះស្រាយ ទៅលើប្រព័ន្ធការពារ ឲ្យបានកាន់តែតឹងរ៉ឹង ជាងមុន។ បញ្ហានេះ ក៏អាចនឹងកើតមានឡើង នៅស្រុកខ្មែរ យើងផងដែរ ឬអាចនឹងកំពុងកើតឡើងផង ក៏ថាបាន នៅពេលដែលជនបរទេស បានចូលមក និងកំពុងរស់នៅជិតៗ យើងនាពេលនេះ ដូច្នេះព័ត៌មាននេះ គឺជាការក្រើនរំលឹក ទៅដល់ប្រជាជនខ្មែរទាំងអស់ ឲ្យបានដឹងជាដំណឹង ជៀសវាងមានបញ្ហា នៅថ្ងៃក្រោយ។

ដូច្នេះសម្រាប់អ្នកដែលចូលចិត្តកុម្ម៉ង់ ឬទិញឥវ៉ាន់តាមអនឡាញ ក៏ដូចជាអ្នកធ្វើការកក់ ឬទិញសេវាកម្មផ្សេងៗ គប្បីមើលឲ្យបានច្បាស់ ប្រយ័ត្នធ្លាក់ចូលអន្ទាក់ របស់ជនខិលខូចមួយចំនួន ដែលអាចនឹងត្រៀមលួចយកប្រាក់ ចេញពីកុងធនាគារ របស់អ្នកក៏ថាបាន ព្រោះថានៅអង់គ្លេសគេ ធ្វើបាន ចុះហេតុអ្វីស្រុកខ្មែរគេធ្វើ មិនបាន? សង្ឃឹមថា អ្នកនឹងជ្រាបជាដំណឹង ហើយមើលឲ្យបានច្បាស់ មុននឹងតម្លើង ឬប្រើប្រាស់កម្មវិធី ពិសេសពេលប្រើអ៊ិនធឺណិត ទាំងនៅលើស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: British AirWays Tag: Lifestyle