CAMBO REPORT

Popup Advertising5 seconds

ASUS ប្រកាស​ចេញ ZenBook ជំនាន់​ថ្មី មាន​រូប​រាង​កាន់​តែ​ទាក់​ទាញ និង​ប្រើ​ផ្នែក​រឹង​ជំនាន់​ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ZenBook គឺជាត្រកូលកុំព្យូទ័រយួរដៃកម្រិតកំពូលមួយរបស់ក្រុមហុន ASUS ប្រទេសតៃវ៉ាន់ ដោយ ZenBook នេះត្រូវចាត់ទុកថា ជាម៉ាស៊ីនពពួក Ultrabook មានកម្រាស់ស្ដើង រូបរាងទាក់ទាញ មានការផលិត ដែលមានគុណភាពខ្ពស់ អមមកជាមួយកម្លាំងម៉ាស៊ីនខ្លាំង ទៀតផង ដោយគោលដៅទីផ្សារ របស់វាគឺសម្រាប់ការងារទូទៅ សិស្ស និស្សិត អ្នកជំនួញជាដើម -ល-។ មកដល់ចុងឆ្នាំ 2018 នេះ ក្រុមហ៊ុន ASUS ក៏បានប្រកាស ចេញនូវកំណែ Update ថ្មីនៅលើត្រកូល ZenBook របស់ខ្លួន ដែលមានដូចសព្វមួយដង អញ្ចឹងគឺដល់ទៅ 3 ម៉ូឌែលមានទំហំ 13, 14 និង 15 អ៊ីញ ជាមួយផ្នែករឹង ប្រហាក់ប្រហែលគ្នា ដោយអាច ជ្រើសរើសខ្លាំង ឬមធ្យម ទៅតាមតម្រូវការជាក់ស្ដែង និងកម្រិត សាច់ប្រាក់របស់អ្នក។

ZenBook ទាំង 3 ម៉ូឌែលនោះរួមមានដូចជា UX333 (13 អ៊ីញ) ទម្ងន់ 1.19 គីឡូក្រាម, UX433 (14 អ៊ីញ) ទម្ងន់ 1.19 គីឡូក្រាម និង UX533 (15 អ៊ីញ) ទម្ងន់ 1.65 គីឡូក្រាម មានប្រណិតភាព ភាពរឹងមាំ និងគុណភាព ដោយត្រកូល ZenBook ទាំង 3 ស៊េរីការពារ និងស្រោបខ្លួន ដោយលោហៈនៅខាងលើ ខាងក្នុង និងបាតខាងក្រោម ដែលផ្ដល់នូវទំនុកចិត្ត សម្រាប់អ្នកប្រើប្រាស់ ពិសេស ASUS បានបំពាក់មកជាមួយនឹង អេក្រង់លាតធំ ហៅជាផ្លូវការថា NanoEdge Display ធ្វើឲ្យគែមអេក្រង់របស់ ZenBook ស៊េរីចុងឆ្នាំ 2018 ទាំងអស់ មានគែមស្ដើងបំផុត ធ្វើឲ្យកុំព្យូទ័រយួរដៃមួយនេះ កាន់តែមានភាពទាក់ទាញ ថែមមួយកម្រិតទៀត ជាមួយសមត្ថភាពបង្ហាញ រូបភាពក្នុងកម្រិត Full HD។

ជាមួយនឹងផ្នែករឹងវិញ ASUS បានប្រើប្រាស់ផ្នែករឹងជំនាន់ចុងក្រោយគេបង្អស់ ដោយប្រើប្រាស់ឈីប ជាខួរក្បាល ជំនាន់ទី 8 របស់ Intel ដែលមានកន្ទុយអក្ស U ជួយសន្សំសំចៃថ្មបានល្អ ដោយអាចជ្រើសរើសបានដូចជា៖

 

•    Intel Core i5 8265U សម្រាប់តែម៉ូឌែល UX333

•    Intel Core i7 8565U សម្រាប់ម៉ូឌែល UX433 និង UX533

 

កុំព្យូទ័រទាំង 3 ស៊េរីខាងលើបំពាក់មករួចជាស្រេចជាមួយ RAM ទំហំ 8GB ឬ 16GB តាមការជ្រើសរើសដោយដាំជាប់ទៅនឹង Motherboard ស្រាប់ មានន័យថាមិនអាចធ្វើការ Upgrade បានឡើយនៅពេលចង់ឡើងទំហំ RAM រីឯ អង្គផ្ទុកទិន្នន័យគឺប្រើប្រាស់ បន្ទះមេម៉ូរី SSD ទាំងអស់ជាប្រភេទ PCIe 3.0 អាចជ្រើសរើសទំហំចាប់ពី 256, 512 ឡើងទៅ 1000GB បាន។ កាន់តែពិសេស ASUS ក៏បានបំពាក់បន្ទះឈីបក្រាហ្វិចរបស់ nVIDIA នៅលើម៉ូឌែល 15 អ៊ីញផងដែរ ដែលមានពីរជម្រើស សម្រាប់ជ្រើសរើសគឺ GeForce MX150 2GB និង GTX 1080 Max-Q ទំហំ 2GB តាមទឹកប្រាក់ជាក់ស្ដែង។

 

 

កុំព្យូទ័រទាំង 3 ស៊េរីនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 Home 64-bit ដែល Track Pad មានបំពាក់មកជាមួយនឹង មុខងារ ASUS NumberPad ដែលអនុញ្ញាតឲ្យប្រើ Track Pad ដើម្បីចុចបញ្ជា ទៅលើលេខ និងប្រើប្រាស់មុខងារសំបូរ បែបផ្សេងៗទៀត។ សរុបមក ZenBook ស៊េរី 13 អ៊ីញ ត្រូវបានបំពាក់មក ជាមួយផ្នែករឹង កម្រិតមធ្យម ចំនែកម៉ូឌែល 14 និង 15 បំពាក់ជាមួយផ្នែករឹង ប្រសើរជាង ថែមទាំងមានជម្រើស ក្រាហ្វិចដាច់មកជាមួយ បើកសិទ្ធិឲ្យម្ចាស់ស៊េរី 14 និង 15 អាចលេងហ្គេមមួយចំនួន បានផងដែរ។ ASUS ZenBook នឹងចេញលក់ក្នុងទីផ្សារ អាមេរិកនៅពាក់កណ្ដាលខែកញ្ញា ខាងមុខ ហើយនឹងចេញលក់ នៅតាមបណ្ដាទីផ្សារអន្តរជាតិផ្សេងៗ ទៀតនៅខែក្រោយនេះ ផងដែរ ដោយវត្តមានរបស់វា នឹងមកដល់ស្រុកខ្មែរយើង ឆាប់ៗនេះទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ