CAMBO REPORT

Popup Advertising5 seconds

ធុង​បាស​ចល័ត​ជំនាន់​ថ្មី​របស់ SONY សម្លេង​កប់ វៃ​ឆ្លាត ភ្លើង​ដូច​ក្លឹប និង​មិន​ចូល​ទឹក

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប៉ុន្មានឆ្នាំកន្លងមកនេះ SONY មានកូនធុងបានចល័តចេញលក់ក្នុងទីផ្សារ យ៉ាងច្រើនសន្ធឹកសន្ធាប់ មានច្រើនម៉ូឌែល ច្រើនសណ្ឋាន ច្រើនពណ៌ ច្រើនទំហំ និងច្រើនជំនាន់ផងដែរ ហើយមកដល់ចុងឆ្នាំ 2018 នេះ SONY បានពាំនាំមកនូវកូនធុងបាស ចល័តជំនាន់ថ្មី ដែលមានមាឌធំ មកបង្ហាញក្នុងព្រឹត្តិការណ៍ IFA 2018 មានខ្សែស្រឡាយ ស្ថិតនៅក្នុងត្រកូល Extra Bass មានលេខកូដសម្គាល់ SRS-XB501G ជាមួយទំហំធំ មាឌយក្ស ល្អបំផុតសម្រាប់ការ ប្រើប្រាស់នៅខាងក្រៅ ដូចជាដំណើរកំសាន្ត ជប់លៀង ឬស៊ីផឹកជាដើម។

ដើម្បីបន្ថែមឲ្យធុងបាសចល័តរបស់ខ្លួនផ្ដល់នូវបទពិសោធន៍ក្នុងការ ប្រើប្រាស់កាន់តែប្រសើរនោះ SONY បានបន្ថែមមកជាមួយនឹង មុខងារវៃឆ្លាតបន្ថែម ពីលើទៀតគឺ Google Assistant ដោយម្ចាស់របស់ធុងបាសនេះ អាចធ្វើការបញ្ជា ឬសាកសួរជាសម្លេង ដូចជាប្រាប់ឲ្យលេង ឬឈប់លេងតន្ត្រី សាកសួរសំនួរទូទៅ ជាច្រើនដូចជាអាកាសធាតុ ការណាត់ជួប តំបន់ និងជាច្រើនផ្សេងៗទៀត តាមរយៈខួរក្បាលសិប្បនិមិត្ត (AI) របស់ Google ផ្ទាល់ ថែមទាំងអាចបញ្ជាឧបករណ៍ វៃឆ្លាតតាមផ្ទះទៀតផង បើឧបករណ៍ទាំងនោះ តភ្ជាប់ក្នុងប្រព័ន្ធ Internet របស់អ្នកផ្ទាល់ (សម្រាប់ការប្រើប្រាស់ ក្នុងគេហដ្ឋាន)។ ដើម្បីប្រើប្រាស់មុខងារ Google Assistant នៅលើកូនធុងបាសនេះបាន យើងត្រូវភ្ជាប់ SRS-XB501G នេះទៅនឹងស្មាតហ្វូន Android ដែលមានសេវាអ៊ីនធឺណិត ជាមុនសិនទើបបាន។

កូនធុងបាសថ្មីនេះក៏ត្រូវបានស្រោប និងការពារឡើងដោយជ័រស្វិតរឹងមាំ ធន់នឹងការធ្លាក់ ឆ្កូត និងសឹកបានយ៉ាងល្អ ពិសេសវាមានអាវក្រោះ ការពារទឹកសាច និងធូលី ដែលជាស្បែកការពារ មិនឲ្យមានបញ្ហាពេលត្រូវទឹក ឬត្រូវភ្លៀងល្មមៗ ជាដើម។ XB501G មានភ្លើង RGB រត់នៅខាងមុខ និងភ្លើង LED ពណ៌ស ភ្លឺដូចភ្លើងក្លឹប ដេញតាមភ្លេងកប់ នៅពេលយប់ អមមកជាមួយនឹងក្រឡើតបាសធំមួយ ចំកណ្ដាលខាងក្រោម បុកបាសបានណែន និងមានក្រឡើតបំពងសម្លេង ពីរអមសងខាង ដែលអាចផ្ដល់នូវសម្លេង រណ្ដំ ញ៉ាំងឲ្យបរិយាកាស កម្មវិធីកាន់តែសប្បាយរីករាយ ដោយវាអាចប្រើប្រាស់ បានដល់ទៅ 16 ម៉ោងសម្រាប់ការសាកថ្មមួយពេញ និងបើកសម្លេងល្មម ហើយបើបើកសម្លេងខ្លាំង ថ្មនឹងចុះតាមហ្នឹងដែរ អាស្រ័យទៅលើការ ប្រើប្រាស់ជាក់ស្ដែង ចំនែកការសាកថ្ម អាចសាកតាមឌុយ សាកក្បាលមូលក៏បាន ឬសាកតាម USB ប្រភេទ C ក៏បាន ហើយក៏អាចយកវាធ្វើជា Powerbank សាកថ្មឧបករណ៍ អេឡិចត្រូនិចផ្សេងៗទៀត។

កូនធុងបាស Sony Extra Bass ម៉ូឌែល SRS-XB501G មានកំពស់ 228mm ទទឹង 232mm និងបណ្ដោយ 210mm វាមិនធំពេក ហើយក៏មិនតូចពេកដែរ តែវាល្មមសាកសម យកតាមខ្លួនបាន ដោយតម្រូវឲ្យមានការបូប ឬថង់ដាក់ទើបបាន ឬអាចកាន់ដៃយួរ ក៏បានសម្រាប់ការទុកដាក់ លើកចុះលើកឡើង។ SONY នឹងបញ្ចេញកូនបាសនេះ លក់នៅខែក្រោយ តែម្ដងក្នុងតម្លៃ 299.99$ សម្រាប់ទីផ្សារអន្តរជាតិ តែសម្រាប់ទីផ្សារ ស្រុកខ្មែរថ្លៃ ឬធូរថ្លៃជាងនេះ មានតែរង់ចាំ អ៊ុតមើលទាំងអស់គ្នា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៨
ប្រភព: SONY Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ