CAMBO REPORT

Popup Advertising5 seconds

នាឡិកា​វៃ​ឆ្លាត​ថ្មី​របស់ Casio មាន​រូប​រាង​ទាក់​ទាញ អេក្រង់ 2 ស្រទាប់ និង​ថ្ម​កាន់​បាន​ដល់​ទៅ 1 ខែ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Casio ដែលល្បីល្បាញផ្នែកផលិតនាឡិកាដៃ បន្ទាប់ពីទទួលជោគជ័យយ៉ាងច្រើន ជុំវិញទីផ្សារនាឡិកាវៃឆ្លាត របស់ខ្លួនរួចមក មកដល់ក្បែរចុងឆ្នាំ 2018 ក្នុងព្រឹត្តិការណ៍ IFA ក្រុមហ៊ុនជប៉ុនមួយនេះ បានឆ្លៀតឱកាស ប្រកាសចេញនូវនាឡិកាដៃ វៃឆ្លាតជំនាន់ថ្មីរបស់ខ្លួន ជាមួយនឹងរូបរាងទាក់ទាញ សាកសម សម្រាប់មនុស្សសម័យថ្មី អមមកជាមួយនឹងគុណភាពផលិតខ្ពស់ អាចប្រើប្រាស់បាននៅ ស្ថានការណ៍ពិបាកៗ មានបីពណ៌សម្រាប់ជ្រើសរើស មានឈ្មោះហៅជាផ្លូវការថា Pro Trek មានលេខម៉ូឌែលសម្គាល់ WSD-F30។

Casio Pro Trek ត្រូវបានអះអាងថាវាអាចសូទ្រាំ ជាមួយនឹងអាកាសធាតុ បានយ៉ាងច្រើនទាំងក្ដៅ ត្រជាក់ ធ្លាក់ទឹកកក សំណើម និងទឹកផងដែរ ដោយតួខ្លួនរបស់វាស្រាល និងការពារឡើងដោយជ័រស្វិត មានគុណភាពខ្ពស់ ដូច្នេះការប្រើប្រាស់ទូទៅ ប្រចាំថ្ងៃនៅក្នុងទីក្រុង ដើរលេងតាមខេត្ត ឬផ្សងព្រេងតាមព្រៃភ្នំ បឹងបួរ ទន្លេ មិនមែនជាបញ្ហាធំដុំសម្រាប់ Pro Trek ឡើយ។ Casio ប្រើប្រាស់ក្បាលទំហំ 49.1mm បំពាក់អេក្រង់ Touchscreen ទំហំ 1.2 អ៊ីញ ការពារដោយកញ្ចក់ Corning Gorilla Glass ជំនាន់ចុងក្រោយគេ ដែលអេក្រង់បង្ហាញ រូបភាពខាងក្នុង មានដល់ទីពីរស្រទាប់ ដោយស្រទាប់ខាងក្នុងជាប្រភេទ OLED ដែលបង្កើនពណ៌ ឲ្យកាន់តែដិតច្បាស់ សម្រាប់ការប្រើប្រាស់ទូទៅ និងអេក្រង់ LCD នៅស្រទាប់បន្ទាប់ ដែលធានាទៅដល់ការ ប្រើប្រាស់នៅក្រោមពន្លឺ ថ្ងៃខ្លាំងបាន ថែមទាំងជួយសន្សំសំចៃថ្ម ផងដែរ ព្រោះវាជាអេក្រង់ ដែលបង្ហាញពណ៌សខ្មៅ។

 

 

នាឡិកាវៃឆ្លាតរបស់ Casio ជំនាន់ថ្មីនេះ ដេញស៊េរីលើជំនាន់មុនជាម៉ូឌែល WSD-F20 ដែល Casio អះអាងថាវាលឿនជាង ដំណើរការដោយ WearOS របស់ Google ដោយអាចសាកថ្មតាមឆ្នាំង សាកហ្ស៊ីនចំនាយពេល 3 ម៉ោង និងអាចប្រើប្រាស់បាន 1 ថ្ងៃកន្លះ សម្រាប់ប្រើប្រាស់អេក្រង់ OLED និងប្រើអេក្រង់សខ្មៅ អាចរស់បានដល់ទៅ 1 ខែឯណោះ ពិតជាគួរឲ្យកោតសរសើរពិតមែន តែការប្រើប្រាស់ បានមួយខែនេះ Casio ក៏បានបញ្ជាក់ផងដែរថា នាឡិកាវៃឆ្លាតនេះ គឺប្រើប្រាស់តែមុខងារ មើលម៉ោង និងថ្ងៃខែ ប៉ុណ្ណោះជាមួយអេក្រង់សខ្មៅ។ ម្ចាស់ Casio WSD-F30 អាចតភ្ជាប់នាឡិកា ជាមួយនឹងស្មាតហ្វូន ឬថេប្លេតដំណើរការដោយ Android និង iOS បានតាមរយៈប្រព័ន្ធតំណរឥតខ្សែ ដោយវាមាន Bluetooth 4.1 និង Wi-Fi អមមកជាមួយសេនស័រសំខាន់ៗ ផ្សេងទៀតដូចជា Accelerometer, Gyrometer និង Magnetic Compass sensor សម្រាប់មើលទិសដៅ បានត្រឹមត្រូវ។

នាឡិកានេះសាកសមបំផុតសម្រាប់មនុស្សប្រុស តែបើមនុស្សស្រីកដៃធំបន្តិច ក៏អាចពាក់បានដែរ ដោយវាមានបីពណ៌ដូចជា ខ្មៅ ទឹកក្រូច និងខៀវ តែក្រុមហ៊ុន Casio នៅមិនទាន់ប្រកាស ឲ្យដឹងអំពីតម្លៃរបស់វា នៅឡើយទេ តែវត្តមានរបស់វា នៅក្នុងទីផ្សារនឹងចេញលក់ នៅក្នុងខែមករា ឆ្នាំ 2019 ខាងមុខ។ សម្រាប់មុខងារ ស្បែករឹង ភ្នែកមុត ក៏ដូចជាថ្មកាន់បានយូរ អមមកជាមួយនឹងប្រព័ន្ធ ប្រតិបត្តិការដ៏ពេញនិយមទៀតនោះ WSD-F30 គឺជានាឡិកាវៃឆ្លាតមួយ ដែលមិនគួរមើលរំលង ព្រោះម៉ាកនេះយើងអាចទុកចិត្តបាន តែក៏ពិបាករកទិញ នៅក្នុងស្រុកខ្មែរដែរ មានតែទៅស្រុកក្រៅទិញ ពេលចេញលក់ ឬកុម្ម៉ង់តាមប្រព័ន្ធអនឡាញ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: នាឡិកាវៃឆ្លាត