CAMBO REPORT

Popup Advertising5 seconds

Z7 អាវុធ​ធំ​របស់ Nikon ចេញថ្មី​ជាមួយ​នឹង​សេនស័រ​ធំ​កប់ ធន់នឹងអាកាសធាតុ ដែល Photographer ប្រាថ្នា

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីសប្ដាហ៍មុន ខេមបូរីផត បានចេញផ្សាយម្ដងរួច​ទៅ​ហើយ​នូវ​កាមេរ៉ា​ស៊េរីថ្មីរបស់​ក្រុមហ៊ុន Nikon ម៉ូឌែល Z6 ជាសិស្សប្អូន​របស់ Z7 តែ​វា​មាន​តម្លៃធូរថ្លៃជាង និងមានសមត្ថភាពទាបជាង Z7 ដែលម៉ូឌែល Z7 នេះ វាត្រូវបានចាត់ទុកជាម៉ាស៊ីនកម្រិត Flagship ដែលមានសមត្ថភាពថតរូប និងវីដេអូបានល្អ តែក៏មានតម្លៃថ្លៃមិនធម្មតាដែរ។

Nikon Z7 ជាកាមេរ៉ាប្រភេទ Mirrorless កម្រិតកំពូលដែល Nikon បានលាក់ទុកជាយូខែមកហើយ ដោយកាលពីពេលកន្លងទៅនេះ Nikon បានបញ្ចេញនូវរូបភាពខ្លះៗប៉ុណ្ណោះនិយាយអំពីម៉ាស៊ីនថ្មី ជាអាវុធធំរបស់ខ្លួនមួយនេះ។ ការបញ្ចេញ Nikon Z7 នេះក៏ជាការ​ឆ្លើយ​តបទៅនឹងកាមេរ៉ារបស់ SONY និង Canon ផងដែរ ដោយ Nikon អះអាងថា Z7 មានសមត្ថភាពប្រសើរជាង​ទៅ​លើ​ការ​ប្រើប្រាស់​ទាំងការថតរូប និងវីដេអូ ពិសេសវាមានមុខងារច្រើនសម្រាប់ការថតរូបឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។ Z7 ក៏​មាន​រូបរាងរចនាបថដូចទៅនឹង Z6 ដែរ ខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ មានន័យថាបើដាក់ Z6 និង Z7 ជិតគ្នា គឺពិតជាពិបាក​ប្រាប់​​ថាមួយណាជាម៉ាស៊ីនមួយណាខ្លាំងណាស់ តែគ្រឿងក្នុងមានភាពខុសប្លែកគ្នាច្រើនដូចជាសេនស័រ ខួរក្បាល ចំនុច Focus និង​ល្បឿន​ថតរូបជាដើម។

Z7 ថតរូបក្នុងទំហំ 45.7 មេហ្គាភិចសែល អាចថតលឿនបាន​ចំនួន 9 សន្លឹក ក្នុងមួយវិនាទី ជាមួយនឹង 5-axis ដែលជួយរក្សា​លំនឹង​​នៃ​ការ​ថតរូបភ្ជាប់​រួចជាស្រាច់​នៅ​ក្នុង​ម៉ាស៊ីន ធានាទៅដល់​ការ​កាត់​បន្ថយរំញ័របានយ៉ាងល្អ ពិសេសជួយឲ្យការថតវីដេអូកម្រិត 4K កាន់​តែ​មាន​ភាពប្រសើរឡើង។ វាប្រើប្រាស់សេនស័រ CMOS ប្រភេទ Full Frame មានទំហំ 35.9 x 23.9mm ប្រើប្រាស់ខួរក្បាល Expeed 6 ដែលអាចថតរូបបានច្បាស់ខប់ ផ្ដល់នូវគុណភាពនៃសាច់រូបភាព ពោពេញទៅដោយគុណភាព កម្រិត High Dynamic Range ខ្ពស់ អនុញ្ញាតឲ្យសេនស័រចាប់យកពណ៌ និងពន្លឺបានច្រើន។ Z7 អាចធ្វើការបង្កើនកម្រិតពន្លឺ ISO ចាប់ពី 64 ទៅ 25600 និងអាចទម្លាក់កាន់តែទាបទៅដល់ 32 និងបុកឡើងដល់ 102400 បបើកសិទ្ធិឲ្យម្ចាស់កាមេរ៉ានេះថតរូបបានច្រើនកាលៈទេសៈ។

Z7 អាចកំណត់ល្បឿន Shutter Speed លឿនបំផុតដល់ 1/8000 និងចុះទាបបំផុតបាន 30 វិនាទី និងចូលដល់ Bulb តាមការ​កំណត់​សម្រាប់ Night Photographer។ ក្នុងនោះលក្ខណៈពិសេស ដែលធ្វើឲ្យ Z7 កាន់តែមានភាពលេចធ្លោក្នុងទីផ្សារគឺចំនុច Focus ដែលវាមានដល់ទៅ 493points បើកសិទ្ធិឲ្យការថតរូបកាន់តែប្រសើរឡើង អាចថតរូបប្រដេញ ថតរូបកីឡា សត្វ និងថត​សកម្មភាព​ពិសេសៗជាច្រើនបានយ៉ាងប្រសើរ ដោយចំនុច Focus Point ទាំងនេះ អាចធ្វើការកំណត់បានការចង់បាន។ ហើយបើ​និយាយ​ដល់ការថតវីដេអូវិញ ម្ចាស់កាមេរ៉ានេះអាចរីករាយក្នុងការថតដល់កម្រិត 4K ជាប្រភេទ File H.264 ក្នុងល្បឿន 30fps និង 24fps ជាប្រភេទវីដេអូលាតទទឹងស្តង់ដាខ្សែភាពយន្ត Hollywood ដោយអាចថតដោតតាមឌុយ Mini HDMI ក៏បាន និងបង្ហាញ​លើ​អេក្រង់ Touch screen ទំហំ 3.2 អ៊ីញ អាចទាញខិតមកខាងលើ និងចុះក្រោម អំណោយផលទៅដល់ការថតវីដេអូក្នុង​កាលៈទេសៈ​លំបាក។

 

 

Z7 មានវិមាត្រសរុប 134 x 101 x 68mm ជាមួយទម្ងន់ 675 ក្រាម មិនទាន់រាប់បញ្ចូលថ្ម EN-EL15b lithium-ion ដោយថ្មនេះ​សាក​មួយពេញអាចថតរូបបាន 330 សន្លឹកទើបអស់។ សម្រាប់រន្ធតំណរភ្ជាប់វិញរួមមានដូចជា USB 3.1, Micro HDMI, រន្ធ Mic និងរន្ធកាស 3.5mm ដែលមានភ្ជាប់មកជាមួយនឹងមុខងារ WiFi និង Bluetooth រួចជាស្រេច តែពុំមានមុខងារ GPS សម្រាប់​ចាប់​គោលដៅនៃរូបថតឡើយ។ Nikon នឹងបញ្ចេញ Z7 លក់នៅក្នុងទីផ្សារនាខែកញ្ញា ខាងមុខនេះឯងក្នុងតម្លៃ USD 3,399 សម្រាប់​តែ​តួម៉ាស៊ីនប៉ុណ្ណោះ ឬអាចទិញភ្ជាប់ជាមួយនឹងកែវលែនស៊េរីថ្មី F4 S Lens ប្រវែង 24-70mm ក៏បានក្នុងតម្លៃ USD 3,999។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: DPReview Tag: កាមេរ៉ា