CAMBO REPORT

Popup Advertising5 seconds

AMD បញ្ចេញ​ក្រាហ្វិច Dual-Vega Radeon Pro V340 ថ្មី មាន​ទំហំ​ដល់​ទៅ 32GB

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីដើមសប្ដាហ៍កន្លងទៅនេះក្រុមហ៊ុន AMD បានប្រកាសចេញជាផ្លូវ​ការ​នៃក្រាហ្វិចកាតជំនាន់ថ្មីរបស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍ VMworld ក្នុង​រដ្ឋ Las Vegas សហរដ្ឋ​អាមេរិក ដែលវាមាន​ឈ្មោះហៅ​ជាផ្លូវការថា Radeon Pro V340 ជាបន្ទះ​ក្រាហ្វិច​កាត​សម្រាប់​កិច្ចការងារសំខាន់ៗ ដែលមានមេម៉ូរី VRAM ធំលោតដល់ទៅ 32GB ឯណោះ ខណៈបន្ទះក្រាហ្វិច​កាត​មួយ​ដើម​មាន​ឈីប​ដល់​ទៅ 2 រួមបញ្ចូលគ្នាលើបន្ទះកាតតែមួយ។

ជាការពិត Radeon Pro V340 បង្កើតឡើងជាមួយនឹងគោលដៅទីផ្សារសម្រាប់ ប្រើការជាមួយកិច្ចកាងារសំខាន់ៗ ពិសេសយក​ទៅ​ប្រើ​ការជាមួយនឹងម៉ាស៊ីន Cloud ដែល AMD លើកឡើងថា វាមិនមែនសម្រាប់ទីផ្សារអ្នកយកទៅលេងហ្គេមនោះទេ។ ផ្ទុយមកវិញ Pro V340 ជាក្រាហ្វិចកាត ដែលប្រើប្រាស់ Architecture របស់ Vega ដែលជាក្រាហ្វិចកាតសម្រាប់យកទៅលេងហ្គេម តែ​ការ​ប្រើប្រាស់ Architecture នេះប្រៀបបានដូចជាការបើកសិទ្ធិទៅដល់ក្រាហ្វិចកាតមួយនេះ ដាក់ខួរក្បាលពីរលើបន្ទះឈីបតែមួយ ដោយ​មួយមានទំហំ 14nm FinFET ជួយទៅដល់ការប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ ស្ថាប័នធំៗ ក៏ដូចជាក្រុមហ៊ុននានា ដែល​មាន​តម្រូវការប្រើប្រាស់កុំព្យូទ័រច្រើនក្នុងពេលតែមួយ (Data Center) អាចប្រើប្រាស់វាបានច្រើនគ្រាប់តាមតម្រូវការជាក់ស្ដែង ដោយ​ក្រាហ្វិចកាតមួយដើមអាចប្រើប្រាស់បានដល់ទៅ 32 ម៉ាស៊ីន។

 

ជាងនេះទៅទៀត AMD បានបំពាក់មេម៉ូរីពពួក HBM2 ល្បឿនលឿនទំហំដល់ទៅ 32GB ជាប្រភេទ ECC ដែលក្នុងនោះមានល្បឿន Bandwidth លោតទៅដល់ 512-bit និងមាន 7,168 សម្រាប់ចំនួន Stream Processor ដើម្បីផ្ដល់ល្បឿនលឿន​ទៅ​ដល់​ការ​បញ្ជូន​ទិន្នន័យ។ និយាយ​ជា​រួមការប្រើប្រាស់ឈីប Vega ចំនួន 2 នៅលើបន្ទះឈីបតែមួយនេះ វាមិនត្រឹមតែបើកសិទ្ធិឲ្យអ្នកប្រើប្រាស់​ទទួល​បាន​ល្បឿនលឿនសម្រាប់បញ្ចប់កិច្ចការងារនោះទេ AMD ក៏ផ្ដោតសំខាន់ផងដែរទៅលើការផ្ដល់សេវាកម្មហ្គេមតាម Cloud Gaming ដែលអនុញ្ញាតឲ្យយើងលេងហ្គេមនៅលើម៉ាស៊ីនធម្មតា តែមានល្បឿនលឿនតាមរយៈការបញ្ជូនទិន្នន័យ (Streaming) ទៅ​វិញទៅមក ដូចមុខងារ ដែលកំពុងមានស្រាប់ (Nvidia Now) ដែលតម្រូវឲ្យយើងធ្វើការបង់ប្រាក់ និងសេវាកម្មតាមការកំណត់  នៃ​សេវាកម្ម​នីមួយៗ ដែលយើងប្រើប្រាស់។

ចុងក្រោយ AMD ក៏បានលើកឡើងផងដែរថា Radeon Pro V340 មានល្បឿនលឿនជាងក្រាហ្វិច Tesla P40 របស់ nVIDIA ដល់​ទៅ 33 ភាគរយ ថែមទាំងបន្ថែមមកជាមួយនឹងមុខងារ Encode Engine ដែលជួយធ្វើឲ្យការមើលវីដេអូ (Streaming) ជាប្រភេទ File H.264 និង H.265 មានភាពរលូនល្អ។ ក្រាហ្វិចកាតនេះនឹងចេញលក់នៅចុងឆ្នាំ 2018 នេះឯង ដោយតម្លៃជាក់ស្ដែងនៅមិន​ទាន់​​បានប្រាប់ឲ្យដឹងនោះទេ ម្យ៉ាងអ្នកប្រើប្រាស់ទូទៅក៏មិនទិញវាយកទៅប្រើការដែរ ដោយមានតែអ្នកធ្វើកា​រ​ផ្នែកព័ត៌មានវិទ្យា​ប្រចាំ​ស្ថាប័នធំៗ ឬកន្លែងសិក្សាស្រាវជ្រាវប៉ុណ្ណោះ ដែលនឹងទិញវាយកទៅប្រើការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: PCGamer Tag: កុំព្យូទ័រ