CAMBO REPORT

Popup Advertising5 seconds

អាវុធធំ DJI Mavic 2 Pro និង Mavic 2 Zoom ប្រកាស​ចេញ​ជាមួយ​កាមេរ៉ា​កប់​ជាង​មុន និង​កាន់​តែ​វៃឆ្លាត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីមានព័ត៌មាន​បែកធ្លាយ​ជា​ច្រើន​លើកច្រើនសាររួចមក ទីបំផុតក្រុមហ៊ុន DJI ដែលមាន​កេរ្តិ៍ឈ្មោះល្បីល្បាញ​ផ្នែក​ផលិត និង​អភិវឌ្ឍន៍ Drone បានប្រកាស​ចេញជាផ្លូវ​ការនូវផលិត​ផលជំនាន់​ថ្មីរបស់​ខ្លួនហើយ ដែលឆ្នាំ​នេះ​ខុស​ឆ្នាំ 2016 កន្លងទៅ​គឺមាន​ដល់​ទៅ 2 ម៉ូឌែលឯណោះសម្រាប់អតិថិជន។ ដូចប្រិយមិត្តបាន​ឃើញរួចជាស្រេច រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផលិតវីដេអូកាន់​តែ​មាន​ភាពច្នៃប្រឌិត​ឡើងៗ ដោយមូលហេតុ​អាចធ្វើទៅ​បាន​គឺអាស្រ័យទៅលើឧបករណ៍ផងដែរ មិនអាចយកតែគំនិតបានទេ ដូច្នេះ DJI បាន​យល់ច្បាស់ និងបានបញ្ចេញ Mavic 2 Pro និង Mavic 2 Zoom សម្រាប់ទីផ្សារចុងឆ្នាំ 2018 និង 2019 ខាងមុខ។

សម្រាប់អ្នកធ្វើការជាមួយនឹងការផលិតរូបភាព វីដេអូ ឬពាក់ព័ន្ធនឹងការបង្កើតនូវ Content នានា មិនថាការកំសាន្ត កម្មវិធី ឯកសារ ទេសចរណ៍ផ្ទាល់ខ្លួន ឬលក្ខណៈគ្រួសារនោះទេ DJI ចេញលើកនេះ គឺចេញមួយគ្រប់ទឹកតែម្ដង។ ម៉ាស៊ីន Drone ទាំងពីរត្រូវ​បាន​បង្កើត​ឡើងយ៉ាងពិសេស ដោយវានៅតែបន្តមានរូបរាងទាក់ទាញ ពិសេសការផ្ដល់នូវបទពិសោធន៍ប្រើប្រាស់កាន់តែទូលំទូលាយ ជាមួយ​នឹង​ការបញ្ជា ទុកដាក់យកតាមខ្លួន ដោយអាចកាច់បត់បាន មិនចាំបាច់ឲ្យម្ចាស់របស់វាយួរការបូបធំៗតាមខ្លួនដូចនឹងស៊េរី Phantom ទៀតឡើយ។ ហេតុដូនេះតើរវាង Mavic 2 Pro និង Mavic 2 Zoom មានភាពខុសប្លែកគ្នាត្រង់ណា ហើយបើអ្នកមាន​គម្រោង​ទិញ Drone យកមកប្រើប្រាស់សម្រាប់ការងារ ឬការកំសាន្តរបស់អ្នកតើគួរទិញយកមួយណា?

 

Mavic 2 Pro

 

ជាមួយនឹង Mavic 2 Pro អ្វីដែលអ្នកនឹងទទួលបានគឺកាន់តែពិសេស ដោយយោងតាមការអះអាងរបស់ DJI បានលើកឡើងថា ខ្លួនបានសហការណ៍ជាមួយនឹងក្រុមហ៊ុន Hasselblad ជាក្រុមហ៊ុននាំមុខផ្នែកផលិតរូបភាព ក្នុងការនាំយកសេនស័រ​ជំនាន់​ថ្មី​មក​បំពាក់​នៅ​លើ Drone របស់ខ្លួន ធ្វើឲ្យវាមិនត្រឹមតែមានសមត្ថភាពជាងមុននោះទេ វាមានភាពវ័យឆ្លាត និងផ្ដល់ទំនុក​ចិត្តទៅ​ដល់​អ្នក​ប្រើប្រាស់។ Mavic 2 Pro ប្រើប្រាស់សេនស័រ CMOS ទំហំ 1 អ៊ីញ អមមកជាមួយនឹង 10-bit Dlog-M Color Profile ដែល​បើក​សិទ្ធិឲ្យ​កាមេរ៉ារបស់វាថតយកពណ៌បានកាន់តែប្រសើរជាងមុនដល់ទៅ 4 ដង អាចឲ្យយើងទទួលបាន​នូវ​រូបភាព​ដែល​មាន​គុណភាព​ដិតពណ៌ច្បាស់ ក្នុងទំហំដល់ទៅ 20 មេហ្គាភិចសែល។

ជាងនេះទៅទៀត Mavic 2 Pro អាចធ្វើការកំណត់កម្រិត Aperture បានធំបំផុត f/2.8 និងតូចបំផុត f/11 ទៅតាមការចង់បាន ដើម្បី​ទទួលបានជម្រៅរូបភាព និងពន្លឺតាមការពេញចិត្ត អមមកជាមួយនឹងកម្រិតពន្លឺ ISO អាចផ្លាស់ប្ដូរចន្លោះពី 100 ឡើងទៅ 6400 បានផងដែរ ថែមទាំងអាចថតវីដេអូកម្រិតបាន 4K និង Support ជាមួយនឹង HDR 10-bit ទៀតផង ធ្វើឲ្យសាច់​វីដេអូ​កាន់​តែ​មាន​ភាព​ច្បាស់​ម៉ដ្ឋ មានពន្លឺគ្រប់ មុត ថតចងជាប្រភេទ File H.265។

 

Mavic 2 Zoom

 

DJI ឆ្នាំនេះបាននាំមកនូវផ្ទាំងទស្សនីយភាពថ្មី ជាមួយនឹង Drone ដែលអាចធ្វើការ Zoom បានដូចទៅនឹងឈ្មោះរបស់វាអញ្ចឹង ដោយ​ការ Zoom នោះ នឹងមិនធ្វើឲ្យបាត់បង់គុណភាពរបស់រូបភាព និងវីដេអូឡើយ។ Mavic 2 Zoom ប្រើប្រាស់កែវលែនកម្រិត 24-48mm អនុញ្ញាតឲ្យយើងធ្វើការ Zoom ចូលបាន 2 ដង ដើម្បីថតយករូបភាព និងវីដេអូបានច្បាស់ មានពន្លឺល្អក្នុងកម្រិត Full HD ជាមួយ​នឹងមុខងារ Hybrid Auto-focus គួបផ្សំជាមួយនឹងមុខងារ Contrast និង Phase detection ជួយទៅដល់ការ Focus ទៅលើគោលដៅបានរហ័សជាងជំនាន់មុន 40% វាក៏មានសមត្ថភាពថតវីដេអូបានដល់កម្រិត 4K ផងដែរ ជាមួយកម្រិត Dynamic Range 13 stops។

Mavic 2 Zoom មានសមត្ថភាពថតរូបភាពក្នុងទំហំ 12 មេហ្គាភិចសែល ហើយក៏មានមុខងារ Super Resolution ដែលធ្វើការថត​រូប​ចំនួន 9 សន្លឹករួចផ្គុំចូលគ្នា ដើម្បីផលិតរូបមួយសន្លឹកដែលមានទំហំលោតដល់ 48 មេហ្គាភិចសែលទៀងផង ជាមុខងារ​មួយ​ទាក់​ចិត្ត Photographer មែនទែន។ កាន់តែពិសេសជាងនេះទៅទៀតនោះគឺ មុខងារផ្ដាច់មុខ ដែលមានតែនៅលើ Mavic 2 Zoom នោះគឺ Dolly Zoom QuickShot ជាមុខងារល្អបំផុតសម្រាប់អ្នកផលិតខ្សែភាពយន្ត ដែលវាមានភាពវៃឆ្លាតក្នុងការកំណត់ការ Zoom ចេញចូលដោយស្វ័យប្រវត្តិ ពិសេសរក្សាទីតាំង Object ឲ្យនៅដដែល ខណៈពេល Drone បានហោះទៅមុខ ឬទៅក្រោយ វាពិត​ជា​ពិបាកក្នុងការរៀបរាប់ មានតែទស្សនាវីដេអូខាងក្រោមទើបប្រិយមិត្តអាចយល់បានកាន់តែច្បាស់។

 

ទាំង Mavic 2 Pro និង Mavic 2 Zoom ក៏បានបង្កើនសមត្ថភាពហោះហើរឲ្យមានសុវត្ថិភាព និងមានភាពវៃឆ្លាតជាងមុនផងដែរ ដោយ​នៅ​ជុំវិញតួខ្លួនរបស់ Mavic 2 ទាំង 2 ម៉ូឌែលនេះ មានសេនស័រសុវត្ថិភាពចំនួន 10 ការពារ​មិន​ឲ្យប៉ះ​ទង្គិច​ជាមួយ​នឹង​ឧបសគ្គ​នៅ​ជុំវិញខ្លួន និងមានមុខងារ Advanced Pilot Assistance System (APAS) ដែល Drone បានពិនិត្យមើលបរិស្ថានជុំវិញខ្លួន និង​មាន​ភ្លើងបាញ់បន្ថែមសម្រាប់ការពារនៅពេលយប់ទៀតផង ដើម្បីធានាទៅដល់ការហោះ និងចុះថតមានសុវត្ថិភាព។ ម្ចាស់របស់ Mavic 2 ទាំងពីរ អាចសាកថ្មមួយពេញ និងបង្ហោះ Drone បានរយៈពេល 31 នាទី ដោយវាអាចហោះបានក្នុងល្បឿនលឿបំផុត 72 គីឡូម៉ែត្រ​ក្នុងមួយម៉ោងតាមរយៈមុខងារ Sport Mode ដោយការបញ្ជាតាមតេឡេ ដែលត្រូវបានឌីហ្សាញថ្មី។

 

DJI បានបន្ថែមមុខងារសំខាន់ថ្មីៗចំនួន 4 ធំដើម្បីសម្រួល និងពង្រីកសមត្ថភាពរបស់ Drone ខ្លួនឲ្យកាន់តែប្រសើរ​ជាង​មុន​ជាមួយ​នឹង​មុខងារដូចជា៖

 

•    Free មុខងារបញ្ជា Drone ឲ្យហោះតាមការចង់បាននៅពេលកំពុងថតវីដេអូ Hyperlapse

•    Circle មុខងារឲ្យ Drone ហោះដោយស្វ័យប្រវត្តិដើម្បីថតយកសកម្មភាពជារង្វង់ ឬថតសកម្មភាពបែប Timelapse

•    Course Lock មុខងារឲ្យកាមេរ៉ាដេញចាប់តែ Object ណាមួយពេលកំពុងហោះទៅមុខ (ល្អបំផុតសម្រាប់ការថតម៉ូតូ រថយន្ត ឬប្រដេញនឹងសកម្មភាពលឿនៗដូចជាកីឡាជាដើម)

•    Waypoint មុខងារសម្រាប់ថតសកម្មភាពពិបាកៗយោងទៅលើស្ថានភាពជាក់ស្ដែង ដើម្បីដេញថតសកម្មភាពពិបាកបញ្ជាថតដោយតេឡេ។

 

អញ្ចឹងតើអ្នកគួរតែទិញមួយណា? សម្រាប់អ្នកចូលចិត្តថតរូបលេងច្រើន ឬថតវីដេអូទូទៅ Mavic 2 Pro គឺជាជម្រើសដ៏ល្អសម្រាប់អ្នកជាមួយនឹងសេនស័រធំ អាចថតរូបបានប្រសើរជាង និងអាចថតវីដេអូដល់កម្រិត 4K តែបើអ្នកចូលចិត្តថតវីដេអូ កាត់តប្លង់ចូលខ្សែភាពយន្ត ឬ YouTuber ជ្រើសរើសយក Mavic 2 Zoom គឺជាជម្រើសល្អ ព្រោះអ្នកទទួលបានមុខងារផ្ដាច់មុខដូចជា Dolly Zoom QuickShot ដែលនឹងជួយច្រើនសម្រាប់ការថតវីដេអូ ម្យ៉ាងការថតវីដេអូគឺត្រូវការ Zoom ចេញចូល ហេតុនេះ 2x Optical Zoom អាចជួយបានច្រើននៅលើអាកាស។

 

DJI Mavic 2 នឹងចេញលក់ឆាប់ៗខាងមុខនេះនៅក្នុងទីផ្សារសហរដ្ឋអាមេរិកមុនគេដោយ៖

 

•    DJI Mavic 2 Pro លក់ក្នុងតម្លៃ USD 1,449 រួមបញ្ចូលនូវ ម៉ាស៊ីន ថ្មមួយគ្រាប់ តេឡេបញ្ជា ឆ្នាំងសាកថ្ម និងស្លាបកង្ហារចំនួន 4

•    DJI Mavic 2 Zoom លក់ក្នុងត្លៃ USD 1,249$ រួមបញ្ចូលនូវ ម៉ាស៊ីន ថ្មមួយគ្រាប់ តេឡេបញ្ជា ឆ្នាំងសាកថ្ម និងស្លាបកង្ហារចំនួន 4

•    DJI មានកញ្ចប់លក់យកលុយក្រៅទៀតលក់មួយឈុត USD 319 រួមបញ្ចូលដូចជា ថ្មពីរកូន ឆ្នាំងសាកដែលអាចសាកថ្មបានច្រើនគ្រាប់ក្នុងពេលតែមួយ ឆ្នាំងសាកថ្មនៅលើរថយន្ត ឧបករណ៍ Powerbank ស្លាបកង្ហារ 2 គូ និងកាបូបមួយសម្រាប់ទុកដាក់ឧបករណ៍។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: DPReview Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ