CAMBO REPORT

Popup Advertising5 seconds

Samsung ប្រកាស​ចេញ Monitor ជំនាន់​ថ្មី អេក្រង់​កោង មាន​តម្លៃ​ប្រកួត​ប្រជែង​សម្រាប់ Gamer

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មិនត្រឹមតែក្រុមហ៊ុន Dell នោះទេ ដែលទើបប្រកាសចេញនូវម៉ូនីទ័រ សម្រាប់លេងហ្គេមរបស់ខ្លួន ក្នុងនោះក្រុមហ៊ុន Samsung ក៏បានឆ្លៀតឱកាស ប្រកាសចេញនូវ Gaming Monitor ជំនាន់ថ្មី នៅក្នុងព្រឹត្តិការណ៍ Gamescom ផងដែរ ដែលវាត្រូវបានផលិតឡើង សម្រាប់ទីផ្សារហ្គេម បំពាក់មកជាមួយនឹងមុខងារសំខាន់ៗ ដែល Gamer បច្ចុប្បន្នត្រូវការ ដើម្បីទទួលបាន បទពិសោធន៍ខ្ពស់ក្នុងការ លេងហ្គេម ដើម្បីឆាប់ទទួលបាន ជ័យជំនះផងដែរ។

ម៉ូនីទ័រជំនាន់ថ្មីរបស់ Samsung ប្រកាសចេញនោះមានម៉ូឌែលហៅជាផ្លូវការថា CJG5 ជាម៉ូនីទ័រសម្រាប់យកទៅលេងហ្គេម ជាមួយនឹងកុំព្យូទ័រ មានអេក្រង់កោង ទំហំ 27 និង 32 អ៊ីញ ប្រើប្រាស់អេក្រង់ ប្រភេទ VA Panel មិនមែន Quantum dots ឡើយ។ វាមានសមត្ថភាពបង្ហាញ រូបភាពកម្រិត 2K ឬស្មើនឹង 2560 x 1440p ជាមួយកម្រិត Ratio 16:9 ទៅតាមការជ្រើសរើស របស់អតិថិជន ជាមួយនឹងគែមអេក្រង់ស្ដើង មើលទៅពេញភ្នែកតែម្ដង និងមានល្បឿន Refresh Rate 144Hz និងល្បឿន Respond Time 4ms តែវាពុំមានមុខងារ G-Sync និង FreeSync មកជាមួយឡើយ នៅពេលដែល Samsung លើកឡើងថា វាគឺជាម៉ូនីទ័រ ដែលមានតម្លៃប្រកួតប្រជែង សម្រាប់ទីផ្សារ Gamers។

CJG5 ទាំងទំហំ 27 និង 32 អ៊ីញ មានរន្ធតំណរភ្ជាប់ទៅកាន់ក្រាហ្វិចកាត ដូចជា HDMI 2.0 x 1 និង 1.4 x 1 រួមជាមួយ DisplayPort x 1 និងរន្ធដោតកាស 3.5mm តែពុំមានរន្ធបំពង សម្លេងឡើយ។ Samsung នឹងបញ្ចេញម៉ូនីទ័រនេះ លក់នៅចុងឆ្នាំនេះតែម្ដង ដោយទំហំ 27 អ៊ីញតម្លៃ 329$ និង 32 អ៊ីញតម្លៃ 399$ ប៉ុណ្ណោះ គឺធូរថ្លៃជាងម៉ូនីទ័រម៉ាក ASUS និង MSI ដែលមានសមត្ថភាព ប្រហាក់ប្រហែលគ្នា ថែមទាំងជាផលិតផលឆ្នាំ 2018 ទៀតនោះ វានឹងទទួលបានការចាប់អារម្មណ៍ច្រើន ពីអ្នកលេងហ្គេមកុំព្យូទ័រ។ ហេតុដូច្នេះបើមកដល់ស្រុកខ្មែរ វាអាចនឹងកាន់តែធូរថ្លៃជាងនេះ ឬក៏មានតម្លៃ ប្រហាក់ប្រហែលប៉ុណ្ណោះ ដែលប្រិយមិត្តអ្នកអាន អាចពិចារណាបាន ជាជាងទិញយកម៉ូនីទ័រ ដែលមានកម្លាំងដូចគ្នា ស៊េរីចាស់ហើយ ថែមទាំងមានតម្លៃ ថ្លៃទៀតផង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កុំព្យូទ័រ