CAMBO REPORT

Popup Advertising5 seconds

ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ Galaxy Note 9 ខួរ​ក្បាល​ថ្មី RAM លោត​ដល់ 8GB អង្គ​ផ្ទុក​ទិន្ន​ន័យ​កម្រិត​យក្ស!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យើងទាំងអស់គ្នាបានដឹងរួចហើយថា កំពូលស្មាតហ្វូន Galaxy Note 8 បានស្ដារ នូវកេរ្តិ៍ឈ្មោះនៃត្រកូល Note របស់ក្រុមហ៊ុន Samsung ឲ្យត្រឡប់ចូលទីផ្សារវិញ ហើយមកដល់ក្បែរចុងឆ្នាំ 2019 នេះ Samsung បានដេញស៊េរី ឡើងជំនាន់នៃកំពូល ស្មាតហ្វូនត្រកូល Note របស់ខ្លួនដល់ជំនាន់ទី 9 ហើយ ដែលជាការខិតខំកែច្នៃ ច្របាច់បញ្ចូលគ្នាយ៉ាងច្រើនពីផ្នែករឹង និងផ្នែកទន់ ដើម្បីផលិតបានូវស្មាតហ្វូនមួយ ដែលមានភាពច្នៃប្រឌិតខ្ពស់ រូបរាងទាក់ទាញ អេក្រង់ល្អ កាមេរ៉ាច្បាស់ សុវត្ថិភាពខ្ពស់ និងមានមុខងារវៃឆ្លាតជាច្រើន ជាសេចក្ដីត្រូវការយ៉ាង ចាំបាច់សម្រាប់សង្គមទាន់ សម័យនាពេលបច្ចុប្បន្ន។

 

 

ដូចនេះ តើកំពូលស្មាតហ្វូនជំនាន់ទី 9 នេះ មានអ្វីពិសេស និងប្លែកខ្លះទៅដើម្បី ទាញយកចំនីអារម្មណ៍ របស់មហាជនគ្រប់រូប? ខេមបូរីផត នឹងធ្វើការបកស្រាយដូចខាងក្រោម៖


រូបរាងរចនាបថ


យើងសង្កេតឃើញថារូបរាងរចនាបថថ្មីរបស់ Galaxy Note 9 ដែលទើបនឹងប្រកាស ចេញក្ដៅៗកាលពីរាត្រីថ្ងៃទី 9 ខែសីហា ឆ្នាំ 2018 នេះ ក្រុមហ៊ុន Samsung ពុំបានធ្វើការ ដុសខាត់ច្រើននោះទេ អាចនិយាយឲ្យខ្លីបានថា វាស្រដៀងទៅនឹង Galaxy Note 8 ដែរ ជាមួយតួម៉ាស៊ីនផលិត ឡើងពីលោហៈរឹងមាំ ខាងមុខ និងខាងក្រោយ ការពារដោយកញ្ចក់។ យ៉ាងណាក៏ដោយ មិនទាំងស្រុងនោះទេ ដោយ Note 9 បានកែប្រែរូបរាងថ្មី នៅផ្នែកខាងក្រោយ ជុំវិញការផ្លាស់ប្ដូរសេនស័រ ស្កេនក្រយ៉ៅដៃឲ្យស្ថិត នៅខាងក្រោម ដូចទៅនឹង Galaxy S9/S9+ ផងដែរ ផ្ដល់ភាពងាយស្រួលក្នុងដោះសោរ ជាជាងការឈោងម្រាមដៃទៅលើ ដែលអាចច្រឡំជាមួយ នឹងកែវលែន កាមេរ៉ាខាងក្រោយ។

 


នៅផ្នែកខាងមុខ Note 9 មានអេក្រង់ទំហំ 6.4 អ៊ីញ ជាប្រភេទ SUPER AMOLED ដដែល មានកម្រិតដង់ស៊ីតេ 522ppi មានសមត្ថភាពបង្ហាញ រូបភាពកម្រិត Quad HD ឬ 2K ដោយចំនុចអេក្រង់នេះ ពុំមានអ្វីប្លែកច្រើនឡើយ គឺដូចទៅនឹង Galaxy Note 8 ដែរ តែវាអាចនឹងមានពន្លឺខ្លាំងជាង និងមើលទៅដិតជាង ហើយបើចង់ដឹងច្បាស់ យើងនឹងស្វែងយល់ បន្ថែមអំពីអេក្រង់របស់វា ពេលក្រុមការងារខេមបូរីផត ទទួលបានម៉ាស៊ីនមក ធ្វើតេស្ដផ្ទាល់ដៃ និងចាំទស្សនាវីដេអូ បង្ហាញលក្ខណៈសម្បត្តិស៊ីជម្រៅបន្ត។

 

 


ជុំវិញរចនាបថនេះ Note 9 នៅតែបន្តមានអាវ ក្រោះការពារធូលី និងទឹក កម្រិត IP68 រន្ធដោតកាស 3.5mm អមមកជាមួយ នឹងប្រព័ន្ធសម្លេង AKG បែប Stereo ផ្ដល់សម្លេងរណ្ដំ ជាជាងប្រើរន្ធបំពងសម្លេងតែមួយ។

 


កម្លាំងម៉ាស៊ីន


ជាការពិតពីមួយជំនាន់ទៅមួយជំនាន់ Samsung តែប្រើប្រាស់បន្ទះខួរក្បាលថ្មី ដើម្បីពង្រឹងទៅលើ ល្បឿនដំណើរការ របស់ម៉ាស៊ីនស្មាតហ្វូនរបស់ខ្លួន។ លើកនេះ Galaxy Note 9 បំពាក់មកជាមួយ នឹងបន្ទះឈីបជំនាន់ថ្មី ចែកចេញជាពីរ ប្រភេទដូចសព្វមួយដង ដោយអាចជ្រើសរើស រវាងខួរក្បាល Qualcomm Snapdragon 845 និង Exynos លេខ 9810 ថ្មី ផលិតឡើងដោយ Samsung ផ្ទាល់ទំហំត្រឹម 10nm ស៊ីថាមពលថ្មតិច ដែលវានឹងចេញលក់ ទៅតាមគោលដៅទីផ្សារ ហើយស្រុកខ្មែរ យើងនឹងទទួលបានឈីប Exynos មុនគេ។

 

 


មិនត្រឹមតែខួរក្បាលខ្លាំងប៉ុណ្ណោះទេ Note 8 មាន RAM ទំហំ 6GB អមមកជាមួយ នឹងមេម៉ូរីក្នុងម៉ាស៊ីន 128GB ហើយបើប្រិយមិត្ត គិតថាមិនទាន់គ្រប់គ្រាន់ Samsung ដាក់ឲ្យមួយពេញចិត្តជាមួយនឹង ជម្រើសមួយទៀតគឺ អង្គផ្ទុកទិន្នន័យក្នុង ម៉ាស៊ីនលោតដល់ 512GB ជាមួយនឹង RAM ទំហំ 8GB ទៀតផង ធ្វើឲ្យកិច្ចការរបស់អ្នក ដំណើរការបានរលូន ទោះបីប្រើប្រាស់បែប កិច្ចការច្រើនក្នុងពេលតែមួយក៏ដោយ (Multitasking)។ មិនតែប៉ុណ្ណោះ Samusng នៅតែបន្តដាក់ឲ្យ អតិថិជនខ្លួនបន្ថែម មេម៉ូរីកាតខាងក្រៅបានដល់ 2000GB។ តែក្នុងឆ្នាំនេះ Samsung នឹងបញ្ចេញ MicroSD កាត ដែលមានទំហំ 512GB ដែលអាចដាក់ប្រើជាមួយ Note 9 ធ្វើឲ្យមេម៉ូរីលោតសរុបដល់ 1000GB ពិតជាមិនធម្មតា។

 


កម្លាំងខ្លាំងក៏ត្រូវការប្រព័ន្ធ បន្ថយកម្ដៅល្អដែរ ដោយឆ្នាំនេះ Samsung បានអភិវឌ្ឍន៍ដែកត្រជាក់ម្យ៉ាងមានឈ្មោះហៅថា Water Carbon Water Cooling System បើកសិទ្ធិកប់ស៊េរីទៅដល់ម្ចាស់ Note 9 ក្នុងការលេងហ្គេម ប្រើប្រាស់កម្មវិធីម៉ាពេញចិត្ត ជាមួយនឹង ល្បឿនលឿន មិនងាយធ្លាក់ ខណៈ CPU រត់ក្នុងកម្ដៅ ដែលមិនធ្វើឲ្យម្ចាស់ របស់វាព្រួយបារម្មណ៍។


កាមេរ៉ា


លោតចូលដល់កាមេរ៉ា Samsung បាននាំមកនូវកាមេរ៉ាជំនាន់ថ្មី មានមុខងារ Dual Pixel Auto Focus ចាប់ចំនុចបានរហ័ស ចុចភ្លាម ថតភ្លែត នៅលើ Note 9 ជាមួយសេនស័រពីរគ្រាប់ ដោយក្នុងមួយគ្រាប់ៗមានទំហំ 12 មេហ្គាភិចសែល មួយជាប្រភេទសេនស័រធម្មតា និងមួយទៀតជាប្រភេទ Telephoto ជាមួយកម្រិត Aperture ធំបំផុតលោតដល់ f/1.5 និង 2.4 បើកសិទិ្ធឲ្យ Note 9 នេះថតយក រូបភាពបានច្បាស់ ពិសេសនៅទីកន្លែងងងឹត ឬខ្សោយពន្លឺ ដោយសេនស័របើក ឲ្យពន្លឺចូលបានច្រើន ដើម្បីថតរូបបានច្បាស់ និងមានភាពងាយស្រួល។ ចំពោះកាមេរ៉ាមុខវិញមានទំហំ 8MP។

 


មិនតែប៉ុណ្ណោះ Note 9 ក៏មានមុខងារវៃឆ្លាត AI មកជាមួយដែរ ងាយស្រួលទៅដល់ ម្ចាស់របស់វាក្នុងការថតរូប ទៅតាមកាលៈទេសៈ ដូចជាថតអាហារ សត្វ ទេសភាព និងជាច្រើនផ្សេងទៀត ដោយកម្មវិធីនឹង ធ្វើការផ្លាស់ប្ដូរមុខងារពណ៌ដែល Samsung ហៅថា True Tone ធ្វើឲ្យរូបភាពមើល ទៅកាន់តែស្រស់ស្អាត ផលិតពណ៌ដូចពិតៗ មិនលើកពេក ហើយក៏មិនដាក់ពេកដែរ ថែមទាំងមានមុខងារថ្មី ដែលនឹងប្រាប់ទៅដល់ម្ចាស់ Note 9 ពេលថតរូបដែលគ្មានគុណភាព ដូចជារូបភាពបែកពណ៌ ព្រាល ឬខុសពន្លឺជាដើម។

 


S Pen ជំនាន់ថ្មី


ឆ្នាំនេះ Samsung បានធ្វើឲ្យ S Pen របស់ខ្លួនល្អជាងមុនហើយ បន្ទាប់ពីបន្តអភិវឌ្ឍន៍បន្តិចម្ដងៗមក ព្រោះ S Pen លើនេះ មិនត្រឹមតែបំពាក់មុខងារ សំខាន់ៗដូចទៅនឹង S Pen នៅលើ Note 8 ទេ វាដើរតួជាតេឡេ បញ្ជាយ៉ាងពិសេស តាមរយៈប្រព័ន្ធឥតខ្សែ (Bluetooth) ទៀតផង។ ម្ចាស់ Note 9 អាចប្រើ S Pen របស់ខ្លួនទៅលើ មុខងារជាច្រើនដូចជា ចុចថតរូប ចុចបញ្ជាវីដេអូលើ YouTube ប្រើប្រាស់ជាមួយនឹងកម្មវិធី Microsoft Office និងជាច្រើនផ្សេងៗទៀត ដែលនឹងមកដល់ក្នុង ពេលឆាប់ៗខាងមុខនេះ ពីសំណាក់ក្រុមអភិវឌ្ឍន៍កម្មវិធី (Developer) ហើយបើអស់ថ្មអាច ចំនាយពេលសាកត្រឹម 40 វិនាទី និងអាចប្រើបានកន្លះម៉ោង។

 


Samsung DeX ជំនាន់ថ្មី


ដើម្បីប្រើមុខងារ DeX យើងត្រូវមានឧបករណ៍បំបែក ដែលតម្រូវឲ្យទិញខាងក្រៅ តែជាមួយនឹង DeX ជំនាន់ថ្មី Samsung បានសម្រួលទៅដល់ អ្នកប្រើប្រាស់បានកាន់តែ ច្រើនជុំវិញឌុយដោតបំបែក ដោយលើកនេះ អ្វីដែលយើងត្រូវការ គឺដុយបំបែកពីរន្ធ USB ប្រភេទ C ទៅជារន្ធ HDMI ញីមួយជាការស្រេច ដែលអាចដោតទៅកាន់ខ្សែ HDMI របស់ Monitor ឬទូរទស្សន៍បានយ៉ាងងាយស្រួល ស្របពេលអ្នកអាចប្រើមុខងារ DeX បណ្តើរ និងប្រើប្រាស់ស្មាតហ្វូន របស់ខ្លួនបណ្តើរដើម្បី បំពេញមុខងារផ្សេងៗទៀត។

 


ថាមពលថ្ម


Note 8 មាឌធំមែន តែថ្មវិញនៅតូច ដែលជាចំនុចខ្សោយរបស់វា ហើយ Samsung ក៏បានដឹងច្បាស់ និងបានខិតខំផលិតថ្មជំនាន់ថ្មី មានទំហំលោតដល់ទៅ 4000mAh យកមកបំពាក់នៅលើ Note 9 ដែល Samsung អះអាងថា វាអាចរស់បានពេញ មួយថ្ងៃឯណោះសម្រាប់ការ ប្រើប្រាស់ទូទៅប្រចាំថ្ងៃ ថែមទាំងអាចសាកថ្មឆាប់ពេញ ទាំងការប្រើប្រាស់ឌុយ USB និងការសាកថ្មឥតខ្សែ Wireless Charging។

 


ថ្ងៃចេញលក់ និងតម្លៃ


កំពូលស្មាតហ្វូន Galaxy Note 9 នឹងចាប់ផ្ដើមបើក ឲ្យកម្មង់ទិញនៅថ្ងៃទី 10 ខែសីហានេះតែម្ដង ហើយវានឹងចេញលក់ ក្នុងទីផ្សារជាផ្លូវការនៅថ្ងៃទី 24 ខែសីហាផងដែរ គឺពីរសប្ដាហ៍បន្ទាប់ពី ថ្ងៃប្រកាសចេញ មាន 4 ពណ៌សម្រាប់ជ្រើសរើសដូចជា ខ្មៅ ខៀវ ផ្កាឈូក និងទង់ដែង ដែលមានភាពរលើបរលោង ការពារដោយកញ្ចក់ទាំងមុខ និងទាំងក្រោយ។

 

Galaxy Note 9 នឹងចេញលក់ក្នុង តម្លៃប្រហាក់ប្រហែល 999$ សម្រាប់ម៉ូឌែល 128GB និងលោតទៅដល់ 1,250$ សម្រាប់ម៉ូឌែល 512GB ជាមួយនឹងការទទួលបានការលេងហ្គេម Fortnite ដំបូងគេបង្អស់ ថែមទាំងបាន Skin ឥតគិតប្រាក់ផងដែរ។

 


និយាយសរុបមកវិញ Galaxy Note 9 គឺជាកំពូលស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានវេចខ្ចប់ទាំងផ្នែករឹង និងផ្នែកទន់ល្អ គួបផ្សំបញ្ចូលគ្នា ធ្វើឲ្យវាមិនត្រឹមតែ មានល្បឿនលឿន អាចបំពេញទៅដល់ សេចក្ដីត្រូវការបច្ចុប្បន្ននោះទេ វាក៏មានកាមេរ៉ាភ្លោះ មានសមត្ថភាពអាចថតរូបបាន ច្បាស់ទាំងពេលថ្ងៃ និងពេលយប់ ក៏ដូចជាវីដេអូកប់ ទាំងវីដេអូធម្មតា និងវីដេអូបែបសកម្មភាពយឺតៗ។

 

ទោះបីជាយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា Note 9 នៅរក្សារូបរាង របស់ខ្លួនដូចដើមច្រើន ថែមទាំងមានមុខងារដដែល ច្រើនផងដែរ ដោយមុខងារថ្មីៗបាន បន្ថែមមកតែបន្តិចបន្តួច បណ្ណោះជុំវិញប៊ិច S-Pen វៃឆ្លាតជាងមុន មុខងារ DeX ងាយស្រួលប្រើប្រាស់ និងបើកសិទ្ធិទូលាយ ទៅដល់ការប្រើប្រាស់ លើការងារច្រើនក្នុង ពេលតែមួយជាដើម។

 


អញ្ចឹងនេះគឺជាការឆ្លើយតបថ្មីពី Samsung តើប្រិយមិត្តគិត យ៉ាងណាដែរ បើយើងតាមការរៀបរាប់ខាងលើ? អាចថា យើងនៅមិន ទាន់អាចនិយាយជា ផ្លូវការទាំងស្រុងបានទេ ហេតុនេះខេមបូរីផត នឹងបន្ថែមកាន់តែលម្អិតទៀត នៅពេលវីដេអូ បង្ហាញលក្ខណៈសម្បត្តិមកដល់ ដែលយើងនឹងធ្វើការបកស្រាយ ឲ្យបានដឹងបន្ថែមជុំវិញ បទពិសោធន៍ប្រើប្រាស់ជាក់ស្ដែង ថាតើ Note 9 ពិតជាអាចទាញចិត្ត អ្នកប្រើប្រាស់បានឬទេ? ឬក៏ម្ចាស់ Note 8 គួរតែឡើងស៊េរី ឬក៏អត់?

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ទូរស័ព្ទ