CAMBO REPORT

Popup Advertising5 seconds

iPad Pro ជំនាន់ថ្មី អាចនឹងមានគែម​អេក្រង់​តិច​ជាង​មុន គ្មានថ្ងាសឆក តែក៏គ្មានរន្ធដោតកាសដែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយរយៈចុងក្រោយនេះ ព័ត៌មានពាក់ព័ន្ធនឹង iPad Pro ជំនាន់ថ្មី របស់ក្រុមហ៊ុន Apple ត្រូវបានលេចធ្លាយចេញជាបន្តបន្ទាប់ ដូចជា​រូបរាង​គម្រូ ឬលក្ខណៈសម្បត្តិជាដើម ដើម្បីជាគំនិតពិចារណា មុនពេលនៃការប្រសូតមកដល់។ យ៉ាងណា ដំណឹងដែលក្រុមការងារយើង បានចុះផ្សាយចុងក្រោយ គឺនិយាយពី iPad Pro ជំនាន់ថ្មី អាចនឹងមានអេក្រង់ទំហំ 11 អ៊ីញ (យោងតាមប្រភព ការវិភាគរបស់លោក Minh-Chi Kou)។


 


សម្រាប់ថ្ងៃនេះដែរ យើងក៏ទទួលបានដំណឹង ពីប្រភពថ្មីមួយទៀត បង្ហាញលើចំនុចមួយចំនួន ដែលអាចនឹងកើតមានឡើងចំពោះ iPad Pro ជំនាន់ថ្មីនេះ។ តាមប្រភព បានបង្ហាញថា ថេប្លេត មិនទាន់ប្រសូតនេះ អាចនឹងមិនមានរំលេចថ្ងាសឆក ដូចដែលមានលើទូសព្ទ iPhone X ឡើយ ហើយចំនុចនេះ គឺវាបានផ្ទុយស្រឡះពីព័ត៌មានមួយចំនួន ដែលបានចុះផ្សាយកន្លងមក ថាវានឹងមានថ្ងាសឆក ក៏​ជា​កន្លែង​ដាក់ស៊េនស័រ ស្គេនសម្គាល់មុខ (Face ID)។ សម្រាប់ចំនុចបន្ទាប់ គេបានបន្ថែមថា អេក្រង់ដែលបំពាក់លើ iPad Pro នេះ នឹងមើលឃើញអេក្រង់លាតកាន់តែធំ ព្រោះទំហំគែមរបស់វា អាចត្រូវបានកាត់បន្ថយ អោយនៅសល់តិចមែនទែន (ជាពិសេសគែម​ខាង​លើ និងខាងក្រោម) បើធៀបជាមួយ iPad Pro ដែលបានចេញកាលពីឆ្នាំមុន។ ចំនុចចុងក្រោយ ដែលគេបានបង្ហាញ​អោយ​ដឹង​នោះ​គឺថា iPad Pro ជំនាន់ថ្មីនេះ អាចនឹងមានកម្រាស់ស្តើងជាងមុនពី 250.6 x 174.1 x 6.1mm មកនៅសល់ត្រឹមតែ 247.5 x 178.7 x 6mm ប៉ុណ្ណោះ ជាពិសេស គេបានបញ្ជាក់ថា រន្ធសម្រាប់ដោតកាស 3.5mm អាចនឹងត្រូវលុបបំបាត់ចេញ ដូចម៉ូឌែល iPhone ស៊េរីក្រោយផងដែរ។


 


សរុបមកវិញ វាគ្រាន់តែជាចំនុច លេចធ្លាយមួយចំនួន ដែលប្រភពថ្មីនោះបានលើកឡើង ហើយយើងក៏មិនអាចសនិ្នដ្ឋាន បានដែរថា តើវាអាចនឹងដូចទៅនឹងអ្វី ដែលគេបានបង្ហាញនេះ ឬយ៉ាងណានោះដែរ។ យើងជឿជាក់ថា សម្រាប់ការមិនបំពាក់ថ្ងាសឆក រួមជាមួយ​ការ​កាត់បន្ថែមគែមលើ iPad Pro ប្រាកដណាស់ថា អ្នកនឹងពេញចិត្ត ប៉ុន្តែសម្រាប់ការលុបបំបាត់រន្ធដោតកាស ក៏អាចនឹង​មាន​អ្នក​មិន​ពេញចិត្តច្រើនដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: PhoneArena Tag: ថេប្លេត