CAMBO REPORT

Popup Advertising5 seconds

Sony ចេញស៊េនស័រកាមេរ៉ាថ្មី IMX 586 ដែល​មាន​សមត្ថភាព​ចាប់​រូបភាព​ដល់ 48 មេហ្គាភិចស៊ែល!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាមេរ៉ាគឺជាផ្នែកដែលស្មាតហ្វូនគ្រប់ក្រុមហ៊ុនទាំងអស់ ព្យាយាមតម្លើង សមត្ថភាពជារៀងរាល់​ជំនាន់ និង​បង្អួត​គ្នា​រាល់​ពេល​ប្រកាសចេញផងដែរ។ ចុះតើប្រិយមិត្តនៅចាំបានទេថា កាលពីឆ្នាំ ២០១៣ ក្រុមហ៊ុន​យក្ស Nokia បានបញ្ចេញទូរសព្ទ មានកាមេរ៉ាកម្រិតភិចស៊ែលធំកប់បំផុតមួយ និងបន្ដរមកដល់​បច្ចុប្បន្ន​នេះ​ផងដែរ មានទំហំដល់ ៤១ មេហ្គាភិចស៊ែល ដោយបានសហការជាមួយនឹង Carl Zeiss។ កាល​នោះ Lumia ១០២០ ដូចជាកូនម៉ាស៊ីនកាមេរ៉ាមួយអញ្ចឹង មានសមត្ថភាពគួរឲ្យសរសើរមក​ដល់​បច្ចុប្បន្ន​នេះក៏នៅតែជាស៊េនស័រល្អដែរ ពិសេសកម្រិតផុសនៃរូបភាព ដូចជាម៉ាស៊ីនកាមេរ៉ាអាជីព។ ម្យ៉ាងទៀត ស៊េនស័រទំហំ ៤១ មេហ្គាភិចស៊ែលនោះ វានៅតែធំជាងគេមកដល់ឆ្នាំ ២០១៨ នេះផងដែរ ព្រោះ​កាមេរ៉ា Leica នៅលើ P20 Pro មានទំហំត្រឹមតែ ៤០ មេហ្គាភិចស៊ែលប៉ុណ្ណោះ។ ចំណែកពេលនេះវិញ ក្រុម​ហ៊ុន Sony បានទំលាក់ស៊េនស័រ Zeiss ទំហំ ៤១ មេហ្គាភិចស៊ែលនោះបាត់ទៅហើយ ជាមួយនឹងស៊េនស័រ IMX ថ្មីរបស់គេនេះ។


 


ចំពោះស៊េនស័រថ្មីរបស់ Sony នេះវាមានឈ្មោះថា IMX 586 ដែលក្រុមហ៊ុនព្យាយាមផលិតយ៉ាងយក​ចិត្ត​ទុក​ដាក់ទៅលើបច្ចេកទេសនៃការចាប់យករូបភាពរបស់វា ព្រោះវាមានទំហំធំខ្លាំង អញ្ចឹងការចាប់​យក​រូបភាព​ក៏ត្រូវប្រើប្រាស់ច្ចេកទេសទំនើបអមមកជាមួយផងដែរ មិនដូចជាស៊េនស័រដែលទំហំត្រឹម ១២ ទៅ ២០ មេហ្គាភិចស៊ែលនោះទេ។ អញ្ចឹងហើយការផលិតរបស់វា គឺប្រើប្រាស់តាម​លក្ខខ័ណ្ឌផលិត​ដូចទៅ​នឹង​ស៊េនស័រ CMOS របស់ម៉ាស៊ីនថតរូបដែរ។ វាមិនធំណាស់ទេ ជាមួយមានប្រវែង ៨ មីលីម៉ែត្រប៉ុណ្ណោះ និង​មាន​វិមាត្រ ១/២ អ៊ីញ ប៉ុន្តែអាចចាប់រូបភាពក្នុងទំហំ ៨,០០០ x ៦,០០០ ភិចស៊ែល ឬប្រហែល ៤៨ មេហ្គាភិចស៊ែល និងថតវីដេអូកម្រិត 4K បានដល់ល្បឿន ៩០ ហ្វ្រេមក្នុងមួយវិនាទី ឯណោះ ដែលពិត​ជា​គួរឲ្យ​សរសើមែនទែន ប៉ុន្តែវាក៏អាចនឹងត្រូវលះបង់មុខងារ Slo-mo ៩៦០ ហ្វ្រេម/វិនាទីផងដែរ។


 


ទៅលើការថតរូបភាព ស៊េនស័រ IMX 586 នេះវាមានសមត្ថភាពកប់មែនទែនក្នុងពេលបច្ចុប្បន្ន ព្រោះវា​ជា​ស៊េនស័រ ដំបូង ដែលអាចចាប់កម្រិតសាច់ម៉ត់ដល់ទៅ ១.៦ មីក្រូនម៉ែត្រភិចស៊ែលដំបូងគេ ដោយ​កម្រិត​​របស់វានេះ គឺត្រូវបូកបញ្ចូលគ្នាក្នុងទំហំ ០.៨ មីក្រូន + ០.៨ មីក្រូន បញ្ចូលជាទំហំភិចស៊ែលតែមួយ អញ្ចឹងការចាប់កម្រិតភាពច្បាស់ និងការចាប់ភាពល្អិតនៃការផលិតពណ៌ក៏កាន់តែប្រសើរ ដែលក្រុមហ៊ុន​អះអាង​ថា វាចាប់បានច្បាស់ជាង ស៊េនស័រដែលមានទំហំ ១២ មេហ្គាភិចស៊ែលដល់ទៅ ២ ដងឯណោះ ដោយ​លោក​អ្នកអាចពិនិត្យរូបភាព នៃការពង្រីកចូលខាងក្រោមនេះបាន។



រូបភាពខាងលើនេះបញ្ជាក់ថា ទំហំនៃស៊េនស័រ ៤៨ មេហ្គាភិចស៊ែល ប្រៀបធៀបជាមួយនឹងស៊េនស័រ ១២ មេហ្គាភិចស៊ែល គឺចេញលទ្ធផលទំហំរូបភាពធំជាង ៤ ដង និងកម្រិតភាពច្បាស់ទ្វេរដង ម្យ៉ាង​ទៀត​ក្រុមហ៊ុន​ក៏បានសន្យាទៅលើសមត្ថភាពក្នុងការថត កាលៈទេសៈខ្សោយពន្លឺផងដែរ ដោយព្យាយាម​កែ​ច្នៃ​ជាមួយ​នឹង Aperture បន្ថែមទៀត។ អញ្ចឹងទាំងនេះ គឺជាលក្ខណៈសម្បត្តិត្រួសរបស់ Sony IMX 586 ដែលវានឹងអាចប្រើប្រាស់ដំបូងនៅលើ Xperia XZ3 ហើយក្រុមហ៊ុន ក៏អាចនឹងបន្ថែម កាមេរ៉ា ជំនួយ មួយ គ្រាប់ទៀតផងដែរ តាមព័ត៌មានលេចធ្លាយកន្លងមក។ ម្យ៉ាងទៀត ក្រុមហ៊ុន Sony ក៏បើកផ្គត់ផ្គង់​ស៊េនស័រ​កាមេរ៉ា​នេះ ដល់ក្រុមហ៊ុនដទៃផងដែរ ដោយក្នុងមួយគ្រាប់គេដាក់លក់ក្នុងតម្លៃ ៣,០០០ យេន (ប្រហែល ២៧ ដុល្លារ) នឹងចាប់ផ្ដើមចេញលក់នៅក្នុងខែកញ្ញា ខាងមុខនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ