CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុនសាមសុង បើក​វគ្គ​បណ្ដុះ​បណ្ដាល Samsung Tech Institute ជំនាន់​ទី​៥ ដើម្បី​បន្ត​ជួយ​យុវជន​ក្នុង​ការ​បញ្ចេញសក្តានុពល និង​សមត្ថភាព​របស់​ពួក​គេ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ — វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបើកជាផ្លូវការ នៅវិទ្យាស្ថានជាតិពហុ បច្ចេកទេសកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន៨០ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុង ដោយសហការជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជា ក្នុងការបញ្ចេញសក្តានុពល ផ្នែកបច្ចេកវិទ្យា និងដើម្បីដោះស្រាយបញ្ហា កង្វះវិស្វករអេឡិកត្រូនិក នៅប្រទេសកម្ពុជា ដូចជាការជួសជុល និងការថែទាំផលិតផល អេឡិកត្រូនិកដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។

 


ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍ រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តិការផ្តល់សេវា និងផ្គត់ផ្គង់ផលិតផល ក្រុមហ៊ុនសាមសុងតែងតែ បង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍សំរាប់ការអភិវឌ្ឍ ឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែក បណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល និងទេព្យកោសល្យរបស់ខ្លួន ក្នុងការបម្រើជីវភាពខ្លួនឯងផង និងសង្គមជាតិទាំងមូលផង។

 


ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនោះ លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “សម្រាប់សាមសុង នេះគឺជាកិច្ចការដែលមាន សារៈសំខាន់ណាស់ក្នុង ការជួយដល់សង្គម ព្រោះគោលបំណងរបស់យើង មិនមែនផ្ដោតតែលើការ លក់ផលិតផលនោះ មួយមុខនោះឡើយ ពោលគឺយើងក៏ចួលរួម ផ្ដល់ផលប្រយោជន៍ដល់ សង្គមតាមរយ:ការពង្រីកចំណេះដឹង ទៅលើផ្នែកគ្រឿង អេឡិចត្រូនិក។” លោកបានបន្តទៀតថា “យើងរំពឹងទុកថា វគ្គបណ្ដុះបណ្ដាលជំនាន់ទី៥នេះ នឹងបន្តភាពជោគជ័យ របស់យើងក្នុងការផ្ទេរ ចំណេះនិងជំនាញចាំបាច់ ដល់សិក្ខាកាមទាំង ៨០នាក់ ដែលបានចូលរួមក្នុងវគ្គនេះ ហើយសង្ឃឹមជឿជាក់ ថាជំនាញទាំងនេះ នឹងជួយឲ្យប្អូនៗចូលរួម បានកាន់តែច្រើនក្នុងការ អភិវឌ្ឍសង្គមជាតិ និងអនាគតរបស់ខ្លួន។”

 


ឯកឧត្តម បណ្ឌិត ប៊ុន ភារិន នាយកវិទ្យស្ថានជាតិ ពហុបច្ចេកទេសកម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាល Samsung Tech Institute នេះគឺជាឧទាហរណ៍ដ៏ល្អ មួយនៃការចូលរួម របស់វិស័យឯកជនជាមួយ នឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការ បណ្ដុះបណ្ដាលធនធានមនុស្ស ក៏ដូចជាការចូលរួម ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កម្ពុជាផងដែរ ។

 


គួររំលឹកថា Samsung Tech Institute ត្រូវបានបង្កើតឡើងចំនួន ៤ ជំនាន់រួចមកហើយ តាំងពីឆ្នាំ ២០១៤  ដោយបានបណ្ដុះបណ្ដាលសិក្ខាកាមសរុបជិត 300 នាក់ ហើយដែល សិក្ខាកាមទាំងនេះបាននិងកំពុងបន្តចែកចាយចំណេះដឹង របស់គាត់ដល់ប្រជាជនកម្ពុជា រាប់ពាន់នាក់តាមការ បង្ហាត់បង្ហាញក្រៅសាលា ។  ដោយឡែកវគ្គបណ្ដុះបណ្ដាលលើកទី៥នេះ មានសិក្ខាកាមចូលរួមចំនួន ៨០នាក់ដើម្បីសិក្សាលើ ជំនាញជួសជុល ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃ ក្នុងរយៈពេល៣ខែ ។

 

 

គួរកត់សម្គាល់ថា Samsung Tech Institute នេះគឺជាវគ្គបណ្ដុះបណ្ដាលមួយ ដែលពិសេសនិងទំនើប ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះត្រូវបានបំពាក់ដោយ ឧបករណ៍ទំនើបៗ ព្រមទាំងទទួលនូវការប្រឹក្សា យោបល់ពីអ្នកជំនាញ របស់សាមសុងផងដែរ ។

 



ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល សិក្ខាកាមទាំងអស់នឹងត្រូវ ឆ្លងកាត់ការប្រលងបញ្ចប់ការ សិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សឆ្នើមចំនួន៨នាក់ នឹងទទួលបានឱកាសការងារ និងការបណ្ដុះបណ្ដាល ការងារពីបណ្ដាញដៃគូ ក្រុមហ៊ុនធំៗជាច្រើនរបស់ សាមសុងនៅកម្ពុជាផងដែរ៕


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle