CAMBO REPORT

Popup Advertising5 seconds

Google សហការ​ជាមួយ​អង្គការ​សហ​ប្រជា​ជាតិ ក្នុង​ការ​តាម​ដាន​ស្ថានភាព​បរិស្ថាន​បច្ចុប្បន្ន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ អាចនិយាយបានថា បានកំពុងដើរទៅរកចំនុច ដែលមានគ្រោះថ្នាក់ហើយ បើទោះបីជានៅជំនាន់យើង វានៅមិនទាន់អីពិតមែន តែនរណាទៅដឹងអំពី ជោគវាសនារបស់ផែនដី នៅក្នុងរយៈពេល 100 ឆ្នាំទៅមុខទៀត? ការទប់ស្កាត់ ក៏ដូចជាការ ដោះស្រាយបញ្ហា បើអាចធ្វើទៅបាន គួរតែធ្វើ ព្រោះបើពុំមានអ្នក ចាប់ផ្ដើមទេ សួរថាតើនឹងមានមនុស្ស ឬប្រទេសប៉ុន្មានទៅ ដែលខ្វាយខ្វល់ អំពីអនាគត របស់មនុស្សជាតិ? បានជាដូច្នេះហើយ ក្រុមហ៊ុន Google បានចាប់ដៃសហការ គ្នាជាមួយនឹង UN ឬយើងហៅថាអង្គការ សហប្រជាជាតិ ក្នុងការតាមដាន ស្ថានភាពបរិស្ថានផែនដី បច្ចុប្បន្ន។

យោងតាមប្រភព័ត៌មានរបស់ Engadget បានចេញផ្សាយឲ្យដឹងថា ក្រុមហ៊ុន Google បានសហការគ្នាយ៉ាងស្អិតរមួត ជាមួយអង្គការ សហប្រជាជាតិ ដើម្បីធ្វើការតាមដាន ស្ថានភាពបរិស្ថានផែនដី ដោយបង្កើតជាគម្រោង ក្នុងការតាមដានប្រព័ន្ធអេកូ ជុំវិញពិភពលោក។ គម្រោងនេះបានចាប់ ដំណើរការ គិតពីថ្ងៃនេះ តទៅហើយ ដោយវានឹងផ្ដល់នូវ ទិន្នន័យជាក់ស្ដែង អំពីបម្រែបម្រួល នានា ទៅកាន់ប្រទេស ក៏ដូចជាអង្គការផ្សេងៗ ដើម្បីពិនិត្យមើល និងស្វែងរកដំណោះស្រាយ ឲ្យបានឆាប់រហ័ស ក្នុងការទប់ស្កាត់។ ក្នុងនោះលោក Erik Solheim ជាអគ្គនាយក នៃនាយកដ្ឋានបរិស្ថាន របស់អង្គការសហប្រជាជាតិ មានអនុសាសន៍ថា “យើងនឹងអាចធ្វើការ ដោះស្រាយនូវរាល់បញ្ហា បរិស្ថានធំៗ នៅជំនាន់យើងនេះ បើយើងអាចទទួលបាន នូវទិន្នន័យជាក់ច្បាស់ និងពិតប្រាកដ”។

អង្គការសហប្រជាជាតិ ពិតជារីករាយ ដែលបានសហការជាមួយនឹង ក្រុមហ៊ុនបច្ចេកវិទ្យា Google ដ៏ធំមួយ របស់ភពផែនដី ដើម្បីធានាបានថា យើងមានឧបករណ៍ ទំនើបបែប Online ដែលអាចធ្វើការតាមដាន នូវការផ្លាស់ប្ដូរ នៃបរិស្ថានផែនដី ពិសេសតំបន់ ដែលមានការកែប្រែ ខ្លាំងជាងគេ ជាហេតុផ្ដល់ឲ្យយើងនូវ ដំណោះស្រាយល្អមួយ ដែលអាចធ្វើឲ្យផែនដីនេះ មានភាពល្អប្រសើរឡើង។ ជុំវិញគម្រោងនេះ សម្រាប់រយៈពេលខ្លី ដំបូង Google នឹងផ្តោតទៅលើ ប្រព័ន្ធអេកូ ដោយរាប់បញ្ចូល ភ្នំ ព្រៃ តំបន់ដីសើម បឹង និងទន្លេជាដើម ដោយធ្វើការតាមដាន ដោយផលិតចេញ ជាផែនទី រួមជាមួយនឹងទិន្នន័យ នៃការប្រមូលបានជុំវិញ ការប្រែប្រួល រយៈពេលខ្លី និងវែង តាមរយៈការប្រើប្រាស់ បច្ចេកវិទ្យា Massive Parallel Could Computing Technology ដោយអង្គការ ក៏ដូចជាប្រទេសជាច្រើន អាចពឹងផ្អែកទៅលើរូបភាព ដែលថតចេញពី ផ្កាយរណប ក៏ដូចជាផែនទី ដើម្បីទទួលបានដំណឹងជុំវិញ បម្រែបម្រួលនៅក្នុងប្រទេស របស់ខ្លួន។

គួរបញ្ជាក់ផងដែរថា Google ក៏មានចក្ខុវិស័យ សម្រាប់រយៈពេលវែងផងដែរ ដោយផ្ដោតទៅលើការធានាឲ្យបាននូវ គម្រោងមួយ ដែលអាចក្លាយទៅជា Platform ដែលបើកសិទ្ធិឲ្យប្រើប្រាស់ ដោយសេរី ជុំវិញទិន្នន័យបរិស្ថាន របស់ភពផែនដី។ នេះគឺជាដំណឹងល្អ បើទោះបីជាការចាប់ផ្ដើម ដំបូងនេះ វានៅមិនទាន់បើកឲ្យប្រើប្រាស់ ទូលំទូលាយក៏ពិតមែន តែមិនយូរនោះទេ យើងទាំងអស់គ្នា ក៏អាចតាមដាននូវការ បម្រែបម្រួលបរិស្ថាន ក្នុងប្រទេសកម្ពុជា បានផងដែរ ក៏ដូចជាតំបន់ផ្សេងៗទៀត ជុំវិញពិភពលោក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: វិទ្យាសាស្ត្រ