CAMBO REPORT

Popup Advertising5 seconds

មូលហេតុទាំង 3 ធំៗនេះ នឹងធ្វើឲ្យតម្លៃ GPU ធ្លាក់ថ្លៃបណ្ដើរៗ រហូតដល់ស៊េរី GTX 11 ស៊េរីចេញ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បើប្រិយមិត្តនៅក្នុងវិស្ស័យហ្គេម ឌីហ្សាញ ប្រាកដជាបានដឹងច្បាស់អំពីបញ្ហាទីផ្សារ ជុំវិញតម្លៃក្រាហ្វិចកុំព្យូទ័រឡើងថ្លៃមិនធម្មតាកាលពីឆ្នាំ 2017 កន្លងទៅ ដែលរាលដាលមកដល់ឆ្នាំ 2018 នេះផងដែរ ហើយតម្លៃនោះទៀតសោកគឺថ្លៃ ជាងតម្លៃដែល nVIDIA បានលក់ GPU របស់ខ្លួនចូលទីផ្សារទៅទៀត។ មូលហេតុ ដែលធ្វើឲ្យតម្លៃ GPU ឡើងថ្លៃកាលពីលើកមុននោះគឺមានចំនុចតូចៗគួបផ្សំ តែ​អ្វីដែល​ជា​ចំនុច​ធំ​បំផុតនោះគឺ ដោយសារតែមានតម្រូវការ GPU ច្រើនគ្រាប់ ដើម្បីរត់ម៉ាស៊ីន Mining ទៅលើអ្នករកលុយតាមរយៈ Cryptocurrency ធ្វើឲ្យទីផ្សារមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់។


 


ទោះបីជាតម្លៃ GPU ឡើងថ្លៃក៏ពិតមែនមិនថា AMD ឬ nVIDIA នោះទេ តែតម្លៃទីផ្សាររបស់វាបានកំពុងដាំក្បាលចុះបន្តិចម្ដងៗហើយ ដោយមូលហេតុទាំង 3 ខាងក្រោមនេះ៖


nVIDIA អាចនឹងចេញ GTX 11 ស៊េរីខែក្រោយ


ដូចព័ត៌មាន ដែលខេមបូរីផតបានចេញលើកមុនអញ្ចឹង ដែលនិយាយអំពីគម្រោងប្រកាសចេញជាផ្លូវការនូវក្រាហ្វិចកាតជំនាន់ថ្មីរបស់ nVIDIA ដែលក្រុមហ៊ុនតៃវ៉ាន់មួយនេះបានចេញលិខិតអញ្ជើញដៃគូអាជីវកម្មរបស់ខ្លួនបណ្ដើរៗហើយ ដោយរួមអ្នកសាព័ត៌មានជាតិ និងអន្តរជាតិផងដែរ។ នេះគឺជាមូលហេតុគោល ធ្វើឲ្យក្រាហ្វិចកាត 10 ស៊េរី ចាប់ផ្ដើមធ្លាក់ថ្លៃ ហើយតម្រូវការជាក់ស្ដែងនៅពេលនេះ ក៏មានការធ្លាក់ចុះច្រើនផងដែរ។


តម្រូវការ Cryptocurrency អន់ថយច្រើន


ជាការពិតណាស់ការរកប្រាក់តាម Cryptocurrency មានការធ្លាក់ចុះគួរឲ្យកត់សំគាល់ផងដែរ ដោយដំបូងឡើយមាន GPU ជាច្រើន​ត្រូវ​បាន​ទិញ​យក​ពី​ទីផ្សារដោយក្នុងនោះចាប់ផ្ដើមដំបូងគេជាមួយនឹង AMD ហើយក៏បន្តដល់ក្រាហ្វិចរបស់ nVIDIA ជាហេតុធ្វើឲ្យទីផ្សារ​មាន​ការ​កែ​ប្រែខ្លាំង។ យ៉ាងណាក៏ដោយ nVIDIA ក៏បានបញ្ចេញក្រាហ្វិចរបស់ខ្លួនលក់ក្នុងទីផ្សារយ៉ាងច្រើនទៅវិញ ដើម្បីទប់ទល់នឹងការឡើងថ្លៃ ហើយ​មកដល់ពេលនេះ ក្រាហ្វិចបានចុះមកត្រឹមកម្រិតមួយ ដែលអាចទទួលយកបានវិញហើយ និងបានកំពុងចុះថ្លៃបណ្ដើរផងដែរ បើទោះ​បី​ជា​មិនចុះខ្លាំងរហូតឲ្យយើងភ្ញាក់ផ្អើលក៏ពិតមែន តែវាក៏គ្រាន់បើជាងមុនបន្តិចដែរ។


ក្រាហ្វិច 10 ស៊េរីរបស់ nVIDIA នៅក្នុងស្តុកច្រើនពេក


ដូចបានបញ្ជាក់ខាងលើអញ្ចឹង ការបញ្ចេញក្រាហ្វិចកាតច្រើនគ្រាប់ចូលទៅកាន់ទីផ្សារ ក៏មិនប្រាកដថាអាចលក់ដាច់ទាំងអស់ដែរ ខណៈ​តម្រូវ​ការជាក់ស្ដែងតិចជាងចំនួនដែលចេញលក់។ មូលហេតុនេះ បានធ្វើឲ្យ GPU ជាង 300,000 ដើម បានកំពុងជួបបញ្ហា​លក់​អត់​ទាន់​ដាច់ នៅពេល GTX 11 ស៊េរីត្រៀមនឹងចេញ ហេតុដូច្នេះ nVIDIA អាចនឹងប្រើយុទ្ធសាស្ត្រទីផ្សារ លក់បញ្ចុះតម្លៃ ឬមាន Promotion ពិសេសៗ ដែលអតិថិជនខ្លួនអាចទិញក្រាហ្វិចកាតបានក្នុងតម្លៃសមរម្យមួយ។


 


នេះគឺជាមូលហេតុគោលទាំង 3 ដែលកំពុងរុញច្រានទីផ្សារក្រាហ្វិចកាតមានការធ្លាក់ថ្លៃនៅទីផ្សារអន្តរជាតិ ហើយវាក៏អាចជះឥទ្ធិពល​មក​លើ​ទីផ្សារស្រុកខ្មែរយើងបានផងដែរ តែមិនដឹងថាខ្លាំង ឬក៏ខ្សោយមានតែរង់ចាំមើលទាំងអស់គ្នា។ ម្យ៉ាងខេមបូរីផត សូមធ្វើការក្រើន​រំលឹក​ទៅ​ដល់អ្នក ដែលកំពុងអានអត្ថបទព័ត៌មាននេះឲ្យបានដឹងផងដែរថា បើអាចអ្នកគួរតែទុកលុយ ឬសន្សំលុយឲ្យហើយ ត្រៀម​ទិញក្រាហ្វិច​កាតជំនាន់ថ្មីរបស់ nVIDIA ឬ AMD ទៅ ដែលត្រៀមនឹងមកដល់ទីផ្សារនាក្បែៗចុងឆ្នាំ 2018 នេះទៅល្អជាជាងទិញ​ក្រាហ្វិច​កាត 10 ស៊េរី ដែលអាចនឹងមានតម្លៃធូរថ្លៃបច្ចុប្បន្ន ព្រោះក្រាហ្វិចស៊េរីថ្មីវាខ្លាំងជាង តែក៏ថ្លៃជាងបន្តិចដែរ ម្យ៉ាងបើទិញពេល​នេះ​ប្រយ័ត្ន​ខក​ចិត្ត។ យ៉ាងណាក៏ដោយសម្រាប់អ្នកមានថវិកាស្ដួចស្ដើង មិនចាំបាច់ខ្វល់ច្រើននោះទេ អ្នកអាចស្វែងរកក្រាហ្វិចកាត ដែលមានតម្លៃ​សមរម្យ​បាន បើអ្នកពុំមាន ឬពុំចង់ហក់លោតតាមគេមានលុយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Tomshardware Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ