CAMBO REPORT

Popup Advertising5 seconds

MacBook Pro ស៊េរី 2018 ចេញ​ហើយ! ប្រើ CPU ដល់ Core i9, RAM 32GB, SSD ដល់ 4TB ជាមួយ​តម្លៃ​កប់​ពពក

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ស្ងាត់ៗទីបំផុត Apple បានចាប់ផ្ដើមចេញលក់នូវម៉ាស៊ីន MacBook Pro ស៊េរីឆ្នាំ 2018 របស់ខ្លួនហើយ ដោយការ ចេញលើកនេះ អាចនឹងកន្ត្រាក់អារម្មណ៍ អ្នកគាំទ្រម៉ាស៊ីនកុំព្យូទ័រ របស់ Apple បាន ព្រោះវាខុសពីឆ្នាំ 2016 និង 2017 ច្រើនដែរ ដែលខេមបូរីផត នឹងធ្វើការបកស្រាយបន្ថែម ក្នុងអត្ថបទព័ត៌មាននេះ។ ជាទូទៅអ្នកប្រើម៉ាស៊ីន MacBook Pro កម្រនឹងធ្វើការ Upgrade ឬដេញស៊េរី MacBook ណាស់ ព្រោះពីមួយឆ្នាំ ទៅមួយឆ្នាំ Apple បានធ្វើការដុះខាត់ និងកែខៃម៉ាស៊ីនកុំព្យូទ័រ យួរដៃរបស់ខ្លួន បន្តិចបន្តួចប៉ុណ្ណោះ តែឆ្នាំនេះលុយ ជាច្រើនរបស់អ្នក អាចនឹងហោះចេញពីកុង ឬធនាគាររបស់អ្នក ជាក់ជាមិនខាន ព្រោះ Apple លេងធ្ងន់ ទៅលើផ្នែករឹង សម្រាប់ក្ដារនេះ។

MacBook Pro ស៊េរីឆ្នាំ 2018 ក៏មិនខុសពីឆ្នាំរាល់ដែងដែរ គឺមាន 2 ស៊េរីធំៗដូចជា MacBook Pro 13 និង MacBook Pro 15 អាចជ្រើសរើស បានក្នុងកម្រិតទំហំអេក្រង់ 13.3 អ៊ីញ (2569 x 1600) និង 15.4 អ៊ីញ (2880 x 1800) ដោយរូបរាងរចនាបថគឺ ដូចទៅនឹងឆ្នាំ ទៅមិញដែរ តែផ្នែករឹងមាន សមត្ថភាពកាន់តែខ្លាំង ជាមុន វៃឆ្លាតជាងមុន និងរឹតតែមាន សុវត្ថិភាពជាងមុន។

 

អេក្រង់ True Tone

 

ទីបំផុត Apple បានយកអេក្រង់ True Tone ដែលជាបច្ចេកវិទ្យាមានបំពាក់នៅលើ iPhone និង iPad របស់ខ្លួនចូលក្នុងទីផ្សាររបស់ MacBook Pro របស់ខ្លួន ជាលើកដំបូងហើយ។ អេក្រង់នេះ ជួយខ្លាំងមែនទែនសម្រាប់អ្នក ប្រើប្រាស់លើគ្រប់វិស័យ ព្រោះវានឹងធ្វើការកែប្រែពណ៌ ឲ្យសាកសមទៅនឹង ស្ថានការណ៍ជាក់ស្ដែង ឲ្យសមទៅនឹងពន្លឺ ធ្វើឲ្យភ្នែករបស់អ្នក ប្រើប្រាស់ទទួលបាននូវ ភាពងាយស្រួល ទៅលើការទស្សនា លើផ្ទៃអេក្រង់ ពេលកំពុងស្ថិតនៅ ទីកន្លែងជាក់ស្ដែង ដោយការប្រើប្រាស់សេនស័រ។ អេក្រង់នេះទៀតសោត គឺជាប្រភេទ Retina ដដែល តែវាច្បាស់ជាង ភ្លឺជាង និងមានភាពមុត ជាងជំនាន់ទៅមិញ សូម្បីតែអេក្រង់ Touch Bar នៅលើក្ដារចុច ក៏ទទួលបានមុខងារ True Tone នេះដូចគ្នា ពិតជាពិសេសមែនទែន។

ក្ដារចុចជំនាន់ថ្មី

 

Apple បានយល់ច្បាស់អំពីកំហុសឆ្គងមួយចំនួននៅលើម៉ាស៊ីន MacBook របស់ខ្លួនក្នុងរយៈពេល 3 ឆ្នាំកន្លងមកនេះ ចាប់តាំងពី The New MacBook ទំហំ 12 អ៊ីញ ដែលចេញកាលពីឆ្នាំ 2015 មកម្លេះ ទើបបានជាដូច្នេះហើយ Apple បានរៀបចំកម្មវិធី ជួសជុលក្ដារចុចឥតគិតថ្លៃ ដែលជាប្រភេទ Butterfly Switch ជំនាន់ទី 1 និងទី 2 ជូនអតិថិជនខ្លួន កាលពីជាង 2 សប្ដាហ៍ទៅមិញ។ សម្រាប់ក្ដារចុច នៅលើ MacBook Pro 2018 គឺជាក្ដារចុច ដែលប្រើប្រាស់ Butterfly Switch ជំនាន់ទី 3 ថ្មី ដែលចេញមុខមកដោះស្រាយ រាល់បញ្ហា ដែល Apple រងការរិះគន់ពី អតិថិជនរបស់ខ្លួន ដោយវានៅរក្សារចនាបថ គម្លាត កម្ពស់ ក៏ដូចជាទីតាំងនៅដដែល ពិសេសវាមានសម្លេងស្ងាត់ជាងមុន និងងាយស្រួល វាយជាងមុន។

T2 Chip ថ្មី

 

នៅលើ MacBook Pro ជំនាន់ចាស់ ដែលមានសេនស័រស្កេនម្រាមដៃ Apple ប្រើប្រាស់ T1 Chip តែសម្រាប់ MacBook Pro 2018 វិញ Apple ប្រើប្រាស់ T2 វិញម្ដង ជាឈីបប្រើដំបូងគេបំផុត នៅលើម៉ាស៊ីន iMac Pro ហើយវាក៏ធ្លាក់មកដល់ម៉ាស៊ីន ជំនាន់ថ្មីនេះផងដែរ។ T2 ឈីបមិនត្រឹមតែលឿន ជាងមុននោះទេ វាផ្ដោតសំខាន់ផងដែរ ទៅលើប្រព័ន្ធសុវត្ថិភាព របស់ម៉ាស៊ីន ដោយមើលទៅលើ មុខងារ Touch ID, Apple Pay និងមុខងារផ្សេងៗទៀត ថែមទាំងអាចធ្វើការ Encrypt ទៅលើទិន្នន័យក្នុងម៉ាស៊ីន បានទៀតផង ធ្វើឲ្យឯកសាររបស់អ្នក មិនអាចមានអ្នក បើកបាន។

មិនតែប៉ុណ្ណោះឈីប T2 នេះដើរតួយ៉ាងសំខាន់ផងដែរ ទោលើមុខងារវៃឆ្លាត មួយចំនួនទៀត ដែលផ្ដល់ភាពងាយស្រួល ទៅដល់ម្ចាស់ MacBook Pro 2018 ទាំងអស់ ដោយក្នុងនោះ យើងអាចហៅ Siri ដោយពុំចាំបាច់បញ្ជា ប៉ះម៉ាស៊ីន។

 

កម្លាំងយក្ស

 

ត្រូវហើយឆ្នាំនេះកុំព្យូទ័រយួរដៃចេញមកគឺប្រើ CPU ជំនាន់ទី 8 ហើយ MacBook Pro ក៏ដូចគ្នា ដែលវាប្រើប្រាស់ ឈីបរបស់ Intel (Coffee Lake បឹងកាហ្វេ) មាន 3 ជម្រើសសម្រាប់ ជ្រើសរើសគឺ Core i5, Core i7 និងលោតដល់ Core i9 សម្រាប់ម៉ាស៊ីន ប្រភេទលំដាប់។

 

MacBook Pro 13 2018

 

•    ប្រើប្រាស់ CPU Core i5 ឬ Core i7

•    RAM ទំហំ 16GB ជាប្រភេទ LPDDR3 ដដែល (សោកស្ដាយផង)

•    SSD ចាប់ផ្ដើមពី 256GB ឡើងរហូតដល់ 2000GB (តាមទឹកលុយ)

•    ក្រាហ្វិច Intel Iris Plus 640 / 655

•    មានពីរពណ៌គឺ ប្រាក់ និងប្រផេះ

•    ថ្មប្រើបាន 10 ម៉ោង

•    ដំណើការដោយ macOS High Sierra ត្រៀមឡើងទៅ macOS Mojave

 

MacBook Pro 15 2018

 

•    ប្រើប្រាស់ CPU Core i7 ឬ Core i9
•    RAM ទំហំ 16GB / 32GB ជាប្រភេទ DDR4
•    SSD ចាប់ផ្ដើមពី 256GB ឡើងរហូតដល់ 4000GB (តាមទឹកលុយ)
•    ក្រាហ្វិច Intel UHD Graphics 630
•    ក្រាហ្វិច AMD Radeon Pro 555X 4GB / Radeon Pro 560X 4GB
•    មានពីរពណ៌គឺ ប្រាក់ និងប្រផេះ
•    ថ្ម 10 ម៉ោង
•    ដំណើការដោយ macOS High Sierra ត្រៀមឡើងទៅ macOS Mojave

តម្លៃកប់ក្ដោង

 

Apple បើកសិទ្ធិឲ្យអតិថិជនខ្លួនធ្វើការជ្រើសរើសនូវកម្លាំងម៉ាស៊ីន ទៅតាមតម្រូវការជាក់ស្ដែង របស់ខ្លួន ដោយ MacBook Pro 13 មាន 2 ជម្រើស មាន និងគ្មាន Touch Bar តម្លៃចាប់ផ្ដើមពី 1799$ ឡើងទៅ ចំនែក MacBook Pro 15 មាន Touch Bar ទាំងអស់ ដោយតម្លៃចាប់ផ្ដើមពី 2399$ និងឡើងរហូតដល់ 6699$ សម្រាប់មេម៉ាស៊ីន។
ថ្ងៃចេញលក់

 

MacBook Pro 13 និង 15 ស៊េរីឆ្នាំ 2018 ចាប់ផ្ដើមបើកលក់ នៅថ្ងៃនេះតទៅ នៅតាមហាង Apple Store ហើយក៏នឹងមកដល់ស្រុកខ្មែរ យើងឆាប់ៗខាងមុខនេះ ផងដែរ។

 

សរុបសេចក្ដី

 

ខ្ញុំដឹងថានឹងមានមនុស្សមិនតិចនោះទេ ដែលនឹងចាប់ផ្ដើមចំនាយប្រាក់ទិញ យកម៉ាស៊ីន MacBook ស៊េរី 2018 នេះទៅតាមទឹកប្រាក់ ឬតម្រូវការជាក់ស្ដែង ឲ្យសមស្របទៅតាម ការងារប្រចាំថ្ងៃ អាចថានៅទីផ្សារអន្តរជាតិ ពួកគេមានភាពងាយស្រួល ក្នុងការរកប្រាក់ចំនូល ហើយការងារដែល MacBook Pro អាចធ្វើឲ្យរួចរាល់ ឲ្យពួកគេបាននោះ គឺវារហ័ស ចំនេញពេល ថែមទាំងផ្ដល់ភាពងាយស្រួល ជុំវិញបទពិសោធន៍នានា ដែលមិនអាចស្វែងរកបាន នៅលើម៉ាស៊ីន Laptop ដទៃ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់កំពុងតែប្រើប្រាស់ MacBook ចាប់ពីស៊េរី 2015 ឡើង ដែលមាន Specs កប់ មានន័យថាមាន CPU ចាប់ពី Core i7 ក៏ដូចជាមាន GPU ដាច់របស់ nVIDIA ឬ AMD អ្នកគប្បីទុកលុយប្រើការ ផ្សេងទៅល្អជាង បើទោះបី Apple អះអាងថា MacBook Pro 13 ស៊េរី 2018 នៅមានល្បឿនលឿន ជាងស៊េរី 2017 ដល់ទៅ 50% និងម៉ូឌែល 15 ខ្លាំងជាងរហូតដល់ 70% ក៏ពិតមែន តែការប្រៀបធៀបនោះ គឺស្ថិតនៅលើម៉ូឌែលកំពូល នៃម៉ូឌែលនីមួយៗ ដូច្នេះហើយម៉ាស៊ីនរបស់អ្នក ក៏មិនខ្សោយដែរ អាចទុកធ្វើការងារ បានផុយៗតែម្ដង។

យ៉ាងណាមិញសម្រាប់អ្នកនៅមិនទាន់ចូលខ្លួនទៅកាន់ទីផ្សាររបស់ Mac នោះទេ ហើយក៏កំពុងមានគម្រោងទិញ ម៉ាស៊ីន MacBook ដើម្បីធ្វើការងារ ឬសិក្សានោះ អាចពិចារណាបាន ព្រោះវាលឿន ជាងមុន ឆ្លាតជាងមុន មានសុវត្ថិភាពជាងមុន និងមានអេក្រង់ល្អជាងមុន តែក៏ថ្លៃជាងមុន 300-500$ ដែរ បើប្រៀបធៀប Specs កម្លាំងម៉ាស៊ីន ប្រហាក់ប្រហែលគ្នា។ អញ្ចឹង MacBook Pro 2018 គឺជាកុំព្យូទ័រដំបូងគេបង្អស់របស់ Apple ដែលប្រើប្រាស់ឈីប CPU ជំនាន់ទី 8 ដែលមាន Core លោតដល់ 6 ពិសេសមានបច្ចេកវិទ្យា True Tone អមមកជាមួយនឹងឈីប T2 និងក្ដារចុច ដែលប្រើប្រាស់ Butterfly Switch ជំនាន់ទី 3 មានសម្លេងស្ងាត់ជាងមុន តែវាថ្លៃហួសហេតុពេក សម្រាប់ម៉ូឌែលកប់ ដែលប្រើឈីប Core i9 មាន RAM 32GB GPU AMD Radeon Pro 560X និង SSD 4TB មានតម្លៃរហូតដល់ 6699$ ក្នុងមួយគ្រឿង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨
ប្រភព: Apple Tag: កុំព្យូទ័រ